​លោក កឹម សុខា បញ្ជាក់​ពី​បុព្វហេតុ​នៃ​ការជួប​ជុំគ្នា​ធ្វើការ​តស៊ូ​ដោយ​អហិង្សា​ដើម្បី​យុត្តិធម៌​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​រសៀល​ថ្ងៃ​ម្សិលមិញ បានបញ្ជាក់​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​បុព្វហេតុ​នៃ​ការជួប​ជុំគ្នា​ធ្វើការ​តស៊ូ​ដោយ​អហិង្សា​ដើម្បី​យុត្តិធម៌​។ ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​ក្នុងឱកាស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​ខេត្ត​គឺ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ធំ បានមក​សួរសុខទុក្ខ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ស្វែងយល់​ពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​កំពុងមាន​ភាពមិន​ប្រក្រតី និង​គួរ​ឲ្យ​ព្រួយបារម្ភ​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ទៅកាន់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​ខេត្ត​ថា បុព្វហេតុ​នៃ​ការជួប​ជុំគ្នា ធ្វើការ​តស៊ូ​ដោយ​អហិង្សា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅពេលនេះ​គឺ ដើម្បី​បង្ហាញ​ដល់​មតិ​ជាតិ និង​អន្ដរជាតិ​ឲ្យ​បាន​ជ្រាបថា យើង​មិនអាច​ទទួលយក​បានទេ និង មិន​អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​រំលោភ​លើ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ លើ​អភ័យឯកសិទ្ធិ​អ្នកតំណាងរាស្ដ្រ លើ​រដ្ឋធម្មនុញ្ញ​តទៅទៀត​ឡើយ ព្រោះ​យើង​សង្កេតឃើញថា កន្លងមក​គេ​តែងតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​ចោទប្រកាន់​ចាប់ខ្លួន ឃុំខ្លួន អ្នកស្នេហាជាតិ អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ជា​បន្ដបន្ទាប់​ច្រើនណាស់​មកហើយ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សំខាន់​គឺ យើង​ចង់បាន​បរិយាកាស​នយោបាយ​មួយ​ដែល​អាចធ្វើ​ឲ្យ​ការបោះឆ្នោត​ខាងមុខនេះ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ អាច​ទទួលយកបាន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​បញ្ជាក់ដែរថា បើ​ទោះ​ស្ថានការណ៍​នយោបាយ និង​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បោះបង់​គោលដៅ​របស់ខ្លួន​ឡើយ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​ឈានទៅ​ធ្វើការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ចំពោះ​ស្ថានការណ៍​នយោបាយ​ដែល​វិវត្តន៍​នាពេល​ថ្មីៗ​នេះ តែ​គោលដៅ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ គឺ​មិន​ប្រែប្រួល​ដាច់ខាត​៕

13516360_1387882701229025_5361981277132597215_n 13450969_1387882704562358_6398108598647067095_n 13494775_1387882511229044_7696409736704295823_n