អ្នកប្រើថង់ប្លាស្ទិកនឹងត្រូវបន្ថែម៥០០រៀលពីលើថ្លៃទំនិញ

រដ្ឋាភិបាលថានឹងសម្រេចតម្រូវឲ្យអ្នកប្រើប្រាស់ថង់ប្លាស្ទិកត្រូវបង់ប្រាក់បន្ថែម៥០០រៀលពីលើតម្លៃទំនិញមួយថង់ ដោយអះអាងថាដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន។

មន្រ្តីក្រសួងបរិស្ថានបានលើកឡើងបែបនេះក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ូ សូវុធ មានប្រសាសន៍ថាបញ្ហាសំណល់ជាពិសេសថង់ប្លាស្ទិកកំពុងតែកើនឡើងគួរព្រួយបារម្ភ។ លោកថាដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ។ លោកបញ្ជាក់ថាក្នុងសេចក្ដីព្រាងប្រកាសអន្តរក្រសួងនឹងដំឡើងពន្ធលើការនាំចូលថង់ប្លាស្ទិក១០ភាគរយ ហើយអាជីករត្រូវតែបង់ប្រាក់បន្ថែម៥០០រៀលសម្រាប់ការប្រើថង់ប្លាស្ទិកមួយដែលខ្ចប់ទំនិញ។

លោកបន្ថែមថា៖ “ពីមុនគាត់ទទួលថង់ប្លាស្ទិកយើងត្រូវ free គេមិនដែលគិតលុយទេ។ ប៉ុន្តែនៅក្នុងច្បាប់របស់យើងមើលប្រកាស១៧កន្លែង១៧ហ្នឹងយើងសរសេរថាត្រូវតែតំឡើងតម្លៃ៥០០រៀលក្នុងថង់មួយ។ អញ្ចឹងបានន័យថាបើថង់មួយ៥០០ បើគាត់ប្រើថង់៦ អស់៣ពាន់រៀល អញ្ចឹង៣ពាន់គាត់គិតថាច្រើនដែរ ដូច្នេះគាត់ថាយកតែ២បានហើយនេះជាទំលាប់”។

លោកបន្ថែមថាការបន្ថែមតម្លៃនេះជាដំបូងអាចចាប់ផ្ដើមពីកន្លែងសំខាន់ៗដូចជាហាងនិងផ្សារទំនើប ហើយកន្លែងទាំងនោះនឹងចាប់ផ្ដើមប្រើប្រាស់នូវថង់ដែលអាចរលួយដើម្បីកាត់បន្ថយការប៉ះពាល់បរិស្ថាន។

នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ លើកឡើងថាការប្រើប្រាស់ថង់ប្លាស្ទិកក្លាយជាទំលាប់នៅកម្ពុជា ហើយចំពោះការដំឡើងថ្លៃលើការប្រើប្រាស់និងការនាំចូលថង់ប្លាសស្ទិក លោកថាអាចមានប្រសិទ្ធភាពតិចតួចបំផុតក្នុងការកាត់បន្ថយការប្រើប្រាស់។ លោកបន្ថែមថាបើរដ្ឋាភិបាលមានបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនោះ គួរតែកាត់បន្ថយការនាំចូល បង្កើនការផលិតថង់ដែលអាចរលាយសម្រាប់ប្រើប្រាស់ក្នុងស្រុក និងអប់រំពលរដ្ឋឲ្យមានការយល់ដឹងពីផលប៉ះពាល់។

លោកបន្ថែមថាកម្ពុជាយើងហាក់នៅតែមានការប្រើប្រាស់ធនធានក្នុងស្រុកហ្នឹងតិច ប្រើប្រាស់មិនគ្រប់គ្រាន់។ ការនាំចូលទោះបីដំឡើងពន្ធក៏ដោយឬក៏តំឡើងថ្លៃដល់អ្នកទិញក៏ដោយ ក៏ការប្រើប្រាស់ហ្នឹងនៅតែបន្តទៀត អញ្ចឹងការខាត់បង់នៅតែប្រជាពលរដ្ឋដដែល។ អ្នកនាំចូលថង់ប្លាស្ទិកហ្នឹង គេនៅតែមានការចរាចរណ៍លក់នៅក្នុងទីផ្សារហ្នឹងក្នុងតម្លៃមួយដែលមានប្រយោជន៍ដល់គេដដែល អញ្ចឹងវាមិនទាន់ជាដំណោះស្រាយទេ“។

លោក សន ជ័យ បន្ថែមថាសំណល់ថង់ប្លាស្ទិកនេះជាបញ្ហាមួយដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សនិង សត្វ ហើយក៏ប៉ះពាល់ដល់បរិស្ថានទាំងរយៈពេលខ្លីនិងយូរអង្វែង។

បើតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ ACRA Foundation រកឃើញថាអ្នករស់នៅទីប្រជុំជនម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកជាង២០០០ថង់ក្នុងមួយឆ្នាំ ហើយការប៉ាន់ប្រមាណឲ្យដឹងថាថង់ប្លាស្ទិកប្រមាណ១០លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។

ទោះបីជាយ៉ាងណាសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះមានគោលដៅក្នុងការកាត់បន្ថយថង់ប្លាស្ទិកឲ្យបាន៥០ភាគរយក្នុងឆ្នាំ២០១៩និងសម្រេចឲ្យបាន៧០ភាគរយក្នុងឆ្នាំ ២០២៥។ បើតាមមន្រ្តីរដ្ឋាភិបាលការបង់ថ្លៃនៃការប្រើប្រាស់ថង់ប្លាស្ទិកនេះនឹងចាប់ផ្ដើមអនុវត្តឲ្យបាននៅក្នុងឆ្នាំ ២០១៦៕

ប្រភពៈ VOD