ជន​អន្តោប្រវេសន៍​នៅ​រដ្ឋ​កាលីហ្វរញ៉ា​មិន​មាន​បេក្ខជន​ណា​ជា​ជម្រើស​សម្រាប់​តំណែង​ប្រធានាធិបតី​នោះ​ទេ

ប្រជាជនជាច្រើននៅក្នុងរដ្ឋកាលីហ្វ័រញ៉ានិយាយថា ការបោះឆ្នោតបឋមជ្រើសរើសប្រធានាធិបតីគឺមិនដូចអ្វីដែលពួកគេធ្លាប់បានជួបប្រទះកាលពីមុននោះទេ។

ឡូសអេនជេឡេស — បើតាមសម្តីរបស់អ្នកបោះឆ្នោតលើកទីមួយម្នាក់ ឈ្មោះ Monica Burgos បានឲ្យដឹងថា៖ «ក្រុមគ្រួសាររបស់ខ្ញុំមានអារម្មណ៍ច្របូលច្របល់ណាស់លើការសម្រេចចិត្តថាតើត្រូវបោះឆ្នោតឲ្យនរណា ប៉ុន្តែក៏មានការខកចិត្តច្រើនណាស់ដែរ»។

VOA បានតាមដានក្រុមគ្រួសារ Burgos តាំងពីខែធ្នូមកម្ល៉េះ។ ដោយសារគ្រួសារនេះមានទស្សនវិស័យបែបអភិរក្សនិយមលើបញ្ហាផ្សេងៗ ដូចជាការរំលូតកូន និងអាពាហ៍ពិពាហ៍នៃមនុស្សស្រឡាញ់ភេទដូចគ្នាជាដើមនោះ បានធ្វើឲ្យពួកគេបានចុះឈ្មោះជាអ្នកសាធារណរដ្ឋ។ ពីមុន ពួកគេបានជ្រើសរើសបេក្ខជនគណបក្សសាធារណរដ្ឋលោក John Kasich ប៉ុន្តែបេក្ខជនរូបនេះបានលាលែងពីការប្រកួតប្រជែង ធ្វើឲ្យលោក Donald Trump គឺជាបេក្ខជនសាធារណរដ្ឋតែមួយគត់សម្រាប់គណបក្សនេះ។

អ្នកស្រី Maria Elena Burgos ដែលជាជនជាតិអាមេរិកកាត់ម៉ិកស៊ិក បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ច្របូលច្របល់អស់ហើយនៅពេលនេះ ខ្ញុំមិននឹកស្មានថាវាអាចឈានដល់ដំណាក់កាលបែបនេះទេ»។

អ្នកស្រី និងស្វាមីដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអែលសាល់វ៉ាឌ័រ លោក Rene Burgos បានទៅបោះឆ្នោតគ្រប់ការបោះឆ្នោត ចាប់តាំងពីពេលពួកគាត់បានទទួលសញ្ជាតិអាមេរិក។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលលើកនេះ គឺជាការបោះឆ្នោតដ៏តឹងតែងបំផុតសម្រាប់ពួកគាត់។

លោក Rene Burgos បាននិយាយថា «យើងដឹងច្បាស់ណាស់ថា បេក្ខជនប្រធានាធិបតីមួយណាដែលយើងមិនចង់បាន»។

ពួកគេមិនចង់ឲ្យបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump ធ្វើជាប្រធានាធិបតីនោះទេ។

ការសម្រេចជ្រើសរើស

អ្នកស្រី Maria Elena Burgos និយាយថា៖ «នៅពេលអ្នកមិនមានជម្រើសល្អច្រើនទេ ដូច្នេះអ្នកត្រូវតែវិភាគ ថាតើនរណាម្នាក់នៅក្នុងចំណោមបេក្ខជនទាំងនោះនឹងអាចយ៉ាងហោចណាស់ជាជម្រើសដ៏ប្រសើរមួយ ពីព្រោះវាមានការលំបាកខ្លាំង»។

អ្នកស្រីបានសម្រេចថា នឹងបោះឆ្នោតឲ្យលោក Kasich ដោយសារតែឈ្មោះរបស់លោកនៅស្ថិតនៅលើសន្លឹកឆ្នោតនៅឡើយ។ កូនស្រីរបស់អ្នកស្រី ឈ្មោះ Monica សម្រេចចិត្តថា នឹងបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Bernie Sanders បើទោះជាអ្នកស្រីគឺជាប់ឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋក៏ដោយ។

ជនអន្តោប្រវេសន៍ដទៃទៀតជ្រើសយកជម្រើសមួយផ្សេងទៀត។

លោក Le Khac Ly ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមបាននិយាយថា៖ «ខ្ញុំមិនគូសអ្វីទាំងអស់លើសន្លឹកឆ្នោត» ពីព្រោះលោកមានការលំបាកនៅក្នុងការសម្រេចចិត្ត។

លោក Ly ដែលមានគំនិតមិនយល់ស្របនឹងសញ្ចេតនាប្រឆាំងជនអន្តោប្រវេសន៍របស់លោក Trump បាននិយាយថា៖ «ទោះបីខ្ញុំបានចុះបញ្ជីជាអ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ប៉ុន្តែខ្ញុំមិនចូលចិត្តបេក្ខជនទាំងនោះទេ។ ខ្ញុំយល់ស្របថា យើងត្រូវការភាពអភិរក្ស ប៉ុន្តែមិនមែនការអភិរក្សបែបនេះទេ»។

ស្រដៀងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជំនាន់មុនមួយចំនួនដែរ កាលពីមុនលោក Ly បានបោះឆ្នោតឲ្យបេក្ខជនគណបក្សសាធារណរដ្ឋ។ ប៉ុន្តែនៅពេលទាក់ទងនឹងរឿងអន្តោប្រវេសន៍ លោកបាននិយាយថា អ្នកដែលមានទេពកោសល្យ ឬដែលស្វែងរកជីវិតរស់នៅឲ្យប្រសើរឡើង ដូចគ្នានឹងជនភៀសខ្លួនវៀតណាមមួយចំនួន គួរតែមានឱកាសក្នុងការរស់នៅសហរដ្ឋអាមេរិក។ លោកបានថ្លែងថា៖ «អ្នកមិនអាចបិទទ្វារមិនឲ្យមនុស្សគ្រប់ទិសទីក្នុងពិភពលោកចូលមកបានទេ»។

ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជំនាន់ថ្មីមានទំនោរកាន់តែច្រើនទៅរកបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ ដែលក្នុងក៏មានលោក Hugh Tra ដែលជាអ្នកគាំទ្រលោក Bernie Sanders។ ប៉ុន្តែលោកបាននិយាយថា លោកស្រី Hillary Clinton និងលោក Trump គឺជាជម្រើសតែមួយគត់នៅក្នុងការបោះឆ្នោតជារដូវស្លឹកឈើជ្រុះនេះ ហើយលោកនឹងបោះឆ្នោតឲ្យលោកស្រី Clinton។

លោក Tra បាននិយាយថា៖ «ខ្ញុំនឹងបោះឆ្នោតឲ្យ និងគាំទ្រលោកស្រីជាប្រធានាធិបតី។ ទោះបីជា ខ្ញុំមិនយល់ស្របជាមួយលោកស្រីគ្រប់ចំណុចក៏ដោយ ជម្រើសឲ្យមានលោក Donald Trump នៅសេតវិមានគឺពិតជាគួរឲ្យព្រួយបារម្ភ។ លោក Trump បានដឹកនាំយុទ្ធនាការនៅក្នុងទិសដៅមួយ ដែលពុះចែកប្រទេសអាមេរិក»។

ប៉ុន្តែជនជាតិអាមេរិកាំងកាត់ឥណ្ឌាលោក Vishnu Vallatharasn បាននិយាយថា ទស្សនៈរបស់លោក Trump ទៅលើរឿងអន្តោប្រវេសន៍ គឺជារឿងយុត្តិធម៌។

លោក Vallatharasn បានថ្លែងថា «ឪពុកម្តាយរបស់ខ្ញុំ គឺជាជនអន្តោប្រវេសន៍ស្របច្បាប់ នៅពេលដែលពួកគាត់មកសហរដ្ឋអាមេរិក ហើយពួកគាត់បានធ្វើការយ៉ាងខ្លាំងដើម្បីទទួលបានសិទ្ធិជាពលរដ្ឋស្របច្បាប់។ ពួកគាត់បានឆ្លងកាត់ដំណើរការផ្លូវច្បាប់ផ្សេងៗ។ ពួកគាត់បានធ្វើអ្វីគ្រប់យ៉ាងស្របតាមច្បាប់ ហើយពេលនេះពួកគាត់មានសិទ្ធិគ្រប់យ៉ាងក្នុងនាមជាពលរដ្ឋស្របច្បាប់។ ខ្ញុំមិនជឿថា អ្នកដែលមកទីនេះខុសច្បាប់ត្រូវមានមានសិទ្ធិដូចគ្នានឹងអ្នករស់នៅស្របច្បាប់ឡើយ»។

ការសម្លឹងទៅរកការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះ

អ្នកស្រី Maria Elena និងលោក Rene Burgos នៅតែមិនទាន់ច្បាស់ថា ពួកគាត់នឹងធ្វើការសម្រេចយ៉ាងដូចម្តេចនៅក្នុងការបោះឆ្នោតសាកលនាពេលខាងមុខ។

អ្នកស្រី Maria Elena Burgos បានថ្លែងថា៖ «យើងមិនចូលចិត្តលោកស្រីលើចំណុចជាច្រើន ប៉ុន្តែខ្ញុំប្រហែលជានឹងបោះឆ្នោតឲ្យលោកស្រី Hillary»។

ប៉ុន្តែលោក Rene Burgos បាននិយាយថា នៅមានពេលតទៀតសម្រាប់លោក Trump ក្នុងការបញ្ជាក់ថារូបគាត់ជាបេក្ខជនល្អមួយរូប។

លោកបានបន្ថែមថា៖ «ឱកាសនៅតែមានជានិច្ចពីព្រោះលោក Trump មិនមានអាជីពជាអ្នកនយោបាយឡើយ ដូច្នេះលោកមានរឿងត្រូវរៀនសូត្រច្រើនណាស់។ ដូចដែលអ្នកដឹងហើយថា វាងាយស្រួលណាស់ក្នុងការនិយាយថា ខ្ញុំនឹងសាងសង់របងជញ្ជាំង ឬធ្វើឲ្យអាមេរិកអស្ចារ្យ ប៉ុន្តែតើលោក Trump នឹងធ្វើរឿងទាំងនេះដោយរបៀបណាទៅ? លោកត្រូវតែបង្ហាញពីគម្រោងការជាក់លាក់របស់គាត់។

ពួកគេនិយាយថា នៅមានរយៈពេលពីរបីខែទៀតមុនខែវិច្ឆិកាសម្រាប់ការតាមដានបេក្ខជននីមួយៗឲ្យម៉ត់ចត់និងសម្រេចថាតើគួរបោះឆ្នោតឲ្យបេក្ខជនមួយណាក្នុងពេលបោះឆ្នោតខាងមុខនេះ៕

ប្រភពៈ VOA