បើក​កិច្ចប្រជុំ​ពិនិត្យមើល លទ្ធផល​សកម្មភាព​ការងារ​មន្ត្រី​សង្ឃ​ទូទាំង​ស្រុក​កោះធំ​

បើក​កិច្ចប្រជុំ​ពិនិត្យមើល លទ្ធផល​សកម្មភាព​ការងារ​មន្ត្រី​សង្ឃ​ទូទាំង​ស្រុក​កោះធំ​



កណ្ដាល ៖ នៅសាលា​អនុគណ​(​អនុ​គន់​)​ស្រុក កោះធំ ខេត្តកណ្តាល បាន​បើក​កិច្ចប្រជុំ​ពិនិត្យមើល លទ្ធផល​សកម្មភាព​ការងារ​មន្ត្រី​សង្ឃ​ទូទាំង​ស្រុក​កោះធំ ក្នុង​ការងារ​ជួយ​សង្គម និង ពង្រឹង​តួនាទី​ភារកិច្ច​ព្រះចៅ​អធិការ​វត្ត ស្របតាម​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី២១ ឆ្នាំ២០១៦។

ព្រះ​វិសុទ្ធិ​បញ្ញា ព្រះមហា​ស៊ិន ម៉ាប់ ព្រះ​អនុគណ (​ព្រះ​អនុ​គន់​)​ស្រុក កោះធំ ខេត្ត កណ្ដាល មាន​សង្ឃដីកា​ថា ព្រះពុទ្ធសាសនា គឺ ជា​សាសនា​របស់​រដ្ឋ ហើយ​ភិក្ខុសង្ឃ​គឺជា​តួអង្គ​ដ៏​ល្អ​តែមួយគត់​ដែល​ប្រកាន់យក​ធម៌​វិន័យ​តាមច្បាប់​របស់​ព្រះសម្មាសម្ពុទ្ធ នៃ​យើង។ ម្យ៉ាងវិញទៀត​ភិក្ខុសង្ឃ ក៏​ជា​ស្រែបុណ្យ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ភិក្ខុសង្ឃ​ត្រូវ​ប្រតិបត្តិ​ធម៌​វិន័យ អត្ត​ចរិត ឲ្យ​សាកសម​ជា​ភិក្ខុសង្ឃ​ល្អ​ឆ្លើយ​តប​ទៅ និង ការ​គោរព​ប្រតិបត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ជំនឿ​ទំនៀមទម្លាប់​ខ្មែរ មាន​តាំងពី​បុរាណកាល​មក។

ព្រះ​វិសុទ្ធ​បញ្ញា ព្រះ​មហា ស៊ិន ម៉ាប់ បាន​បន្ថែម​ថា យោង​តាម​សេចក្ដីប្រកាស​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី ២១ ឆ្នាំ ២០១៦ ជា​ខ្សែបន្ទាត់​មួយ​ជួយ​តម្រង់​ទិស​ដល់​ភិក្ខុសង្ឃ​ទាំងអស់​ឲ្យ​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន ស្របតាម​កម្មវិធី​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ទន្ទឹម និង ការ​អប់រំ​ណែនាំ​ពុទ្ធបរិស័ទ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ជួយ​ដល់​សង្គមជាតិ ជួយ​ជន​ក្រីក្រ​គ្មាន​ទីពឹង​ឲ្យ​ទទួល​បាន​អាហារ​ហូបចុក​សមរម្យ​នោះ ភិក្ខុសង្ឃ​ជាពិសេស​ព្រះចៅអធិការ​វត្ត​ក៏​មាន​ភារកិច្ច​គ្រប់គ្រង​ថែរក្សា គរុ​ភ័​ណ្ឌ​វត្ត គ្រប់គ្រង​ភិក្ខុ សាមណេ​ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ធ្វើការ​បណ្ដុះបណ្ដាល​ធនធាន បព្វជិត គ្រប់​កម្រិត​ដើម្បី​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​អោយមាន​ការរីកចម្រើន​ទាំង​បច្ចុប្បន្ន និង ទៅ​ថ្ងៃ​អនាគត។

នៅ​ក្នុង​ឱកាស​នោះ​ព្រះ​អនុគណ ស្រុក កោះធំ បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ភិក្ខុសង្ឃ​ទាំង ៣៥ វត្ត ដែល​មាន​បំណង​កសាង​សមិទ្ធផល​ក្នុង​វត្ត​ក្រោម​ការ​ជួយឧបត្ថម្ភ​នៃ​សទ្ធា​ជ្រះថ្លា របស់​ពុទ្ធបរិស័ទ ក្នុង​ន័យ​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ភិក្ខុសង្ឃ និង គណៈកម្មការ​វត្ត​នីមួយៗ​ក្នុងស្រុក កោះធំ ត្រូវ​មក​ពិភាក្សា​ជាមួយ ព្រះ​មេគណ​(​គន់​)​ស្រុក និង ខេត្ត កណ្ដាល ជាមុន​ដើម្បី​ទទួល​បាន​គំរូ​ប្លង់​មេ ក្នុង​ការ​កសាង​វត្ត​ខ្មែរ ដោយ​សង់​តាម​បទដ្ឋាន រចនាបថ​ខ្មែរ ជៀសវាង​សង់​ពេញទី​ធ្លា​ដី​វត្ត ហើយ​សំណង់​ទាំងនោះ​គ្មាន​គុណភាព គឺ​ត្រូវ​វាយចោល​រាល់ៗ​ឆ្នាំ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា ពុទ្ធបរិស័ទ មិន​ចប់​មិន​ហើយ​នោះ។

ក្នុងនាម​មន្ត្រី​សង្ឃ​ស្រុក កោះធំ ព្រះ​វិសុទ្ធិ​បញ្ញា ព្រះមហា ស៊ិន ម៉ាប់ បានស្នើ​ដល់​គណៈ​សង្ឃនាយក​ត្រូវ​ដាក់​វិន័យ​ឲ្យ​ធ្ងន់ធ្ងរ​តាមច្បាប់​ចំពោះ​ជនខិលខូច​មួយ​ចំនួន​ដែល​មានបំណង​បំផ្លាញ​នូវ​សេចក្ដីថ្លៃថ្នូរ​របស់​សង្ឃ​តាម​គ្រប់​រូបភាព​ទាំងអស់៕