ឈ្មួញ​ឈ្មោះ ឯម ចាន់ថា ល្បី​ខាង​ដឹកឈើ​ប្រណីត​ពី​ខេត្តកោះកុង ទៅ​លក់​នៅ​ស្រុក​យួន​

លោក ឱម ម៉ា​ករី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកោះកុង ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​ឆ្លងកាត់​ផ្ទៃសមុទ្រ​នោះទេ​។ ផ្ទុយទៅវិញ​លោក ឱម ម៉ា​ករី ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ឈ្មួញ​ឈ្មោះ ឯម ចាន់ថា ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ហើយ​បែងចែក​ផលប្រយោជន៍​ជាប្រចាំ​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តកោះកុង ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ពី​ឈ្មួញ​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​។

ប្រភពពី​មន្ត្រី​យោធា​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​មានឈ្មោះ ឯម ចាន់ថា ជា​មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣​ប្រចាំខេត្ត​កោះកុង ហើយ​ឈ្មួញ​រូបនេះ​តែង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​និង​ឈើ​ធ្នង់​ជាដើម ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ក្នុង​ខេត្តកោះកុង បង្ក្រាប​តែ​ឈើ​របស់​ឈ្មួញ​ទាំងឡាយ​ដែល​មិន​បង់លុយ​ឲ្យ​ពួកគេ​ប៉ុណ្ណោះ ហើយ​សម្រាប់​ឈ្មួញ​ដែល​ចេះ​បែងចែក​ផលប្រយោជន៍​ដូចជា​លោក ឯម ចាន់ថា អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​នោះទេ​ព្រោះ​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ឈើ​ប្រណីត​ពី​ខេត្តកោះកុង ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ឈ្មួញ​ជា​មន្ត្រី​យោធា​ទៀតផង​។

មានការ​កត់សម្គាល់​ដែរ​ថា កន្លងមក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកោះកុង បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ធ្នង់​១​គ្រឿង ប៉ុន្តែ​ក្រោយមក​ក៏​ដោះលែង​ស្ងាត់ៗ​វិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង គ្មាន​ជំនឿ​លើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាល់តែសោះ ព្រោះ​ពួកគេ​គិតតែ​ឃុបឃិត​គ្នា​ដើម្បី​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ដោយសារតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គិតតែ​ពី​រឿង​ផលប្រយោជន៍​នោះ​ហើយ ទើប​លោក ឯម ចាន់ថា មេបញ្ជាការ​យោធា​កងអនុសេនាធំ​លេខ​៣​ប្រចាំខេត្ត​កោះកុង អាច​ដឹកជញ្ជូន​ឈើ​គ្រញូង​និង​ឈើ​ធ្នង់​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​៕

edee1785-bde7-4675-930b-a618034d1ea4 83848a4b-9598-481f-939d-a7efabcd3e96 6ad10c7c-c408-4848-885d-4790c856ed87