៧០​ឆ្នាំ​ហើយ នៅ​ប៉ះ​ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ​ដល់​ក្មេង​ចង់​ខ្មាស

ដៃ​ទាំង​គូ​ប្រកប​ដោយ​កម្លាំង​គាស់​កង់​ម៉ូតូ​ដោយ​គ្មាន​បញ្ហា ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ស្ត្រី​ចំណាស់​ម្នាក់ ដែល​មាន​វ័យ ៧០​ឆ្នាំ ប៉ុន្តែ​សម្រាប់​អ្នក​ចូល​ទៅ​ប៉ះ​សុទ្ធតែ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល និង​លាន់​មាត់​ថា៖ “អ៊ុញ! អ៊ំ​អ្នក​ប៉ះ​មែន?។

 

៧០​ឆ្នាំ​ហើយ នៅ​ប៉ះ​ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ​ដល់​ក្មេង​ចង់​ខ្មាស

 

ស្ត្រី​វ័យ​ចំណាស់​ដែល​កំពុង​ប៉ះ​កង់​យ៉ាង​ស្ទាត់​ជំនាញ​នេះ​ឈ្មោះ លន់ គី មាន​អាយុ ៧០​ឆ្នាំ។ តាម​ពិត អាជីព​ប៉ះ​កង់ អ៊ំ​ស្រី លន់ គី បាន​ធ្វើ​រួម​គ្នា​ជាមួយ​ស្វាមី​ជាង ២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដោយសារ​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ ស្វាមី​អ៊ំ​ស្រី​រាង​ជរា​បន្តិច​ក្នុង​វ័យ ៧៣​ឆ្នាំ ទើប​សម្រេច​ចិត្ត​បន្ត​ធ្វើ​តែ​ម្នាក់​ឯង។

 

ពេល​ចូល​ទៅ​​ជួប​អ៊ំ​ស្រី អ្នក​ប៉ះ​កង់​ជា​ច្រើន​តែង​សួរ​រក​ជាង ហើយ​នៅ​ពេល​ប្រាប់​ថា​អ៊ំ​ស្រី​ជា​អ្នក​ប៉ះ ពួក​គេ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ខ្លាំង។ អ៊ំ​ស្រី​បាន​បញ្ជាក់​ថា អ្នក​ខ្លះ​មាន​កម្លាំង​សុំ​ជួយ​គាស់ តែ​បែរ​ជា​គាស់​មិន​រួច ឯ​អ្នក​ខ្លះ​ទៀត​ឃើញ​ចាស់​ជរា​ចង់​ឲ្យ​លុយ​លើស តែ​អ៊ំ​ស្រី​មិន​ទទួល​ឡើយ។ របរ​មួយ​នេះ អាច​រក​ចំណូល​បាន​ប្រមាណ ១៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​បើ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក ដល់ ៦​ល្ងាច ហើយ​បើ​នៅ​ដល់​យប់ អាច​គុណ​នឹង​២។ ​​

 

៧០​ឆ្នាំ​ហើយ នៅ​ប៉ះ​ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ​ដល់​ក្មេង​ចង់​ខ្មាស

 

អ៊ំ​ស្រី លន់ គី បាន​ប្រកប​របរ​ប៉ះ​កង់​នេះ​តាម​បណ្ដោយ​ផ្លូវ​លេខ១៦៣ ជិត​ផ្សារ​ទួល​ទំពូង ហើយ​រស់​ក្រោម​ដំបូល​ផ្ទះ​ជា​មួយ​ស្វាមី និង​ក្មួយ​ប្រុស ប៉ុន្តែ​អ្នក​ទាំង​ពីរ​គ្មាន​កូន​ឡើយ។ ក្មួយ​ប្រុស​របស់​អ៊ំ​ស្រី ចង់​ឲ្យ​លា​ឈប់​ពី​ការងារ​ប៉ះ​កង់​នេះ​យូរ​ហើយ ព្រោះ​ជីវភាព​ក៏​មិន​ពិបាក​ខ្លាំង​ដែរ ប៉ុន្តែ​អ៊ំ​ស្រី​មិន​យល់​ព្រម។ យ៉ាង​ណា​ក្ដី ប្រហែល ២​ខែ​ទៀត អ៊ំ​ស្រី​ប្រហែល​ជា​ត្រូវ​លា​ឈប់​ហើយ ទោះ​គ្មាន​បញ្ហា​សុខភាព​ក៏​ដោយ ដើម្បី​កុំ​ឲ្យ​ក្មួយ​ខឹង​និង​មើល​មក​មិន​សម​ភ្នែក។

 

ទស្សនា​វីដេអូ៖

 

 

ចុចអាន៖ ត្រាច់ចរ​រុញ​រទេះ​មួយ​ថ្ងៃ ១៥​ម៉ោង ដើម្បី​ប្រាក់ ២​ម៉ឺន​រៀល