ស្រវឹង​ស្រា​ បើកឡាន​បុក​ឡាន​កុងតឺន័រ​ខូចខាត​ទាំងសងខាង​ ភាគី​បង្ក​បើកឡាន​គេច​ចូល​ផ្ទះ​បាត់​

ស្រវឹង​ស្រា​ បើកឡាន​បុក​ឡាន​កុងតឺន័រ​ខូចខាត​ទាំងសងខាង​ ភាគី​បង្ក​បើកឡាន​គេច​ចូល​ផ្ទះ​បាត់​



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ ជា​ម្ចាស់​សិប្បកម្ម​មួយ​កន្លែង​ ​បាន​បើក​រថយន្ត​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា​របស់​ខ្លួន​​ទាំង​ស្រវឹង​រេ​ទៅ​បុក​រថយន្ត​កុងតឺន័រ​ ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា ​បណ្ដាល​ឲ្យ​ខូច​ទាំងសងខាង​ តែ​ពុំ​មាន​បង្ក​ឲ្យ​ភាគី​ណាមួយ​រង​គ្រោះថ្នាក់​អ្វី​ឡើយ ​ហើយ​អ្នក​បើក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ចូល​ផ្ទះ​បាត់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ភូមិ​ព្រៃ​ជីសាក់ ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា TACOMA​ពណ៌​ស​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH6434 ​បើកបរ​ពី​លិច​ទៅ​កើត​បើក​ ដោយ​បុរស​ម្នាក់​ទាំង​សភាព​ស្រវឹង។ រថយន្ត​រងគ្រោះ​ម៉ាក​FUSO​ពណ៌​បៃតង​ជា​រថយន្ត​សណ្ដោង​កុងតឺន័រ​ពាក់​ស្លាក​ភ្នំពេញ​3C2944​បើកបរ​ពី​កើ​តទៅ​លិច បញ្ច្រាស​ទិសដៅ​ចរាចរ​ណ៍​គ្នា។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​TACOMA​ពណ៌​ស​​​​ពី​លិច​ទៅ​កើត​ទាំង​សភាព​ស្រវឹង​​ រេ​ចុះ​រេ​ឡើង​ ហើយក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ពេញទំហឹង​ ខណៈ​រថយន្ត​កុងតឺន័រ​នោះ​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា ​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​កំពិត​មួយ​ចំហៀង​ទាំងសងខាង ​ហើយ​រថយន្ត​បង្ក​បែក​កង់​មុខ​ខាងឆ្វេង​បាន​បន្ដ​បើក​រត់​ពី​កន្លែង​កើតហេតុ​គេច​ចូល​ផ្ទះ​ទាំង​បែក​កង់។ ចំណែក​ភាគី​រង​គ្រោះ​បាន​ដេញ​តាម​មកដល់​មុខ​ផ្ទះ ​តែ​ម្ចាស់​រថយន្ត​បិទ​ទ្វារ ​មិន​ព្រម​ចេញមុខ​មក​ដោះស្រាយ​ឡើយ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា ​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​ជា​ម្ចាស់​សិប្បកម្ម​ ហើយ​គាត់​ផឹក​ស្រវឹង​ខ្លាំង​ពេក​មិន​ហ៊ាន​ចេញ​មុខ​មក​ដោះស្រាយ​ឡើយ ​ដោយ​បញ្ជា​ឲ្យ​កូនជាង​ជួយ​និយាយ​ជាមួយ​ភាគី​រថយន្ត​រងគ្រោះ​ឲ្យ​រង់ចាំ​ព្រឹកស្អែក​ សឹម​ដោះស្រាយ​គ្នា​តាម​ក្រោយ៕
ស្រវឹង​ស្រា​ បើកឡាន​បុក​ឡាន​កុងតឺន័រ​ខូចខាត​ទាំងសងខាង​ ភាគី​បង្ក​បើកឡាន​គេច​ចូល​ផ្ទះ​បាត់​