លោកស្រីគ្លីនតុន និង​លោក​បារ៉ាក់អូបាម៉ា៖ ពីសត្រូវ​ទៅ​ជា​មិត្ត

លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា គឺជាអ្នកគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុនសំខាន់ជាងគេបំផុតនាពេលបច្ចុប្បន្ន ដែលយុទ្ធនាការឃោសនារបស់លោកស្រីសម្រាប់តំណែងប្រធានាធិបតីកំពុងតែជៀសផុតការទាស់ទែងគ្នានៅក្នុងជួរគណបក្សប្រជាធិបតេយ្យ ហើយកំពុងផ្តោតទៅលើការបោះឆ្នោតធំនៅក្នុងខែវិច្ឆិកា ប៉ុន្តែទំនាក់ទំនងរវាងលោកអូបាម៉ា និងលោកស្រីគ្លីនតុនមិនមែនតែងតែមានភាពស្រុះស្រួលគ្នារហូតនោះទេ។ កាលពីប្រាំបីឆ្នាំមុន លោក និងលោកស្រីមានការប្រជែងគ្នាយ៉ាងខ្លាំង។

វ៉ាសុីនតោន — បន្ទាប់ពីរក្សាអព្យាក្រឹតភាពនៅអំឡុងពេលបោះឆ្នោតបឋម ការបោះឆ្នោត caucuses និងយុទ្ធនាការឃោសនា លោកអូបាម៉ាបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅលើលោកស្រីគ្លីនតុន នៅពេលដែលអ្នកជំនាញផ្នែកនយោបាយបាននិយាយថា លោកស្រីច្បាស់នឹងទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីគណបក្សនៅក្នុងសន្និបាតថ្នាក់ជាតិរបស់គណបក្សនាខែក្រោយ។

លោកប្រធានាធិបតីបាននិយាយថា ការគាំទ្ររបស់លោកគឺផ្អែកលើការវិនិច្ឆ័យរបស់លោកស្រីគ្លីនតុនអំពីបញ្ហានានាពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ និង «ការប្តេជ្ញារបស់លោកស្រីចំពោះតម្លៃជាតិសាសន៍អាមេរិក»។

លោកអូបាម៉ាបានថ្លែងនៅក្នុងវីដេអូយុទ្ធនាការឃោសនាមួយ ដែលត្រូវបានចុះផ្សាយដោយក្រុមរៀបចំយុទ្ធនាការឃោសនាឲ្យលោកស្រីគ្លីនតុនថា «គឺអញ្ចេះ ខ្ញុំដឹងថា ការងារនោះវាអាចនឹងលំបាកប៉ុណ្ណា។ អាស្រ័យហេតុនេះហើយ ខ្ញុំដឹងថា លោកស្រីគ្លីនតុននឹងធ្វើវាឲ្យបានល្អ។ តាមពិតទៅ ខ្ញុំគិតថា គ្មានរណាម្នាក់មានសមត្ថភាពខ្ពស់ដូចរូបគាត់ក្នុងការកាត់តំណែងជាប្រធានាធិបតីទេ»។

លោកបានបន្តថា៖ «ខ្ញុំគាំទ្រលោកស្រី។ ខ្ញុំមានកម្លាំងចិត្តមោះមុត ហើយខ្ញុំត្រៀមនឹងចេញទៅក្រៅ ហើយធ្វើយុទ្ធនាការឃោសនាឲ្យលោកស្រីហ៊ីលឡារី»។

ប្រាំបីឆ្នាំ គឺជារយៈពេលដ៏វែងមួយនៅក្នុងឆាកនយោបាយអាមេរិក។ សេចក្តីអធិប្បាយដ៏មោះមុតរបស់លោកប្រធានាធិបតី គឺមានលក្ខណៈផ្ទុយស្រឡះធ្វើពាក្យពេចន៍គំរោះគំរើយរបស់លោកទៅលើលោកស្រីគ្លីនតុនក្នុងឆ្នាំ២០០៨។ ទំនាស់ផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យនាពេលនោះ គឺមានរវាងសមាជិកព្រឹទ្ធសភាសញ្ជាតិអាមេរិកកាត់អាហ្វ្រិកមកពីរដ្ឋ Illinois និងសមាជិករួមការងារនៅក្នុងសភាមកពីរដ្ឋញូវយ៉ក ដែលជាអតីតស្រ្តីទីមួយជាមួយនឹងបទពិសោធន៍ប្រាំបីឆ្នាំនៅក្នុងសេតវិមានក្បែរស្វាមីរបស់លោកស្រី។

យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០០៨ បានបង្ហាញយ៉ាងច្បាស់ថា សមាជិកគណបក្សប្រជាធិបតេយ្យនឹងតែងតាំងបេក្ខជនប្រធានាធិបតីដែលមានភាពខុសប្លែក និងមិនដែលមានពីមុនមក។ ទោះបីយ៉ាងណាក៏ដោយ អ្នកបោះឆ្នោត និងសមាជិកជាន់ខ្ពស់នៃគណបក្សមិនទាន់បានសម្រេចថាតើ បុរសស្បែកខ្មៅដំបូង ឬស្រ្តីទីមួយ ដែលនឹងត្រូវតស៊ូដើម្បីកាន់តំណែងខ្ពស់បំផុតថ្នាក់ជាតិ ជាមួយនឹងការគាំទ្រពីក្រោយដោយគណបក្សនយោបាយធំមួយ។

នៅក្នុងយុទ្ធនាការឃោសនានៅរដ្ឋ Iowa មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតបឋមបានដំណើរការពេញលេញ លោកអូបាម៉ា បាននិយាយថា លោកស្រីគ្លីនតុនបានបោះឆ្នោត និងនិយាយ «ដូចនឹងលោក George W.Bush» ដែលជាប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋនាពេលនោះ។

លោកបានលាបពណ៌លោកស្រីថាជាអ្នករនុកក្នុងនៃរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលប្រកាន់នយោបាយធូររលុង ហើយនេះបានក្លាយជាស្នូលមួយនៃយុទ្ធនាការឃោសនារបស់លោក។ ផែនការយុទ្ធសាស្រ្តមួយដែលបានបែកធ្លាយមួយពីយុទ្ធនាការឃោសនារបស់លោកអូបាម៉ា បានបង្ហាញពីផែនការផ្តួលលោកស្រីគ្លីនតុននៅក្នុងការបោះឆ្នោតបឋម គឺការអុជអាលលោកស្រីឲ្យ «បង្ហាញនូវចរិតលក្ខណៈមិនសមស្របមួយ»។

ទីប្រឹក្សាមួយចំនួននៃក្រុមទីប្រឹក្សាជំនិតរបស់លោកអូបាម៉ា បានជំរុញឲ្យលោកធ្វើការសង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរគោលជំហររបស់លោកស្រីទៅលើបញ្ហាផ្សេងៗដូចជា ភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលដំបូងឡើយលោកស្រីបានផ្តល់ការគាំទ្រ ហើយបន្ទាប់មកបានប្រឆាំងទៅវិញ ឬការរៀបការរវាងមនុស្សស្រឡាញ់ភេទដូចគ្នា ដែលជាគោលនយោបាយមួយដំបូងឡើយលោកស្រីបានធ្វើការប្រឆាំង ប៉ុន្តែបន្ទាប់មកបែរជាផ្តល់ការគាំទ្រ។

នៅក្នុងឆ្នាំ ២០០៨ លោកអូបាម៉ាបាននិយាយថា លោកមិនមានទំនោរគាំទ្រការរៀបការមនុស្សស្រឡាញ់ភេទដូចគ្នាទេ ទោះបីជាលោកផ្តល់ការគាំទ្រសិទ្ធិស៊ីវិលរបស់មនុស្សស្រឡាញ់ភេទដូចគ្នាក្តី។ តាមពិតទៅ លោកបានធ្វើការផ្លាស់ប្តូរគោលជំហររបស់លោក មុនពេលធ្វើការប្រកាសថា លោកជាអ្នកគាំទ្រការរៀបការមនុស្សស្រឡាញ់ភេទដូចគ្នានៅក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែប៉ុន្មានឆ្នាំបន្ទាប់មកលោកបាននិយាយថា លោកប្រឆាំងនឹងការរៀបការមនុស្សស្រឡាញ់ភេទដូចគ្នាដោយផ្អែកលើហេតុផលសាសនា។ លោកប្រធានាធិបតីអូបាម៉ាបានធ្វើការផ្លាស់ប្តូរគោលជំហរសារជាថ្មីនៅក្នុងឆ្នាំ ២០១២ នៅពេលដែលលោកបានប្រាប់ទៅប្រទេសជាតិទាំងមូលថា លោកបានឆ្លងកាត់ «ការវិវត្ត» មួយទៅលើបញ្ហានេះ ហើយឥឡូវនេះបានគាំទ្រសិទ្ធិរៀបការសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា។

យុទ្ធសាស្រ្តនោះ គឺមានប្រសិទ្ធភាពសម្រាប់លោកអូបាម៉ានាគ្រានោះ នៅស្របពេលដែលលោកបានបន្តយកឈ្នះដាច់លើលោកស្រីគ្លីនតុន មុនពេលសន្និបាតរបស់គណបក្ស។ លោកស្រីបានប្រកាសថា បេក្ខភាពប្រធានាធិបតីរបស់លោកស្រីសម្រាប់ឆ្នាំ ២០០៨ ត្រូវបានបញ្ចប់ នៅក្នុងរយៈពេលជិតប្រាំបីឆ្នាំគត់ មកទល់នឹងថ្ងៃដែលគ្រឹះស្ថាននយោបាយអាមេរិកបានបញ្ជាក់ពីជ័យជម្នះរបស់លោកស្រីពីលើលោក Bernie Sanders ដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont ជាងមួយខែមុននេះ មុនពេលសន្និបាតតែងតាំងរបស់គណបក្សនៅក្រុង Philadelphia។

ឥឡូវនេះ ហាក់ដូចជាយុទ្ធសាស្រ្តឆ្នាំ ២០០៨ របស់លោកអូបាម៉ាប្រឆាំងនឹងលោកស្រីគ្លីនតុនត្រូវបានយកទៅធ្វើតាមដោយគូប្រជែងមកពីគណបក្សសាធារណរដ្ឋ ដែលត្រូវបានរំពឹងទុកនៅក្នុងការបោះឆ្នោតសាកល នោះគឺលោក Donald Trump។

លោក Trump បានធ្វើការបង្ហោះវីដេអូកាលពីថ្ងៃទី១០ ខែមិថុនានៅលើទំព័រហ្វេសប៊ុក ដែលភ្ជាប់ទៅ នឹងការផ្សព្វផ្សាយឃោសនាតាមវិទ្យុរបស់លោកអូបាម៉ានៅក្នុងឆ្នាំ ២០០៨ ជាមួយនឹងឃ្លាដែលសរសេរថា «ខ្ញុំកម្រនឹងយល់ស្របជាមួយនឹងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាណាស់ ប៉ុន្តែលោកពិតជាត្រឹមត្រូវ១០០ភាគរយ អំពីលោកស្រី Hillary Clinton ដ៏អុតត្បាត។ ពិតជាការផ្សព្វផ្សាយឃោសនាដ៏អស្ចារ្យមែន!»។

ការផ្សព្វផ្សាយឃោសនាវាយប្រហារនាគ្រាមុនទៅលើលោកស្រីគ្លីនតុនចំពោះការគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលជាកិច្ចព្រមព្រៀងមួយចុះហត្ថលេខាដោយ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដែលអតីតសមាជិកព្រឹទ្ធសភាលោកអូបាម៉ាបានអះអាងថា «បានធ្វើឲ្យបាត់បង់ការងាររាប់ពាន់នៅរដ្ឋ South Carolina»។ លោកស្រីគ្លីនតុនក៏រងការរិះគន់ពីការបោះឆ្នោតគាំទ្ររបស់លោកស្រីនៅ ក្នុងការបញ្ជូនកងទ័ពអាមេរិកទៅធ្វើសង្រ្គាមនៅអ៊ីរ៉ាក់កាលពីប៉ុន្មានឆ្នាំមុននោះ។ សារពីក្រុមការងាររបស់លោកអូបាម៉ា គឺថាលោកស្រីគ្លីនតុន គឺជា «អ្វីមួយដែលខុសនៅក្នុងឆាកនយោបាយនាពេលបច្ចុប្បន្ន»។

ទោះបីជាមានការប្រើពាក្យសម្តីខ្លាំងក្លានៅអំឡុងពេលយុទ្ធនាការឃោសនាក្តី លោកស្រីគ្លីនតុនបានដកខ្លួនចេញពីការប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ នៅពេលដែលដំណើរឆ្ពោះទៅកាន់សេតវិមានរបស់លោកស្រីត្រូវបានរកឃើញថា មិនអាចទៅរួច។ ហើយបន្ទាប់ពីជំនួបលក្ខណៈឯកជនជាមួយនឹងលោកអូបាម៉ា លោកស្រីបានបន្តក្លាយជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយរបស់លោកនៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសាកល៕

ប្រភពៈ VOA