ដេ​នី ខ្វាន់ និយម​សិច​ស៊ី​តែ​មិន​ហ៊ាន​សម្តែង​ឈុត​ឆាក​ឱប​ថើប​រោលរាល​លើ​គ្រែ

រាជធានី​ភ្នំពេញ ៖  កញ្ញា​ដេ​នី ខ្វាន់ តារា​សិច​ស៊ី ទើបតែ​បាន​តំណែង​ជា​តួអង្គ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​លើក​ទី​មួយ ។

ដេ​នី ខ្វាន់ ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​បែប​កំប្លែង និង​ភ័យរន្ធត់​រឿង «​ផ្ទះ​ចិញ្ចឹម​ខ្មោច​» របស់​ផលិតកម្ម​«Wonder Film Cambodia»​។ ពិធី​ក្រុង​ពលី​បើក​ដំណើរការ​ថត​ខ្សែភាពយន្ត​នោះ​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ។ ក្នុង​ខ្សែភាពយន្ត​នោះ​ចូលរួម​សម្តែង​ដោយ​តារា​កំប្លែង​នាយ​គ្រឿន​, លោក​ប៊ី​អាយ​ជី​, លោក​ប៉ី​ប៉ី​ឌី​, កញ្ញា​ដេ​នី ខ្វាន់​, លោក Cool Sool, លោក​គឹ​ម សាន និង​កញ្ញា​លីង លីង​ជាដើម ។

ដេ​នី ខ្វាន់ មួយ​រយៈ​ចុង​ក្រោយ​នេះ​មិនសូវ​មមាញឹក​នឹង​ការងារ​សិល្បៈ​ទេ គឺ​មាន​តែ​ការងារ​ជំនួញ​មួយ​ចំនួន​របស់​នាង ។ ចំពោះ​ខ្សែភាពយន្ត​«​ផ្ទះ​ចិញ្ចឹម​ខ្មោច​» ក្លាយជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ដំបូង​ដែល​ដេ​នី ខ្វាន់​ចូលរួម​សម្តែង ដោយ​កន្លង​មក​នាង​ធ្លាប់​សម្តែង​តែ​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ និង​ខ្សែ​រឿង​ភាគ​ប៉ុណ្ណោះ ។ សម្រាប់​រឿង «​ផ្ទះ​ចិញ្ចឹម​ខ្មោច​» ដេ​នី ខ្វាន់ តាំងចិត្ត​ខិតខំ​សម្តែង​ឲ្យ​អស់ពី​សមត្ថភាព ។ ក្នុង​ខ្សែភាពយន្ត​នោះ​ដេ​នី ខ្វាន់ សម្តែង​ជា​តួ​ស្រី​មាន​ចរិត​អង់អាច​ក្លាហាន មិន​ខ្លាច​ខ្មោច បិសាច​អ្វី​ទាំងអស់ ។  «​មិន​មាន​ឈុត​ឆាក​សិច​ស៊ី​ណាមួយ​នោះ​ទេ​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ ហើយ​នាង​ខ្ញុំ​រំពឹង​ថា បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​កន្លង​មក​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព និង​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​នោះ​ទេ ។ លើស​ពី​នេះ​នាង​ខ្ញុំ​មិន​ថត​ឡើយ​រឿង​ណា​ដែល​បញ្ចេញ​ភាព​អាសអាភាស​ពេញ​ផ្ទៃរឿង ឱប​ថើប​បញ្ចេញ​គល់​ទ្រូង​ស្ទើរតែ​ស្រាត គឺ​មិន​ថត​ឡើយ បើ​ទោះបី​នោះ​ជា​ភាពយន្ត ហើយ​មាន​តារា ល្បី​ៗ​មួយ​ចំនួន​គាត់​ហ៊ាន​ថត​ក៏​ដោយ ក៏​នាង​ខ្ញុំ​មិន​ថត​ទេ ព្រោះ​នាង​ខ្ញុំ​ឆើតឆាយ​តែ​ក្រៅ​ឆាក បើ​ក្នុង​លក្ខណៈ​បែប​សម្តែង​គឺ​មិន​ថត​ទេ​នាំ​ឲ្យ​មានការ​រិះគន់ » ។ សម្តី​ដេ​នី ខ្វាន់ ។

តារា​សម្តែង​ជើង​ចាស់​លោក​សែ​ម វិសាល និង​ជា​ចាងហ្វាង​ផលិតកម្ម «Wonder Film Cambodia» ភាពយន្ត​បញ្ជាក់​ថា នេះ​ជា​រឿង​ទី​២​ដែល​លោក​ផលិត​ឡើង​បន្ទាប់​ពី​រឿង «​ប្រាសាទ​អាថ៌​កំបាំង​» ជា​ស្នាដៃ​ទី​មួយ​ដែល​លោក​ផលិត​ក្នុង​ន័យ​ស្ទាបស្ទង់​ទីផ្សារ ។

រឿង «​ផ្ទះ​ចិញ្ចឹម​ខ្មោច​» គ្រោង​ចំណាយ​ទុន​ច្រើន​ដោយសារ​តែ​រឿង​ទាំងមូល​ពាក់ព័ន្ធ​មន្តអាគម អថ័ន ខ្មោច បិសាច និង​តម្រូវ​ឱ្យ​រៀបចំ​ដេ​គ័​រ​ឆាក​ថ្មី​សុទ្ធសាធ ដើម្បី​ឱ្យ​សមជា​ឈុត​ឆាក​ពាក់ព័ន្ធ​នឹង​ខ្មោច បិសាច ។ ចំណាយពេល​ផលិត​រយៈពេល​៦​ខែ​រឿង «​ផ្ទះ​ចិញ្ចឹម​ខ្មោច​» នឹង​ចាក់​បញ្ចាំង​នា​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧​។ រឿង «​ផ្ទះ​ចិញ្ចឹម​ខ្មោច» ចេញពី​ខួរក្បាល និង​ទេព​កោសល្យ​ខ្មែរ មិន​ចម្លង​ពី​បរទេស​ទេ ។

ចំពោះ​ការ​ជ្រើសរើស​នាង​ដេ​នី ខ្វាន់ ចូលរួម​សម្តែង​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ខ្សែភាពយន្ត​រឿង​«​ផ្ទះ​ចិញ្ចឹម​ខ្មោច​» លោក​សែ​ម វិសាល បញ្ជាក់​ថា លោក​បាន​ទាក់ទង​នាង​ឱ្យ​ចូលរួម​សម្តែង​តាំងពី​មុន​ពេល​នាងរង​ការ​រិះគន់​ខ្លាំង​រឿង​ស្លៀកពាក់​សិច​ស៊ី​ម៉្លេះ ។

លោក​សែ​ម វិសាល មិន​ព្រួយបារម្ភ​ខ្សែភាពយន្ត​របស់​លោក​មិន​ទទួល​បានការ​គាំទ្រ​ដោយ​វត្តមាន​ដេ​នី ខ្វាន់​ទេ ព្រោះ​យល់​ថា​វា​គឺជា​រឿង​ពីរ​ផ្សេង​គ្នា ។ ម្យ៉ាង​ដេ​នី ខ្វាន់ បាន​សុំ​ទោស​ជា​សាធារណៈ​រួច​ហើយ ៕