នគរបាល​បារាំង បដិសេធ​មិនឲ្យ​មាន​បាតុកម្ម​របស់​សហជីព​នៅថ្ងៃ​២៣ មិថុនា

បន្ទាប់ពីមានការរារែក អស់រយៈពេលជាច្រើនថ្ងៃ អាជ្ញាធរបារាំងក្រុងប៉ារីស បានសម្រេចមិនឲ្យមានការធ្វើបាតុកម្ម ដែលក្រុមសហជីពទាំង៧របស់បារាំង បានមានគម្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ទី ២៣ មិថុនា។ មូលហេតុនៃការបដិសេធនេះ គឺមួយផ្នែកដោយសារតែក្បួនបាតុកម្មកាលពីសប្តាហ៍មុន ក្រុមបាតុករបានបង្ករអំពើហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ហើយមួយផ្នែកទៀត ដោយសារនគរបាលបារាំង មានការព្រួយបារម្ភពីបញ្ហាសន្តិសុខ និងសុវត្ថិភាព ស្របពេលដែលបារាំងកំពុងតែរៀបចំការប្រកួតបាល់ទាត់អឺរ៉ូ២០១៦។

ពីរថ្ងៃមកហើយ ដែលអាជ្ញាធរនគរបាលក្រុងប៉ារីស ព្យាយាមចរចាជាមួយក្រុមសហជីពទាំង៧របស់បារាំង ក្នុងការរៀបចំក្បួនបាតុកម្ម ដែលសហជីពមានគម្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែក។ អាជ្ញាធរបារាំង បានសំណូមពរឲ្យបាតុកម្ម ត្រូវរៀបចំឡើង ជាការជួបជុំ នៅតែមួយកន្លែង ដោយមិនចាំបាច់មានការដង្ហែរក្បួនទេ។ ធ្វើដូចនេះ គឺដើម្បីងាយស្រួលដល់ការដាក់កម្លាំងការពារសន្តិសុខ ហើយចៀសវាង ការប្រឈមមុខដាក់គ្នា បង្ករជាអំពើហិង្សា។ មួយវិញទៀត កម្លាំងនគរបាលបារាំង សឹងតែទាំងស្រុង កំពុងជាប់រវល់ ក្នុងការការពារសន្តិសុខ ក្នុងឱកាសប្រកួតកីឡាបាល់ទាត់ទៀតផង ហើយមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីមកដាក់ពង្រាយ ការពារក្បួនបាតុកម្មទេ។

ក៏ប៉ុន្តែ ក្រុមសហជីពទាំង៧ មិនបានត្រូវរូវគ្នា ស្របទៅតាមសំណើររបស់អាជ្ញាធរនគរបាលទេ ហើយនៅតែទាមទារធ្វើការដង្ហែរក្បួនតាមវិថីធំៗនាៗ នៅក្នុងទីក្រុងប៉ារីសដដែល។ ទីបំផុតទៅ អាជ្ញាធរនគរបាលក្រុងប៉ារីស បានសម្រេចហាមឃាត់ មិនឲ្យមានបាតុកម្មតែម្តង ដោយសំអាងថា នគរបាលគ្មានជំរើសអ្វីផ្សេងទេ។

នគរបាល​បារាំង បដិសេធ​មិនឲ្យ​មាន​បាតុកម្ម​របស់​សហជីព​នៅថ្ងៃ​២៣ មិថុនា

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ មិថុនា មហាក្បួនបាតុកម្មមួយបានរៀបចំឡើង ដោយក្រុមសហជីពបារាំង ដើម្បីប្រឆាំងនឹងសេចក្តីព្រៀងច្បាប់ថ្មីស្តីពីច្បាប់ការងារ ដែលរដ្ឋសភាបារាំងកំពុងតែពិភាក្សា។ បាតុកម្មនេះ បានក្លាយជាអំពើហិង្សា យ៉ាងអាម៉ាស ព្រោះក្រុមជ្រុលនិយមដែលជាបាតុករ បានប្រើអំពើហិង្សាទៅលើកម្លាំងនគរបាល ហើយបន្ទាប់មកបានវាយបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ មានដូចជាហាងទំនិញ ធនាគារ និងជាពិសេសមន្ទីរពេទ្យកុមារមួយផងដែរ។

អំពើហិង្សានេះ បានធ្វើឲ្យមតិសាធារណៈ មានការខឹងសម្បារនិងក្រុមបាតុករហិង្សាជាខ្លាំង។ លោកនាយករដ្ឋមន្ត្រី ម៉ានុយអ៊ែល វ៉ាលស៍ បានមានប្រសាសន៍ថា ក្នុងករណីចាំបាច់ ដើម្បីចៀសវាងការប្រើអំពើហិង្សារបៀបនេះទៀត ហើយជាពិសេស ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ អាជ្ញាធរនឹងត្រូវតែបង្ខំចិត្ត ហាមឃាត់ក្បួនបាតុកម្ម។ ចំណែកលោក ប៊ែកណា កាហ្សឺណូវ រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានថ្លែងថា ក្រុមសហជីព ត្រូវតែមានការទទួលខុសត្រូវ ចំពោះអំពើហិង្សាកន្លងមក ហើយសហជីពក៏ត្រូវយល់ ពីការលំបាករបស់អាជ្ញាធរនគរបាល ក្នុងការការពារសន្តិសុខ ក្នុងខណៈដែលអំពើភេរវកម្ម អាចកើតមានឡើងគ្រប់ពេលវេលា ជាពិសេស ក្នុងឱកាសប្រកួតបាល់ទាត់។

យ៉ាងណាក៏ដោយ ប្រធានសហជីពធំៗទាំង២របស់បារាំង បានសំណូមពរចូលជួបលោករដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីទទួលបានការពន្យល់ ស្តីពីការបដិសេធមិនឲ្យធ្វើបាតុកម្ម។ អ្នកនយោបាយបារាំង មួយចំនួន បានឆ្លៀតឱកាសនេះ វាយប្រហាររដ្ឋាភិបាលរបស់លោកហូឡង់ ថាជារដ្ឋាភិបាលឆ្វេងនិយម តែបែរជាមកហាមឃាត់ការធ្វើបាតុកម្មទៅវិញ។ បើគិតពីឆ្នាំ១៩៥៨មក នេះគឺជាលើកទីមួយហើយ ដែលអាជ្ញាធរបារាំង ហាមឃាត់មិនឲ្យធ្វើបាតុកម្ម៕

ប្រភពៈ RFI