ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​តែ​ក្រាញ​ននៀល​តវ៉ា ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា

ពលរដ្ឋខ្មែរអាមេរិកាំង ដែលមិនពេញចិត្តនឹងរបបដឹកនាំដោយលោក ហ៊ុន សែន នៅតែបន្តធ្វើបាតុកម្មជាហូហែរ ដើម្បីរក្សាក្តីសង្ឃឹមថានឹងមានការផ្លាស់ប្ដូរមួយនៅក្នុងប្រទេសកម្ពុជា។

វ៉ាស៊ីនតោន — ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន អះអាងថា ពួកគេ នៅតែក្រាញននៀលតវ៉ាទាមទារ រហូតដល់មានការផ្លាស់ប្ដូរការគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដោយពួកគេ លើកឡើងថា រដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន មិនអាចធ្វើឲ្យប្រទេសជាតិរីកចម្រើននិងប្រជាពលរដ្ឋបានសុខនោះទេ។

លោក ម៉ុយ ធួរ ឆ្នាំនេះ មានអាយុ៨៨ឆ្នាំទៅហើយ ប៉ុន្តែ លោកនៅតែដើរចូលរួមតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុងការតវ៉ាចុងក្រោយមួយរបស់ពលរដ្ឋខ្មែរអាមេរិកាំង នៅខាងមុខវិមានសភាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ លោក ម៉ុយ ធួរ ដែលមានស្រុកកំណើតនៅខេត្តសៀមរាប មានប្រសាសន៍ថា លោកនៅតែខ្នះខ្នែង តស៊ូ ចូលរួមធ្វើបាតុកម្ម ដើម្បីអ្វីមួយដែលលោកហៅថា «អនាគត» ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា។

«ខ្ញុំសង្ឃឹមថា នឹងមានលទ្ធផលទៅថ្ងៃក្រោយ ពីព្រោះជនជាតិអាមេរិក គេក៏បានគាំទ្រយើង។ គេនឹងជួយយើង ទៅមុខទៀត ដើម្បីឲ្យខ្មែរយើង បានសន្តិភាព»។

ថ្វីត្បិតតែលោក ម៉ុយ ធួរ មិនប្រាកដថា លោកនឹងអាចនៅមានជីវិតរស់នៅ រហូតដល់ឃើញការផ្លាស់ប្ដូរមួយក៏ដោយ ក៏លោកអះអាងថា លោកនឹងនៅតែចូលរួមទាមទារឲ្យមានការផ្លាស់ប្ដូរមួយដែរ។

«បើអស់លោក ប្រទេសធំៗគេជួយយើង ខ្ញុំសង្ឃឹមថា អាចនឹងមានការផ្លាស់ប្តូរបាននៅប្រទេសកម្ពុជាយើងសព្វថ្ងៃ ផ្លាស់ប្តូររបប ហ៊ុន សែន ដែលកាន់អំណាចផ្តាច់ការ ធ្វើបែបប្រជាជនខ្មែរសព្វថ្ងៃ»។

ដូចលោក ម៉ុយ ធួរដែរ លោកស្រី នីណា មីន ដែលបានធ្វើដំណើរតាមរថយន្តVan ពីរដ្ឋមីនីសូតាជាមួយពលរដ្ឋខ្មែរអាមេរិកាំង២៤នាក់ទៀត មកចូលរួមបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះដែរ បានថ្លែងថា៖

«ប្រសិនជាលោក ហ៊ុន សែន នៅស្រុកខ្មែរកាន់តែយូរ ស្រុកខ្មែរ កាន់តែរលាយ ដោយសារហេតុអី? You know, អត់ចេះការពារទឹកដី អត់ចេះការពារប្រជាជនខ្លួនឯង និងអត់ចេះ ធ្វើម៉េចកុំឲ្យមានភាពពុករលួយ»

អស់ពេលជាច្រើនឆ្នាំមកហើយ ពលរដ្ឋខ្មែរអាមេរិកាំង ដែលមិនពេញចិត្តរបបដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញាប់តែងតែនាំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងរូបលោក និងស្វះស្វែងរកអន្តរាគមន៍ផ្សេងៗ ដើម្បីបញ្ចប់ការគ្រប់គ្រងរយៈពេលជាង៣០ឆ្នាំ របស់លោកនាយករដ្ឋមន្ត្រីខ្មែររូបនេះ។

លោក យ័ប គឹមទឹង គឺជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ ដែលបានដឹកនាំបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែនជារឿយៗ។

«យើងខំកែ ដើម្បីជួយប្រជាជនខ្មែរ។ ដោយសារតែរដ្ឋាភិបាលយើង បំពានសិទ្ធិមនុស្សហ្នឹង យើងឃើញថាវាមិនល្អសម្រាប់ស្រុកខ្មែរ បានជាយើងចេះតែទាមទារឲ្យចរិតហ្នឹងកែ។ បើថាមិនកែទេ ប្រជាជនខ្មែរ អត់មានចំណេញទេ»។

ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងសហរដ្ឋអាមេរិក មានចំនួនយ៉ាងតិច៣សែននាក់។ ពួកគេភាគច្រើនរស់នៅក្នុងរដ្ឋចំនួន៥ គឺ កាលីហ្វញ៉ា ម៉ាសាឈូសិត វ៉ាស៊ីនតោន ផែនស៊ីវេនៀ និងរដ្ឋតិចសាស់។ នេះបើយោងតាមតួលេខឆ្នាំ២០១៥ របស់មជ្ឈមណ្ឌលដើម្បីវឌ្ឍនភាពអាមេរិកឬCenter for American Progress។

លោក យ័ប គឹមទឹង នៃអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា តាមរយៈសំឡេងពលរដ្ឋខ្មែរអាមេរិកាំងនេះ លោកជឿថា អ្នកនយោបាយអាមេកាំង នឹងអាចពិចារណា ធ្វើតាមការទាមទាររបស់ពួកគេបាន។

«ប្រទេសអាមេរិក មានតម្លៃ។ ទាល់ពេលយើងទាក់ទងតាមពួកហ្នឹង ពួកហ្នឹង អាចបានសន្លឹកឆ្នោតពីប្រជាជនខ្មែរអាមេរិកាំងដែរ គេនឹងស្តាប់យើងខ្លះ »។

នៅក្នុងការតវ៉ាចុងក្រោយបំផុតរបស់ពលរដ្ឋខ្មែរអាមេរិកាំងនេះ ពួកគេ បានស្នើឲ្យសភាអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការទូតទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយទាមទារឲ្យសភា បង្កើត«ក្រុមទាក់ទងកម្ពុជា» ដើម្បីធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហើយនឹងការផ្ទេរអំណាចដោយសន្តិវិធី នៅក្នុងប្រទេសកម្ពុជា។

លោក ទូច វិបុល គឺជាមេដឹកនាំពលរដ្ឋខ្មែរ អាមេរិកាំងទាំងនេះម្នាក់ទៀត។

«វាក្យខណ្ឌមួយនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ហ្នឹង គេបានបញ្ជាក់ហើយថា ប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹង មានកាតព្វកិច្ចតាមឃ្លាំមើលការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងការវិវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដូច្នេះ បានជាយើងជំរុញឲ្យក្រុមទាក់ទងកម្ពុជានេះ បង្កើតឡើង ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រទេសបារាំង ប្រទេសជប៉ុន និងប្រទេសឥណ្ឌូណេស៊ី ដែលប្រទេសទាំងអស់នេះ សុទ្ធសឹងតែជាសមាជិកនេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បាទ »។

ឆ្លើយតបទៅនឹងការទាមទាររបស់ពលរដ្ឋខ្មែរអាមេរិកាំងទាំងនេះ ក្រុមសមាជិកសភាអាមេរិក ដែលដឹកនាំដោយលោក Alan Lowenthal បានធ្វើសេចក្ដីស្នើសេចក្ដីសម្រេចមួយ ដើម្បីគាំទ្រការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជានិងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ឈប់ការយាយីនិងការគំរាមកំហែងបក្សប្រឆាំង។

«ជំហានដំបូងនិងជាជំហានដែលសំខាន់បំផុតដែលយើងអាចធ្វើបាននៅពេលនេះ គឺ អនុម័តសេចក្ដីសម្រេចចិត្តទាក់ទងនឹងកម្ពុជា ដែលលើកឡើងថា មិនមានលទ្ធិប្រជាធិបតេយ្យនៅក្នុងកម្ពុជា ការមិនអាចធ្វើបាតុកម្មបាន ការមិនអាច និយាយអ្វីបាន ហើយថា សភា គាំទ្រការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ហើយ អំពាវនាវឲ្យរដ្ឋាភិបាលហ៊ុន សែន កុំឲ្យវាយប្រហារគូបដិបក្ខនយោបាយរបស់ខ្លួន»។

ថ្លែងទៅកាន់អ្នកគាំទ្រក្នុងដំណើរទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរអាមេរិកាំង ចូលរួមគាំទ្រសេចក្ដីសម្រេចរបស់សភាអាមេរិកនេះ។

«ហើយយើងត្រូវតែជួយជំរុញយ៉ាងម៉េច ឲ្យសហរដ្ឋអាមេរិកហ្នឹង គឺប្រើឥទ្ធិពលរបស់ខ្លួនមកជួយស្តារប្រទេសកម្ពុជា»។

តែទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា លោកមិនខ្វល់នឹងការដាក់ទណ្ឌកម្ម តាមរយៈការកាត់ផ្ដាច់ជំនួយណាមួយពីប្រទេសលោកខាងលិចនោះទេ រួមទាំងសហរដ្ឋអាមេរិកនេះផងដែរ។

«សូមអ្នកដទៃកុំគំរាមកម្ពុជា។ រឿងអីអាងកាត់ ចង់កាត់កាត់ទៅ។ សូមប្រាប់ឲ្យច្បាស់ ឲ្យសារឲ្យច្បាស់ ងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល ដែលស៊ីប្រាក់ខែបរទេស។ អ្នកឯង កុំមកពន្យុះខ្ញុំ កុំមកគំរាមខ្ញុំហា៎!»។

លោកនាយករដ្ឋមន្ត្រីខ្មែរ ដែលកាន់អំណាចជាង៣ទសវត្សមកហើយនេះ ក៏ត្រូវបានរាយការណ៍ថា គ្រោងនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុននេះទៀត៕

ប្រភពៈ VOA