មាស ចាន់ណា ​និយាយ​អ្វី​ខ្លះ​ក្រោយ​ចាញ់​ស៊ីម៉ាក់ ២-១

“ការពិត​ទៅ​ ​កំហុស​មក​ពី​ខ្ញុំ​ដែរ ដែល​ដាក់​កីឡាករ​លេង​ខុស។ វា​មិន​មែន​ជា​កំហុស​អ្នក​ចាំ​ទី​ទាំង​ស្រុង​ទេ វា​ជា​កំហុស​កីឡាករ​ដែល​លេង​ទាំង​អស់… ​អ្នក​លេង​តែងតែ​ខុស ទាល់​តែ​អ្នក​មិន​លេង​បាន​គ្មាន​កំហុស”។ សម្ដី​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល។

 

មាស ចាន់ណា ​និយាយ​អ្វី​ខ្លះ​ក្រោយ​ចាញ់​ស៊ីម៉ាក់ ២-១​លោក មាស ចាន់ណា

 

​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Hun Sen Cup ​កាល​ពី​ម្សិលមិញ ​ក្រុម​ខ្លាំង​ណាហ្គាវើល​បាន​ចាញ់​ក្រោម​ថ្វី​ជើង​ស៊ីម៉ាក់ ២-១ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយ​មួយ​គ្រាប់​ជ័យជម្នះ​របស់​ស៊ីម៉ាក់​ធ្វើ​បាន​នៅ​នាទី​៩០+ ​ទៅ​ហើយ ដែល​កីឡាករ​ ហុង មករា ​ជា​អ្នក​ធ្វើ​បាន​សម្រេច ស៊ុត​មួយ​ជើង​ពី​ចម្ងាយ។

 

បរាជ័យ​ទាំង​មិន​អស់​ចិត្ត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក មាស ចាន់ណា ​និយាយ​ថា​កូន​ក្រុម​របស់​ខ្លួន​មិន​ចេះ​រក្សា​ពេល​វេលា ដោយ​ដឹង​ថា​ថែម​ម៉ោង​៤​នាទី​ហើយ ប៉ុន្តែ​បែរ​ជា​ភ្លាត់​ឱ្យ​គេ​ស៊ុត​បាន​មួយ​គ្រាប់​ទៅ​វិញ ខណៈ​ដែល​ខាង​ខ្លួន​គ្រប់គ្រង​បាល់​បាន​ច្រើន​ទៅ​ហើយ។

 

“ខ្ញុំ​ដឹង​ថា​ស៊ីម៉ាក់​នឹង​លេង​ការពារ​វាយ​បក ហើយ​ខ្ញុំ​ក៏​បាន​ត្រៀម​ហើយ​ដែរ… ​តែ​ចុង​ក្រោយ​បែរ​ជា… ហឹម។ ok ​វា​ជា​កំហុស​ខ្ញុំ​ដែរ ចំពោះ​ការ​ដាក់​មនុស្ស​លេង មិនមែន​កំហុស​តែ​អ្នក​ចាំ​ទី​ទេ”។ សម្ដី មាស ចាន់ណា ។

 

មាស ចាន់ណា ​និយាយ​អ្វី​ខ្លះ​ក្រោយ​ចាញ់​ស៊ីម៉ាក់ ២-១អ្នក​ចាំ​ទី​ណាហ្គាវើលយំ ក្រោយ​​ជួយ​ក្រុម​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ដ

 

យ៉ាង​ណា​មិញ ​ធ្លាក់​នៅ​វគ្គ​នេះ ​ក្រុម​ណាហ្គាវើល ​នៅ​មាន​ភារកិច្ច​ធំ​មួយ​ទៀត​ក្នុង​ពាន​រង្វាន់ AFC Cup ​ដោយ​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ជាមួយ​ក្រុម ​Erchim FC (ម៉ុងហ្គោលី​) ​និង​ Three Star Club (នេប៉ាល់) ​នៅ​ពេល​ខាង​មុខ​នេះ ហើយ​ពាន​រង្វាន់​ក្នុង​ស្រុក លីគ​កំពូល​កម្ពុជា ក៏​ពួកគេ​នៅ​មាន​ឱកាស​ដែរ។

 

​ងាក​មក​ខាង​ Hun Sen Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​វិញ ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ខណៈ​ដែល​ក្រុម​ស៊ីម៉ាក់​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ។ ២​គូ​នេះ ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​២​គូ៕

 

អត្ថបទ៖ មុន្នី រម្យ