នាង​តុ​ថ្នាក់ថ្នម​ប្តី​សុខចិត្ត​រ៉ាប់រង​ជីវភាព​គ្រួសារ​តែ​ម្នាក់ឯង

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សុខ ចាន់​ធីតា ហៅ​តុ សម្រេច​ឲ្យ​ស្វាមី គឺ​នាយ​ខ្យង​ផ្អាក​អាជីព​សិល្បៈ​ប្រមាណ​កន្លះ​ឆ្នាំ បន្ទាប់​ពី​បាន​ធូរស្បើយ​ពី​ជំងឺ​បេះដូង ។

នាយ​ខ្យង​ត្រូវ​បាន​បញ្ជូន​ភ្លាម​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​ជំងឺ​បេះដូង​កើតឡើង​ទាំង​មិនដឹង​ខ្លួន ហើយ​បន្ទាប់​មក​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ម្តងទៀត​នៅ​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ២០១៦ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​ជំងឺ​ដដែល​នោះ ។

សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាល​ម៉ែ​ត​រយៈពេល​៣​ថ្ងៃ អាការ​ជំងឺ​របស់​នាង​ខ្យង បាន​ធូរស្បើយ និង​ត្រូវ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ។ បន្ទាប់​ពី​ចេញពី​មន្ទីរពេទ្យ អ្នក​នាង​តុ អះអាង​ថា នាង​សម្រេច​ឲ្យ​ស្វាមី​ផ្អាក​អាជីព​រយៈពេល​កន្លះ​ឆ្នាំ​សិន ដើម្បី​ទុក​ពេល​ថែ​ទាំង​សុខភាព ចំណែក​ជីវ​ភាព​​ក្នុង​គ្រួសារ គឺ​អ្នក​នាង​ទទួល​រ៉ាប់រង​ម្នាក់ឯង​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​អ្នក​នាង សុខ ចាន់​ធីតា ហៅ​តុ​ឱ្យ​ដឹង​ថា ស្វាមី​របស់​នាង​បាន​ធូរស្បើយ​ពី​ជំងឺ​ច្រើន​ហើយ បន្ទាប់​ពី​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។ ជំងឺ​របស់​ស្វាមី​នាង​ត្រូវ​យកចិត្តទុកដាក់ និង​ផ្តល់​ការ​លើក​ទឹក ដើម្បី​ឲ្យ​ជំងឺ​អាច​ជា​សះស្បើយ ហេតុនេះ​នាង​សម្រេច​ឲ្យ​ស្វាមី​ផ្អាក​ការងារ​មួយ​រយៈ​សិន ពោល​គឺ​ប្រហែលជា​៥​ទៅ​៦​ខែ ដើម្បី​ទុក​ពេល​ឲ្យ​ថែ​សុខភាព​បាន​ល្អ ។ ក្រុម​គ្រូពេទ្យ​ឲ្យ​ស្វាមី​នាង​តុ​សម្រាក​ការងារ​ត្រឹម​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ការ​ស្រឡាញ់ និង​គិតគូរ​ពី​អាយុជីវិត​ស្វា​មីនោះ​នាង​សម្រេច​ឲ្យ​ស្វាមី​សម្រាក​ឲ្យ​បាន​យូរ​ជាង​នេះ ។

ចំពោះ​ការ​រ៉ាប់រង​ជីវភាព​គ្រួសារ គឺ​នាង​តុ​ទទួល​បន្ទុក​ម្នាក់ឯង ព្រោះ​មិន​ចង់​ឲ្យ​ស្វាមី​ហត់នឿយ​ក្នុងអំឡុងពេល​នេះ​ឡើយ ព្រោះ​នាង​គិត​ពី​ស្វាមី និង​មិន​ចង់​បាត់បង់​ឡើយ ។
អ្នក​នាង​តុ​ឲ្យ​ដឹង​ថា ស្វាមី​នាង​មិន​បានដឹង​ខ្លួន​ថា​មាន​ជំងឺ​បេះដូង​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ស្រាប់តែ​មាន​អាការ​គេង​មិន​លក់ ហើយ​ចាប់ផ្តើម​ធ្វើទុក្ខ​ក្រពះ ឈាន​ដល់​បេះដូង​តែ​ម្តង ។ អាការ​ជំងឺ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ម្តង​ៗ​គឺ​មានការ​រន្ធត់​តក់ស្លុត​ខ្លាំង ខណៈ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​វៀតណាម​អះអាង​ថា នៅ​តែ​មួយ​ម៉ោង​ទៀត​ប៉ុណ្ណោះ​ស្វាមី​របស់​អ្នក​នាង​នឹង​ស្លាប់​បាត់បង់​ជីវិត ។ ក្រោយ​ពី​ចេញពី​មន្ទីរពេទ្យ​វៀតណាម ស្វាមី​នាង​ចូល​សង្គ្រោះ​ម្តងទៀត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​អាការ​ជំងឺ​រើ​ឡើង​វិញ ភ្លាម​ៗ ។ ហេតុ​ដែល​អាការ​ជំងឺ​រើ​ឡើងជា​ថ្មី​នេះ គឺជា​ការ​ធ្វេសប្រហែស ដោយសារ​តែ​ក្រុម​គ្រូពេទ្យ​ហាម​មិន​ឲ្យ​ស្វាមី​នាង​ហូប​ប្រៃ និង​ហឹរ​ខ្លាំង​ឡើយ  តែ​ថ្ងៃ​នោះ​ស្វាមី​នាង​ហូប​ហឹរ ។

អ្នក​នាង​តុ​បាន​ថ្លែងអំណរគុណ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ដែល​បាន​យកចិត្តទុកដាក់​មើលថែ​ជំងឺ​ស្វាមី​នាង​រហូត​បាន​ធូរស្រាល និង​បាន​ណែនាំ​ឲ្យ​ស្វាមី​នាង​ថែទាំ​សុខភាព និង​ត្រូវ​លេបថ្នាំ​រៀងរាល់ថ្ងៃ​តាម​វេជ្ជបញ្ជា ៕