ភាគី​ជំទាស់​​បង្កើន​សំឡេង​ខ្លាំង​បំផុត មុន​ការ​ធ្វើ​ប្រជាមតិ​របស់​អង់គ្លេស​ទាក់ទង​នឹង​សហភាព​អឺរ៉ុប

ភាគីជំទាស់ក្នុងការសួរដេញដោលមតិគ្នានៅប្រទេសអង់គ្លេស ថាតើប្រទេសនេះ ត្រូវនៅឬត្រូវចេញពីសមាជិកភាពនៃសហភាពអឺរ៉ុបនោះ កំពុងបង្កើនសំឡេងដ៏ខ្លាំងបំផុតលើកចុងក្រោយរបស់ខ្លួន មុនពេលធ្វើប្រជាមតិនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

មេដឹកនាំពីភាគីជំទាស់និងពីភាគីគាំទ្រ បានចូលរួមនៅក្នុងការសួរឆ្លើយដេញចោលមតិគ្នាដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃអង្គារម្សិលមិញ ដែលនៅពេលនោះ ភាគីម្ខាងៗបានចោទប្រកាន់គ្នាទៅវិញទៅមក ថាភាគីម្ខាងទៀត បានប្រើការកុហកនិងការបន្លាច ដើម្បីទទួលបានការគាំទ្ររៀងៗខ្លួន។

ប្រជាជនជាង៤៥លាននាក់ បានចុះឈ្មោះបោះឆ្នោតប្រជាមតិនេះ ហើយលទ្ធផល គ្រោងនឹងត្រូវប្រកាសនៅព្រឹកថ្ងៃសុក្រ។

ទោះបីជាលទ្ធផលចេញមកយ៉ាងម៉េចក៏ដោយ ក៏សេចក្តីសម្រេចថាត្រូវនៅឬត្រូវចេញពីប្លុកសហគមន៍អឺរ៉ុប ដែលប្រទេសអង់គ្លេស បានចូលជាសមាជិកកាលពីឆ្នាំ១៩៧៣នោះ នឹងមានផលប៉ះពាល់ធំធេងទៅលើទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយនៃប្រទេសនេះ ជាមួយនឹងប្រទេសជាសមាជិកដទៃទៀតរបស់សហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកDavid Cameron គាំទ្រការបន្តនៅក្នុងសហភាពអឺរ៉ុប ហើយបានមានប្រសាសន៍កាលពីថ្ងៃអង្គារម្សិលមិញថា ទោះបីជាសហភាពអឺរ៉ុប មិនល្អឥតខ្ចោះក៏ដោយ ក៏«ពលរដ្ឋអង់គ្លេស មិនត្រូវចាកចេញដែរ»។

លោកថ្លែងថា ប្រសិនបើអង់គ្លេសចេញពីប្លុកនេះ នោះប្រទេសជិតខាងរបស់ខ្លួន នឹងធ្វើការសម្រេចចិត្តផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសអង់គ្លេស ដោយមិនចាំបាច់ត្រូវការធាតុចូល (ឬinput) ណាមួយរបស់ពីអង់គ្លេសនោះទេ។

ចំណែក អ្នកដែលគាំទ្រឲ្យអង់គ្លេសចេញពីប្លុកនេះនិយាយថា ការធ្វើបែបនេះនឹងធ្វើឲ្យអង់គ្លេស អាចគ្រប់គ្រងកិច្ចការក្នុងប្រទេសរបស់ខ្លួនផ្ទាល់ បានច្រើនជាងនេះ ជាពិសេសទាក់ទងនឹងគោលនយោបាយអន្តោប្រវេសន៍៕

ប្រភពៈ VOA