គ្រាប់បាល់ឈ្នះរបស់ Traustason ជួយឲ្យអ៊ីស្លង់ ទៅជួបអង់គ្លេសក្នុងវគ្គ១៦ក្រុម

គ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករបម្រុង Arnor Ingvi Traustason បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់ យកឈ្នះលើក្រុមជម្រើសជាតិអូទ្រីស ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជុំចុងក្រោយនៃពូល F របស់ពួកគេក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីថ្ងៃពុធ ដើម្បីឈានទៅជួបជាមួយនឹងអង់គ្លេស ក្នុងវគ្គ១៦ក្រុមចុងក្រោយនាថ្ងៃទី២៧ ខែមិថុនាខាងមុខ។

Jon-Dadi-Bodvarsson-ft16

ខ្សែបម្រើ Jon Dadi Bodvarsson បានជួយឲ្យក្រុមជម្រើសជាតិអ៊ីស្លង់ មានគ្រាប់បាល់នាំមុខមុននៅនាទី ទី១៨ នាកីឡដ្ឋាន Stade de France ខណៈដែលក្រុមជម្រើសជាតិអូទ្រីស បានជួបការខកចិត្តដោយសារតែការស៊ុតបាល់ប៉េណាល់ទីមិនចូលទីក្នុងតង់ទី១ពីសំណាក់កីឡាករ Aleksandar Dragovic។

កីឡាករបម្រុង Alessandro Schopf បានយកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមជម្រើសជាតិអូទ្រីសនៅដើមតង់ទី២ ប៉ុន្តែ គ្រាប់បាល់ឈ្នះនៅនាទី ទី៩៤របស់ខ្សែបម្រើ Traustason បានធ្វើឲ្យក្រុមរបស់លោក Marcel Koller ធ្លាក់ចេញយ៉ាងឆាប់រហ័សតែម្តង។

ក្រុមជម្រើសជាតិអ៊ីស្លង់ ដែលជាប្រទេសតូចជាងគេបំផុតក្នុងការបង្ហាញខ្លួនក្នុងយុទ្ធនាការដ៏ធំមួយនោះ នឹងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងទីក្រុង Nice ក្រោយពីបញ្ចប់ដោយការឈរលេខ២
ក្នុងពូល បន្ទាប់ពីហុងគ្រី ប៉ុន្តែ ឈរពីលើក្រុមជម្រើសជាតិព័រទុយហ្គាល់។

លោក Heimir Hallgrimsson សហគ្រូបង្វឹករបស់អ៊ីស្លង់ បានឲ្យដឹងថា៖ «ខ្ញុំគិតថា គ្រប់គ្នាដែលបានទស្សនាការប្រកួតនេះ បានដឹងថា វាមានន័យកម្រិតណាសម្រាប់យើង។ យើងចង់លះបង់រាល់អ្វីៗទាំងអស់ដើម្បីឈ្នះ។ យើងពិតជាសំណាងជាច្រើនលើក ប៉ុន្តែ បានបង្ហាញពីស្មារតីដ៏អស្ចារ្យ និងបានខិតខំព្យាយាមយ៉ាងខ្លាំង»៕

ប្រភពព័ត៌មាន៖ Channel News Asia