អានអត្ថបទនេះ បើអ្នកពិតជា “ខ្មែរ”

មុននឹងចូលដល់​ខ្លឹមសេចក្ដីនៃអត្ថបទ​ សូមប្រិយមិត្តអ្នកអាន​ សួរខ្លួនឯងបីសំណួរថា​៖​១/. ​តើខ្លួនខ្ញុំសព្វថ្ងៃនេះជានរណា? ​ជាខ្មែរ​ ឬជាបរទេស?​២/.​ តើខ្លួនខ្ញុំសព្វថ្ងៃនេះកំពុងរស់នៅទីណា?​ ហើយកំពុងអាស្រ័យគុណនៅលើទឹកដីនៃជាតិសាសន៍ណា?​៣/. តើខ្ញុំត្រូវប្រតិបត្តិ​ជីវិតខ្លួនឯងយ៉ាងណា ​និងត្រូវតបស្នងសងគុណយ៉ាងណាចំពោះមាតុភូមិ​ ឬប្រទេសដែលខ្ញុំកំពុងប្រាស្រ័យជីវិតរស់នៅ មួយនេះ?​
បច្ចុប្បន្នភាព ​គឺជាការពិត ដែលយើងគ្រប់គ្នាជាមនុស្សត្រូវគិត ត្រូវប្រឈម ​និងត្រូវដោះស្រាយ រីឯអតីតកាល (ប្រវត្តិសាស្រ្ត) គឺជាការពិតមួយផ្នែកទៀត​ ដែលយើងគ្រប់គ្នាត្រូវស្វែងយល់​ និងចងចាំទុកជាមេរៀន​ ដើម្បីចៀសវាងកុំឱ្យបច្ច័យអកុសលពីសម័យអតីតកាលលេចកើតមាន​ឡើងសារជាថ្មីម្ដងទៀតក្នុងពេលអនាគត​ នេះគឺជាគតិដ៏ប្រសើរសម្រាប់បុគ្គលដែលមានមនសិការអភិរក្សនិយម ​និងស្រឡាញ់សង្គមជាតិ ដែលគេកំពុងរស់នៅ ។​
ទោះបីជាអ្នកជានរណា, ​ធ្លាប់កើតនៅទីណា, ធ្លាប់មានជាតិសាសន៍ជាអ្វី, ឬធ្លាប់មានផ្នត់គំនិតប្រកាន់ប្ដូរផ្ដាច់ទៅខាងណាគ្រាកាលពីមុនក៏ដោយ អ្នកត្រូវរៀនរំលឹកប្រាប់ខ្លួនឯងថា៖ ពេលនេះ ​វេលានេះ ​ជាក់ស្ដែងខណៈនេះ ខ្ញុំគឺជាខ្ញុំឥលូវនេះ ខ្ញុំកំពុងរស់នៅលើដែនដីនគរខ្មែរ ដ្បិតខ្ញុំ​គឺជាជនអន្តោប្រវេសន៍ ​ឬជាកូនចៅរបស់ជនអន្តោប្រវេសន៍ដែលភៀសខ្លួនមកពីតំបន់ ឬប្រទេសណាមួយក៏ដោយ​ វាគ្មានអ្វីសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺ តើអត្តភាពនៃជីវិតរបស់ខ្ញុំឥលូវនេះត្រូវគិតយ៉ាងណា​ និងត្រូវធ្វើយ៉ាងណាដើម្បីជួយជ្រោមជ្រែងថែរក្សាការពារដែនដីនៃនគរមួយ​នេះឱ្យរុងរឿងល្អប្រសើរ ​និងត្រូវបំពេញកាតព្វកិច្ចជាមនុស្សល្អ ជាពលរដ្ឋល្អ និងជាកល្យាណមិត្តល្អ​ ដើម្បីរួមរស់នៅជាមួយនឹងមនុស្សនៅក្នុងសង្គមជាតិមួយនេះឱ្យប្រកបដោយភាតរភាព សមធម៌ សច្ចធម៌ គុណធម៌​ សីលធម៌ និងសប្បុរសធម៌ជានិច្ចជាកាល នោះទើបសមហៅថា៖ បុគ្គលដែល​ប្រកបដោយមនសិការខ្ពង់ខ្ពស់ ​។ វាមិនសំខាន់ថា អ្នកធ្លាប់កើតនៅទីណា មានសាច់ញាតិជានរណា ឬអ្នកដ៏ទៃ​គេសន្មត់ថាអ្នកជានរណាឡើយ បើអ្នកបានកើតនៅទីនេះ​ ហើយកំពុងប្រាស្រ័យគុណបុណ្យនៃមនុស្សនៅលើទឹកដីមួយនេះ ហើយអ្នកស្រឡាញ់ដែនដីមួយនេះ ​និងមានសន្ដានចិត្តចង់​ចូលរួមថែរក្សាការពារ ​និងអភិវឌ្ឍដែនដីមួយនេះ នោះបានន័យថា៖ អ្នកគឺជាមនុស្សនៅទីនេះ និងជាប្រជាជនខ្មែរយ៉ាងពិតប្រាកដហើយ ។​
សម្រាប់បុគ្គលដែលគេបានកើតឃើញពន្លឺថ្ងៃ​ នៅលើមាតុភូមិនៃដែនដីខ្មែរ ជាការពិត​ គេគឺជាមនុស្សខ្មែរ គេគឺជាប្រជាជននៃនគរខ្មែរ ព្រោះរូបរាងកាយរបស់គេ ​និងញាតិសន្ដានរបស់គេ គឺជាមនុស្សនៅលើទឹកដីមួយនេះមកអស់រយៈពេលជាច្រើនតំណរមកហើយ ។​ នេះក៏អាចហៅថា៖​ ខ្មែរបានពាក់កណ្ដាល ។ ​ប៉ុន្តែជាមនុស្សខ្មែរពិតប្រាកដ គេមិនសម្ដៅទាំងស្រុងថា៖ ​ទាល់តែរូបរាងកាយរបស់ជននោះមានសណ្ឋានពណ៌សម្បុរយ៉ាងនេះ​ សក់រាងយ៉ាងនេះ ឬមានមាឌយ៉ាងនេះអ្វីនោះទេ! ​ការសម្គាល់បែបនេះ គឺគ្រាន់តែជាការមើលឃើញតែពីសម្បកក្រៅតែប៉ុណ្ណោះ អ្វីដែលអាច​កំណត់សម្គាល់ថាជាខ្មែរបាន​ គឺគេត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ទៅលើការប្រព្រឹត្ត(ទង្វើ) ប្រចាំថ្ងៃរបស់មនុស្ស​ ព្រោះទង្វើ គឺជាបច្ច័យរបស់ចិត្ត បើទង្វើថោកទាប ​នោះការគិតរបស់បុគ្គលនោះក៏ថោកទាបយ៉ាងដូច្នោះដែរ ។​ ឧទាហរណ៍៖ បុរសឈ្មោះ “ក” បានដើរទៅប្រកូកប្រកាសប្រាប់​គេឯងថា៖ រូបគេមានឈ្មោះខ្មែរ មានសម្បុរជាខ្មែរ ​មានម្ដាយឪពុកជាខ្មែរ មានអត្តសញ្ញាណបណ្ណខ្មែរ ​កាន់ព្រះពុទ្ធសាសនា ​ឬបញ្ចប់កម្រិតសិក្សានៅសាលាខ្មែរ ​ប៉ុន្តែទង្វើ និងសកម្មភាពប្រចាំថ្ងៃនៅក្នុងសង្គមខ្មែររបស់គេ​ បែរជាទៅលួចបំផ្លាញសម្បត្តិរបស់ជាតិ, ​ប្រព្រឹត្តអំពើអាណាចារ, ​អំពើ​ពាលាអាវ៉ាសែ,​ អំពើសាហាយស្មន់ផិតក្បត់, ​លួចឆក់ប្លន់ប្រពន្ធកូនគេ, ​ល្មើសច្បាប់នគរខ្មែរ, ប្រព្រឹត្តអំពើទុច្ចរឹត, ពុករលួយ, ​កាប់បំផ្លាញធនធានព្រៃឈើយ៉ាងគំហុក, ​បក្សពួកនិយម, ​ឬវាយធ្វើបាបប្រជាជនខ្មែរអ្នកស្លូតត្រង់ជាដើម ហើយគេបែរជាមកបញ្ជាក់ប្រាប់អ្នកផងថា៖ ​គេគឺជាមនុស្ស​ខ្មែរៗយ៉ាងដូច្នេះ ​ជារឿយៗ ។ ​ករណីនេះវាពិតជារឿងគួរឱ្យចង់សើចណាស់ ​ដែលរូបគេមិនស្គាល់អ្វីទៅដែលហៅថា៖ “ខ្មែរ” ​ហើយសន្ដានរបស់មនុស្សខ្មែរបែរមុខទៅទិសខាងណា ​មានលក្ខណៈយ៉ាងម៉េច ។ ​ក្នុងករណីនេះ បុរសឈ្មោះ “ក” ​កំពុងតែភាន់ច្រឡំជាមួយខ្លួនឯងយ៉ាងធំហើយ​ នគរខ្មែរគ្មាន​ជំពូកមនុស្សប្រភេទពាលទុច្ចរឹតបែបយ៉ាងដូច្នេះទេ ​។​
ជាមនុស្សខ្មែរពិតប្រាកដ​ អ្នកពុំចាំបាច់ទៅប្រកូកប្រកាសប្រាប់នរណាឱ្យដឹងឡើយ ​គឺដឹងត្រឹមខ្លួនអ្នក ​ដោយព្យាយាមរស់នៅក្នុងភាពស្របច្បាប់របស់នគរ ​និងប្រព្រឹត្តទង្វើដែលនាំឱ្យសង្គមជាតិខ្មែររីកចម្រើនរុងរឿងទៅ​ នោះគឺជាកិច្ចការដ៏ប្រសើរក្រៃពេកណាស់ ។ ​ជាមនុស្សខ្មែរពិត​ប្រាកដ​ អ្នកពុំចាំបាច់ទៅឈ្នានីស រើសអើង ​ឬខ្លាចបារម្ភថានឹងមានជាតិសាសន៍ណាមួយគេនឹងលួចចូលមករស់នៅ ​តាំងទីជម្រក​ និងដណ្ដើមការងារធ្វើដោយខុសច្បាប់នៅលើមាតុភូមិខ្មែររបស់អ្នកឡើយ ​ដរាបណាអ្នកមិនទាន់ចេះគិតគូរ មិនអើពើនឹងចូលរួមកសាង​ ថែរក្សាការពារ ទ្រទ្រង់ ​និងលើកកម្ពស់តម្លៃនៃជាតិសាសន៍របស់ខ្លួនឯងទេនោះ ផ្ទុយទៅវិញ ​ពីមួយថ្ងៃទៅមួយថ្ងៃគិតតែពីឈ្លោះប្រកែកគ្នា ​និយាយដៀមដាមដាក់គ្នា ឈ្នានីសគ្នា កាប់ចាក់បាញ់សម្លាប់គ្នា​ ធ្វើទុក្ខបុកម្នេញចំពោះគ្នា ឈ្លក់វង្វេងតែនឹងរឿងសប្បាយក្អាកក្អាយ ស្នេហាផិតក្បត់ អំពើពាលនិយម និង​បំផ្លាញធនធានសម្បត្តិជាតិរបស់ខ្លួនឯងជាដើម ហើយបែរជាទៅលើកសរសើរអំពីភាពជឿនលឿននៃប្រទេសដទៃ​ អ្វីៗទាំងនេះ អ្នកកំពុងតែដើរបញ្ច្រាសទិសពីនិយមន័យខ្មែរហើយ ។​ “ខ្មែរ” គ្មានទុក្ខ ខ្មែរគ្មានភាពសប្បាយក្អាកក្អាយ ខ្មែរគ្មានសត្រូវ ហើយខ្មែរក៏គ្មានមិត្តដែរ អ្វីដែលខ្មែរមាននោះ ​គឺការរស់នៅក្នុងសង្គមមួយជាមួយគ្នាប្រកបដោយភាតរធម៌ ​សមធម៌ សាមគ្គីធម៌ មេត្តាធម៌ សីលធម៌ សង្គហធម៌ និងសុច្ចរឹតយុត្តិធម៌ចំពោះមនុស្ស និងសត្វផងគ្នាដែលមានជីវិតចង់រស់នៅលើផែនប្រឹថពីតែមួយ ។​ ខ្មែរ ប្រែថា៖ ក្សេមក្សាន្ត ដូច្នេះមនុស្សខ្មែរមានន័យថា៖ ពូជនៃអ្នក​ក្សេមក្សាន្ត​ ឬអ្នកប្រកបដោយសេចក្ដីសុខ និងសេចក្ដីស្ងប់ទាំងផ្លូវកាយ​ និងផ្លូវចិត្ត ដោយឥតជាប់ជំពាក់ទៅលើកំហឹងចងអាឃាតគ្នា ការឈ្នានីសលោភលន់ប្លន់ដណ្ដើមគ្នា ​និងភាពមិនងាយភាន់ច្រឡំ ឬវង្វេងស្មារតីផ្ដេសផ្ដាសឡើយ ។ បើអ្នកអាចប្រតិបត្តិជីវិតរបស់ខ្លួនដោយដើរតាមគន្លង​ដ៏ប្រសើរទាំងប៉ុន្មានខាងលើនេះ​ នោះហើយ អ្នកគឺពិតច្បាស់ជាមនុស្សខ្មែរយ៉ាងពិតប្រាកដ ហើយអ្នកស្ទើរតែមិនចាំបាច់មានអត្តសញ្ញាណបណ្ណសម្គាល់សញ្ជាតិសាសន៍អ្វីផង ​ព្រោះទង្វើរបស់អ្នកវាបាន ស បញ្ជាក់អំពីពូជសាសន៍ និងតម្លៃនៃដែនជាតិមាតុភូមិរបស់អ្នករួចជាស្រេចទៅហើយ ។​ដូច្នេះចាប់ពីថ្ងៃនេះតទៅ ​បុគ្គលដែលចង់ក្លាយជាមនុស្សខ្មែរពិតប្រាកដ ​គួរឈប់លើកតម្កើងអំនួតរបស់ខ្លួនស្របពេលខ្លួនឯងនៅខ្វះសមត្ថភាពនៅឡើយ,​ គួរឈប់ងប់ងល់នឹងវប្បធម៌ពាលា វប្បធម៌អកុសលរបស់បរទេស, ​គួរឈប់និយាយច្រើន ទាំងខ្លួនឯងគ្មានសកម្មភាពមានតម្លៃ​ណាមួយជួយទ្រទ្រង់ ​និងការពារដល់សង្គមជាតិខ្មែរ,​ គួរឈប់លើកតម្កើង ឬបន្ទោសបង្អាប់ជាតិសាសន៍ណាៗទាំងអស់​ បើប្រទេសរបស់ខ្លួនឯងនៅទន់ខ្សោយនៅឡើយ ត្រូវឈប់ប្រកាន់មាំនូវភាពស្អប់ខ្ពើមជាតិសាសន៍ឯង​ ឈប់លាបពណ៌គ្នា (ពីសទៅខ្មៅ ឬពីខ្មៅទៅស) និងត្រូវឈប់ប្រើ​ល្បិចកិចកលលាក់ស្នៀតដាក់គ្នា​ ប៉ុន្តែយើងត្រូវគោរពរាប់អានគ្នា ​យោគយល់ដល់គ្នា ជួយយកអាសារទុក្ខធុរៈគ្នាទៅវិញទៅមក ចែករំលែកដល់អ្នកដែលខ្វះខាត ​សណ្ដោសប្រោសប្រណីដល់គ្នា និងលើកកម្ពស់តម្លៃ និងសិទ្ធិរបស់គ្នាទៅវិញទៅមក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ដោយឥត​លម្អៀងប្រកាន់ទៅម្ខាងណាៗទាំងអស់ ​។ ​

អានអត្ថបទនេះ បើអ្នកពិតជា “ខ្មែរ”ដោយ៖ យ៉ុង ហេង / ឈូក ស
Cool FM 100.7