យ៉ែម ស្រី​ពេជ្រ ទើប​ក្ដាប់​បាន​តំណែង​តួ​ឯក​

ឆ្លង​កាត់​ការ​សម្ដែង​​ច្រើន​រឿង​កន្លង​មក​ យ៉ែម ស្រី​ពេជ្រ​ ប្រាប់​ថា ​មិន​ដែល​បាន​តំណែង​តួ​ឯក​ឡើយ តែ​ថ្មីៗ​ដោយសារ​មើល​ឃើញ​សមត្ថភាព​ពី​អ្នក​ដឹក​នាំ​ នាង​ទើប​​ក្ដាប់​បាន​ឱកាស​សម្ដែង​តួ​ឯក​ក្នុង​រឿង​ភាគ​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។

 

ស្រីពេជ្រ ថ្លែង៖ “ចាស​បង…ទើប​ទទួល​ថត​រឿង​ថ្មី​ ហើយ​រឿង​ហ្នឹង​ខ្ញុំ​ជា​តួ​ឯក។ នេះ​លើក​ដំបូង​ហើយ ​តាំង​ពី​ចូល​សិល្បៈ​មក​ បាន​ឱកាស​សម្ដែង​តួ​ឯក​ហ្នឹង​គេ និយាយ​រួម​ទៅ​សប្បាយ​ចិត្ត​ និង​ភ្ញាក់​ផ្អើល​ណាស់​បង”។

 

យ៉ែម ស្រី​ពេជ្រ ទើប​ក្ដាប់​បាន​តំណែង​តួ​ឯក​

 

ជុំវិញ​វិស័យ​សិល្បៈ​នាង​ប្រាប់​ថា​ ចុង​ឆ្នាំ​២០១៥​ និង​ដើម​ឆ្នាំ​នេះ​ នាង​ទទួល​ថត​រឿង​បាន​ច្រើន​ជាង​មុន។ ទន្ទឹម​នឹង​បាន​ឱកាស​សម្ដែង​តួ​ឯក​​ក្នុង​រឿង​ភាគ​ថ្មី​នេះ ​នាង​​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នឹង​ខិតខំ​ព្យាយាម​សម្ដែង​ឲ្យ​បាន​ល្អ​ ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ជាង​មុន​ពី​សំណាក់​ប្រិយ​មិត្ត។​
​​
“ពេល​ដែល​ខ្ញុំ​សម្ដែង​រឿង​មុនៗ​ នៅ​ស្ទើរ​ ដូច​លេង​មិន​សូវ​ដល់​ម៉េច​ទេ​បង ចំណែក​រឿង​ថ្មី​នេះ​ខ្ញុំ​សម្ដែង​បែប​តួ​ចរិត​ប្រុស​ ដើរ​វាយ​គេ​វាយ​ឯង យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ដាក់​ចិត្ត​ដាក់​កាយ ​ខំ​ធ្វើ​យ៉ាង​ណា​សម្ដែង​ឲ្យ​បាន​ល្អ​សម្រាប់​រឿង​ថ្មី​នេះ​បង”។

 

តួ​ឯក​ស្រី​ក្នុង​រឿង “កូន​ក្រមុំ​លោក​មេឃុំ” បញ្ជាក់៖ “សម្រាប់​ខ្ញុំ​ មិន​សំខាន់​ថា​តួ​ឯក ​ឬ​តួរង​ទេ​បង តួ​ណា​ក៏​សំខាន់ ​ព្រោះ​សុទ្ធ​តែ​ជា​ផ្សំ​នៃ​រឿង​ទាំង​មូល​ ដែល​មិន​អាច​ខ្វះ​គ្នា​បាន”៕

 

អត្ថបទ៖ ថា ម៉ាលីដា