សួនច្បារ​ផ្សារ​ឌុ​ច​ម៉ិច ត្រូវបាន​គេ​សាងសង់​ជា​ផ្ទះល្វែង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​

ការលក់​ដី​រដ្ឋ ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវបាន​ខ្លាច​ទៅជា​ទម្លាប់​អាក្រក់​របស់​មន្ត្រី​ពុករលួយ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ផ្សារ​ឌុ​ច​ម៉ិច ខណ្ឌ​៧​មករា ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បានអនុញ្ញាត​ឲ្យ​មានការ​សាង់សង់​ផ្ទះល្វែង​លើដី​សួនច្បារ​ដែលមាន​ទទឹង​៣០​ម៉ែត្រ និង​បណ្ដោយ​៦០​ម៉ែត្រ មាន​រាង​ជា​ត្រីកោណ​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​មិនដឹងថា លោក កែប ជុតិមា ឬ​លោក ប៉ា សុជាតិ​វង្ស ជា​អ្នកលក់​ដី​សួនច្បារ​ផ្សារ​ឌុ​ច​ម៉ិច​នោះទេ ប៉ុន្តែ​ផ្ទះល្វែង​កំពុង​ត្រូវបាន​គេ​សាងសង់​យ៉ាង​រលូន​។

ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ផ្សារ​ឌុ​ច​ម៉ិច បាន​ឲ្យ​ដឹងថា​តាំងពី​ឆ្នាំ​១៩៧៩​មក ពួកគាត់​ឃើញ​សួនច្បារ​នោះ​នៅ​ចំណុច​ច្រមុះជ្រូក តែ​កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនបាន​ដាំ​ស្មៅ​លម្អ​នោះឡើយ​។ ស្រាប់តែ​ថ្មីៗ​កន្លងទៅនេះ​ផ្ទៃ​សួនច្បារ​ទាំងមូល​បាន​ក្លាយទៅជា​ផ្ទះល្វែង​ដែល​គេ​កំពុង​សាងសង់ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ជាពិសេស​ត្រូវ​វែកមុខ​មន្ត្រី​ពុករលួយ​ដែល​លក់​ដី​សួនច្បារ​នេះ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។ បើ​មិន​ដូច្នេះ​ទេ​ដី​សួនច្បារ​ផ្សារ​ឌុ​ច​ម៉ិច ត្រូវ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​ផ្ទះល្វែង​សម្រាប់​លក់ ចំណែក​ផលប្រយោជន៍​បាន​ទៅលើ​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិត​គ្នា​លក់​ដី​សួនច្បារ​សាធារណៈ​របស់​រដ្ឋ​។

ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​ឌុ​ច​ម៉ិច បាន​ឲ្យ​ដឹងថា​ជា​រឿង​មិន​ទំនង​ទាល់តែសោះ​ដែល​មន្ត្រី​ពុករលួយ​ឃុបឃិត​គ្នា​លក់​ដី​សួនច្បារ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះល្វែង​របៀបនេះ ដូច្នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ គួរបញ្ជាក់​ឲ្យ​បាន​ច្បាស់​ទៅលើ​បញ្ហា​នេះ​ផងដែរ​។ ទន្ទឹមនឹងនេះ​មជ្ឈដ្ឋាន​នានា​កំពុងតែ​ចង់ដឹងថា តើ​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ ឬ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ គឺជា​អ្នកលក់​ដី​សួនច្បារ​ផ្សារ​ឌុ​ច​ម៉ិច ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះល្វែង​សម្រាប់​លក់​នៅពេលនេះ​។ ទោះជា​យ៉ាងណា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ករណី​សាងសង់​ផ្ទះល្វែង​នៅលើ​សួនច្បារ​ផ្សារ​ឌុ​ច​ម៉ិច កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ហើយ​ផលប្រយោជន៍​ត្រូវបាន​ទៅលើ​ឈ្មួញ និង​ក្រុមមន្ត្រី​ពុករលួយ​៕

13494995_1052301951530061_749547567279773872_n - Copy 13494995_1052301951530061_749547567279773872_n