បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង រាលដាល​កាន់តែខ្លាំង​សមត្ថកិច្ច​មិន​បង្ក្រាប​

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង និង​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​នេសាទ​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជល​គិរី បាន​ឲ្យ​ដឹងថា​តំបន់​១៤​កំពុង​កើតមាន​បទល្មើស​ដាក់​ស​ម្រា​ស់​ក្នុង​បឹង​ទន្លេសាប ដើម្បី​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ ហើយ​មិនឃើញ​មាន​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ចំណែក​លោក សោម ភា​រុណ បាន​រក្សា​ភាពស្ងប់ស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

​លោក ឌុល ប៊ុន​ថា អនុប្រធាន​សហព័ន្ធ​នេសាទ​តំបន់​១៤​ដែល​ឃ្លាំមើល​បទល្មើស​នៅ​ឃុំ​កោះ​ថ្កូវ ឃុំ​ជលសា និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី បាន​ឲ្យ​ដឹងថា​បទល្មើស​ក្នុង​បឹង​ទន្លេសាប​នៅតែ​បន្ត​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​ក្រុម​ជនល្មើស​មិន​ញញើត​នឹង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ឡើយ​។ លោក ឌុល ប៊ុន​ថា បាន​ឲ្យ​ដឹង​ទៀតថា​ទាំង​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មាន​ភាព​អសកម្ម​ក្នុងការ​បង្ក្រាប​បទល្មើស ហើយ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ទាក់ទង​ទៅនឹង​អំពើពុករលួយ​ផងដែរ​។ ការលើកឡើង​របស់លោក ឌុល ប៊ុន​ថា បែបនេះ​បានកើត​មាន​ក្រោយពេល​ជនល្មើស​មួយចំនួន​កាប់​ព្រៃ​លិច​ទឹក នៅតាម​មាត់ទន្លេ​សាប​ដូ​ច​ជា ដើម​សន្ធៃ​យកទៅ​ធ្វើជា​សម្រាស់​ក្នុង​ផ្ទៃ​បឹង​ជាច្រើន​កន្លែង ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ទប់ស្កាត់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​នេសាទ​បាន​ឲ្យ​ដឹងថា នៅក្នុង​ស្រុក​ជល​គិរី មាន​បទល្មើស​ដាក់​សម្រាស់​កើតឡើង​ច្រើនជាងគេ​បើ​ប្រៀបធៀប​ទៅនឹង​ក្រុង​កំពង់ឆ្នាំង ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង ហើយ​ក្រុម​ជនល្មើស​មិន​ញញើត​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ជំនាញ​ឡើយ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង​។ ជាពិសេស​លោក អេង ជា​សាន គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​មន្ត្រីក្រោមឱវាទ​ផងដែរ ព្រោះ​មន្ត្រី​ទាំងអស់នោះ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​៕

11058236_1642876705983862_8040766391971512374_nលោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង image