អៀរឡង់ ឡើងទៅជួបម្ចាស់ផ្ទះបារាំង ខណៈបែលហ្ស៊ិក ទម្លាក់ស៊ុយអែត

ខ្សែប្រយុទ្ធ Robbie Brady បានរកគ្រាប់បាល់បញ្ចូលទីក្នុងរយៈពេល៥នាទីចុងក្រោយ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ បានកត់ត្រាជ័យជម្នះដ៏រំភើបមួយក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិអ៊ីតាលី ក្នុងទីក្រុង Lille កាលពីថ្ងៃពុធ ដើម្បីឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការ Euro ឆ្នាំ២០១៦។

Robbie-Brady-ft16

គ្រាប់បាល់របស់ Brady បានកើតឡើង នៅពេលដែលរូបគេលោតបានតែតបាល់នៅចន្លោះអ្នកចាំទី និងអាជ្ញាកណ្តាលសញ្ជាតិរូម៉ានី Ovidiu Hategan។ ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ត្រូវដណ្តើមឲ្យបានជ័យជម្នះក្នុងការប្រកួតនេះនាកីឡដ្ឋាន Stade Pierre-Mauroy នៅពេលប្រកួតជាមួយនឹងក្រុមអ៊ីតាលី ដែលបានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេចដោយការឈរលេខ១ក្នុងពូល E ហើយពួកគេដណ្តើមបានជ័យជម្នះដែលពួកគេត្រូវការដើម្បីឈានទៅជួបក្រុមម្ចាស់ផ្ទះបារាំង នាថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ស្របពេលជាមួយគ្នានេះ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់កីឡាករ Radja Nainggolan បានជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិស៊ុយអែត ដើម្បីធ្វើឲ្យខ្សែប្រយុទ្ធ Zlatan Ibrahimovic បញ្ចប់អាជីពអន្តរជាតិរបស់គេជាមួយនឹងការទទួលបរាជ័យ។

ខ្សែបម្រើ Nainggolan របស់ក្លិប Roma ដែលចង់បានដោយក្លិប Chelsea បានគ្រប់គ្រងបាល់យ៉ាងល្អពីការបញ្ជូនរបស់ខ្សែបម្រើ Eden Hazard នៅខាងក្រៅតំបន់គ្រោះថ្នាក់ និងបានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៨២។ បច្ចុប្បន្ន ក្រុមជម្រើសជាតិបែលហ្ស៊ិក នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិហុងគ្រី ក្នុងទីក្រុង Toulouse នាថ្ងៃទី២៦ ខែមិថុនា៕

ប្រភពព័ត៌មាន៖ Channel News Asia