អធិការនគរបាល​ក្រុង​បាត់ដំបង មិនទាន់​បង្ក្រាប​ល្បែងភ្នាល់​បាល់ទាត់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

ថ្មីៗ​នេះ​បន្ទាប់ពី​លោក ប៉ាង ហៀ​ង មកកាន់​តំណែង​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង ជំនួស​លោក យឹម វិចិត្រ រួចមក​គឺ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បានធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​ដូចជា​កន្ទុយលេខ​ជាដើម ដោយបាន​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ធំៗ​ជាច្រើន​នាក់​ផងដែរ​។ ក៏ប៉ុន្តែ​ល្បែងភ្នាល់​បាល់ទាត់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​មិនទាន់​ឃើញ​លោក ប៉ាង ហៀ​ង ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត ពិនិត្យមើល​បញ្ហា​ទាំងនេះ​ផង ព្រោះ​ល្បែងភ្នាល់​បាល់ទាត់ ល្បែងភ្នាល់​ទឹកភ្លៀង និង​កន្ទុយលេខ​ជាដើម ធ្វើ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​ទីតាំង​ភ្នាល់​បាល់ទាត់​ត្រូវគេ​បើក​ជាច្រើន​កន្លែង​នៅ​ជុំវិញ​សណ្ឋាគារ​ហូ​លី​ដេ ក្នុងភូមិ​ព្រែក​មហាទេព ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​មិនទាន់​ឃើញ​សមត្ថកិច្ច​នគរបាល​ក្រុង​ចុះទៅ​បង្ក្រាប​ឡើយ​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ភ្នាល់​បាល់ទាត់​បាន​បង់ប្រាក់​ប្រចាំខែ​ឲ្យ​ទៅ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ជាប្រចាំ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ស្នាដៃ​លោក ប៉ាង ហៀ​ង ក្នុងការ​បង្ក្រាប​ល្បែងភ្នាល់​បាល់ទាត់​នៅ​សង្កាត់​ស្វាយប៉ោ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តទៅទៀត​។

សូម​បញ្ជាក់ដែរថា​ក្រោយពេល​ឡើងកាន់តំណែង​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង​រួចមក លោក ប៉ាង ហៀ​ង ចាត់វិធានការ​បង្ក្រាប​មេ​ល្បែង​កន្ទុយលេខ​៨​នាក់​បញ្ជូនទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ចាត់វិធានការ​តាមច្បាប់​។ ប៉ុន្តែ​ល្បែងភ្នាល់​បាល់ទាត់​ដែល​កំពុង​រាលដាល​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​សង្កាត់​ស្វាយប៉ោ និង​សង្កាត់​ដទៃទៀត​មិនទាន់​ឃើញ​លោក​អធិការ ប៉ាង ហៀ​ង ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ស្នាដៃ​លោក​អធិការ​ដោយ​យកចិត្តទុកដាក់​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

imagesលោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង WAT-2206d WAT-2206c