​ពិតជា​យកជីវិត​​មកលេង​សើច​មែន​

ខេត្ត​កែប ៖ ដោយសារ​តែ​ជិះ​ម៉ូតូ​ស៊េរី​ទំនើប ហើយ​ម្នាក់​ៗ​ចង់​បង្អួត​ពី​ឥទ្ធិពល​នៃ​ការ​បើកបរ​របស់​ខ្លួន​ឱ្យ​គេ​មើល​ថា ខ្លួន​អស្ចារ្យ​នោះ​ស្រាប់តែ​ជួប​ហេតុការណ៍​គ្រោះថ្នាក់ ដោយ​ម៉ូតូ​កៀរ​គ្នា​ដួល​បណ្តាល​ឱ្យ​សិស្ស​២​នាក់ បណ្តាល​ឱ្យ​រង​របួល​ស្រាល​ម្នាក់ និង​ធ្ងន់​ម្នាក់​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ករណី​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៦ ស្ថិត​នៅ​កំណាត់​ផ្លូវ​លេខ​៣៣ ត្រង់​ចំណុច​​ផ្លូវ​កោង​ខាងលិច​ប្រេងឥន្ធនៈ LHR ចម្ងាយ​៣២​ម៉ែត្រ ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ។

ប្រភព​ចរាចរណ៍​នគរបាល​ក្រុងកែប​បានឱ្យ​ដឹង​ថា សិស្សសាលា​សង្កាត់​ព្រៃធំ​ពីរ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ជែង​គ្នា​នៅ​ចំណុច​ផ្លូវ​កោង​បណ្តាល​ឱ្យ​កៀរ​គ្នា​ដួល រង​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ។ ម៉ូតូ​ដែល​បើក​ពីមុខ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF-2983 បើក​ដោយ​សិស្ស​ឈ្មោះ​កែវ រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក MSX បើកបរ​ដោយ​សិស្ស​ឈ្មោះ​ផែង សា​វ៉ែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បើក​ពីក្រោយ ក្នុង​ទិស​ស្របគ្នា​ពី​កើត​ទៅ​លិច ។

លុះដល់​ចំណុច​កើតហេតុ ម៉ូតូ​ម៉ាក​MSX ដែល​បើក​ពីក្រោយ​បាន​វ៉ា​ម៉ូតូ​ម៉ាក​សេ​១២៥ ដោយ​វ៉ា​មិន​ផុត​ក៏​កៀរ​ម៉ូតូ​សេ​១២៥ ដួល​បោក​ក្បាល បណ្តាល​ឱ្យ​អ្នក​ជិះ​រង​របួសធ្ងន់ ។ ចំណែក​អ្នក​បើក​ម៉ូតូ​ម៉ាក​MSX​រង​របួសស្រាល ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​ទាំង​២​នាក់​។

ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើការ​វាស់វែង​រួច ក៏​បា​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ចរាចរណ៍​នគរបាល​ក្រុង ដើម្បី​រង់ចាំ​អាណាព្យាបាល​សិស្ស​ចូល​ទៅ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។