ពិការ​ភ្នែក​បណ្ដោះ​អាសន្ន​​ ក្រោយ​សម្លឹង​​អេក្រង់​ទូរសព្ទ​នៅ​ទី​ងងឹត ដោយ​ភ្នែក​ម្ខាង

​​​​​ទស្សនាវដ្ដី​ពេទ្យ​ New England Journal of Medicine បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា​ មាន​ស្ត្រី​ពីរ​រូប​ជួប​ប្រទះ​ជំងឺ​ “ពិការ​ភ្នែក​បណ្ដោះ​អាសន្ន​ព្រោះ​ស្មាតហ្វូន” ក្រោយ​ពី​ពួក​គេ​សម្លឹង​មើល​អេក្រង់​​ទូរសព្ទ​នៅ​ទី​ងងឹត​ជា​ញឹក​ញាប់។

 

ពិការ​ភ្នែក​បណ្ដោះ​អាសន្ន​​ ក្រោយ​សម្លឹង​​អេក្រង់​ទូរសព្ទ​នៅ​ទី​ងងឹត ដោយ​ភ្នែក​ម្ខាង

 

ស្ត្រី​រង​គ្រោះ​​ម្នាក់​​មាន​វ័យ​ ២២ ឆ្នាំ​ និង​ម្នាក់​ទៀត​វ័យ​​ ៤០​ ​ឆ្នាំ​ ​បាន​ត្អូញត្អែរ​​ពី​ការ​បាត់​បង់​វិស័យ​ចក្ខុ​រហូត​ដល់​ទៅ​ ១៥​ នាទី។ ពួក​គាត់​ទាំង​ពីរ​ត្រូវ​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​ផ្សេងៗ​គ្នា​​រួម​មាន​ ការ​ស្កេន​ MRI រួម​ជា​មួយ​ការ​ពិនិត្យ​បេះដូង។ ​ជា​លទ្ធផល​គ្រូពេទ្យ​មិន​អាច​ស្វែង​រក​ភាព​មិនប្រក្រតី​ណា​មួយ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ពិការ​បណ្ដោះ​អាសន្ន​ឡើយ។

 

​​​​​​​​​ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​ដើរ​ចូល​បន្ទប់​អ្នក​ជំនាញ​ខាង​ចក្ខុ​ ភាព​មន្ទិល​សង្ស័យ​បាន​ដោះ​ស្រាយ។ ពេល​នោះ​វេជ្ជបណ្ឌិត​ Gordon Plant នៃ​មន្ទីរ​ពេទ្យ​ភ្នែក​ Moorfield’s Eye Hospital ទីក្រុង​ London ដែល​ជា​អ្នក​ពិនិត្យ​លើ​ស្ថានភាព​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​បាន​សួរ​សំនួរ​ថា៖ “តើ​អ្នក​ទាំង​ពីរ​​​បានធ្វើ​អ្វី​ មុន​ពេល​ដែល​បញ្ហា​នេះ​បាន​កើត​ឡើង?”

 

ក្រោយ​មក​ទើប​ដឹង​ថា​ស្ត្រី​ទាំង​ពីរ​រូប​នោះ​ បាន​សម្លឹង​មើល​អេក្រង់​ទូរសព្ទ​ដោយ​ភ្នែក​តែ​ម្ខាង​នៅ​​លើ​គ្រែ​សម្រាក​ដែល​ងងឹត​ស្លុប​​​ ​ហើយ​ភ្នែក​ម្ខាង​ទៀត​ត្រូវ​បាំង​ដោយ​ខ្នើយ​កើយ។ នៅ​ពេល​ដែល​ដាក់​ទូរសព្ទ​ចុះ​​ភ្នែក​ដែល​សម្លឹង​ទូរសព្ទ​របស់​ពួក​គេ​មិន​អាច​មើល​អ្វី​ឃើញ​រហូត​ដល់​ ១៥​ នាទី​ ទើប​ដូច​ដើម។ លោក​ Gordon Plant​ បាន​បក​ស្រាយ​ថា​នេះ​ក៏​ព្រោះ​តែ​ភ្នែក​ម្ខាង​ទៀត​ត្រូវ​ចំណាយ​ពេល​រាប់​សិប​នាទី​ដើម្បី​តាម​ទាន់​​ ភ្នែក​ម្ខាង​ទៀត​​ដែល​សម្រប​នឹង​ភាព​ងងឹត។

 

លោក​ Gordon Plant បាន​បន្ថែម​ថា​ ជំងឺ​ពិការ​បណ្ដោះ​អាសន្ន​នេះ​​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នោះ​ឡើយ​ ហើយ​ជំងឺ​នេះ​អាច​ជៀស​ផុត​បាន​ប្រសិន​បើ​សម្លឹង​មើល​ស្មាតហ្វូន​ដោយ​ប្រើ​ភ្នែក​ទាំង​សង​ខាង​នោះ៕

 

ចុច​អាន៖ ​មាន​អាវ​ពោង​សុវត្ថិភាព​ ​​អ្នក​​ប្រើប្រាស់​​ម៉ូតូ​ទៀត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ TheGuardian​​​​​​​​​​​​