ខឹម វាសនា៖ បើ​ចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះ​ជា​«ភ័ព្វ​សំណាង»​របស់​ខ្មែរ

តើអ្វីទៅ ដែលលោក ខឹម វាសនា ចាត់ទុកថា ជាភ័ព្វសំណាងរបស់ជាតិសាសន៍ខ្មែរ? លុះត្រាណា បើលោក សម រង្ស៊ី និង​លោក ខឹម វាសនា ត្រូវបានគេ«ចាប់ដាក់គុក» ឬ«ទាត់ចេញ ពីឆាកនយោបាយ»។ នេះ បើតាម​សំណេរ​មួយ របស់​ប្រធាន​គណបក្ស​​សម្ព័៍ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងដែលធ្លាប់ត្រូវគណបក្ស សម រង្ស៊ី ដេញចេញ​ពី​គណបក្ស កាល​ពី​ឆ្នាំ២០០៥។
ខឹម វាសនា៖ បើ​ចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះ​ជា​«ភ័ព្វ​សំណាង»​របស់​ខ្មែរ

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ។ (រូបថតហ្វេសប៊ុក)

នៅប្រទេសកម្ពុជា មានមនុស្សមិនតិចឡើយ ដែលចង់បកស្បែក ពន្លាត់យកឆ្អឹងលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈអ្នកនយោបាយទាំងពីរ កំពុងរងការតាមចាប់ខ្លួន និង​បណ្ដឹងជុំទិស ពីសំណាក់ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក។ ពីក្នុងចំណោមនោះ ក៏មានលោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) និងដែលធ្លាប់ត្រូវបានក្រុមលោក សម រង្ស៊ី បណ្ដេញ​ចេញ​ពី​គណបក្ស កាលពីឆ្នាំ២០០៥នោះ ម្នាក់ដែរ។

នៅលើគណនីហ្វេសប៊ុករបស់ប្រមុខបក្ស​«ជួង» លោក ខឹម វាសនា បានសរសេរឡើងថា បើមេដឹកនាំប្រឆាំង​ធំ​ជាង​គេ​ទាំងពីរនាក់ «ត្រូវបានគេចាប់ដាក់គុក និងទាត់ចេញ ពីឆាកនយោបាយ នោះចាត់ទុកជាភ័ព្វសំណាង របស់​ជាតិ​ខ្មែរ​ហើយ»។ លោក វាសនា ដែលធ្លាប់ជាមន្ត្រីក្រោមបង្គាប់ របស់លោក សម រង្ស៊ី នោះ បានសរសេរ​បន្ត​ទៀត​ថា៖ «ដោយ​សារ​ប្រយោជន៍ផ្ទាល់ខ្លួន មនុស្សក្រុមនេះ នាំខ្មែរវង្វេង ស្ទើរមួយនគរ»។

លោក ខឹម វាសនា មិនបានលំអិតឲ្យបានច្រើនជាងនេះ ថាតើអ្វីទៅ ជា«ប្រយោជន៍ផ្ទាល់ខ្លួន» និង«ភ័ព្វ​សំណាង​​របស់​ជាតិខ្មែរ» នោះឡើយ។ បើគេរំលឹកឡើងវិញត្រួសៗនោះ គេបានដឹងថា លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន ទៅក្រៅប្រទេស ដើម្បីគេចចេញពីការចាប់ខ្លួន តបនឹងដីការឲ្យអនុវត្តន៍សាលក្រម ចូលជា​ស្ថាពរ​រមួយ ទាក់ទងនឹងបណ្ដឹងបរិយារកេរ្ត៍ របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសខ្មែរ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់ សូម្បីតែគ.ជ.ប រដ្ឋសភា ឬព្រះមហាក្សត្រផង បានដឹងជាមុនថា លោក សម រង្ស៊ី ត្រូវបាន​ប្រកាស​ឲ្យ​ក្លាយ​ជា​តំណាងរាស្ត្រ ទាំងលោកនៅមានទោសទណ្ឌ ជាប់ខ្លួនដូច្នេះឡើយ។

ឯលោក កឹម សុខា កំពុងរងបណ្ដឹង របស់កញ្ញា ធី សុវណ្ណថា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់ពី​សម្លេង​ខ្សែ​អាត់ រឿងរ៉ាវស្នេហាដ៏អាស្រូវមួយ ត្រូវបានយកមកទម្លាយ ជាបន្តបន្ទាប់ តាមបណ្ដាញសង្គម។ សម្លេង​នៅក្នុងខ្សែអាត់នោះ បានធ្វើឲ្យគេយល់ថា ជាសម្លេងរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែលជាស្ត្រីធ្វើសក់មួយរូប។

រឿងរ៉ាវ កាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីលោក កឹម សុខា បាន​បដិសេធ​ជាច្រើនដង មិនចូល​ខ្លួន​ទៅ​បំភ្លឺ នៅចំពោះការស៊ើបសួរ របស់សាលាដំបូងរាជធានី ទាក់ទង​នឹង​បណ្ដឹង​ខាងលើ បើទោះជាការ​ចូល​ខ្លួន​នោះ ធ្វើឡើងក្នុងនាមជាសាក្សីក៏ដោយ។ ការបដិសេធនេះ ត្រូវបាន​តុលាការ​ប្រកាស តាមចាប់ខ្លួនលោក កឹម សុខា ដោយចោទអនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​ប្រឆាំង ថា​បាន​ប្រព្រឹត្តិ​បទល្មើសជាក់ស្ដែង ពី​ការ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺនេះ។

ក្រុមមន្ត្រីប្រឆាំង បានថ្លែងក្នុងពេលកន្លងមក ការពារការមិនចូលខ្លួន ទៅបំភ្លឺនោះ ថាត្រូវបានធ្វើឡើង ក្នុង​ហេតុផល​«គោលការណ៍» នៃអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ត្រ ដែលត្រូវបានការពារ ដោយ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

ដោយឡែក លោក សម រង្ស៊ី ធ្លាប់បានថ្លែងរួចស្រេចហើយ ថាលោក មិនបានធ្វើឲ្យខ្មែរណាម្នាក់ ស្រក់ទឹកភ្នែក ឬស្រក់ឈាម ដោយសារលោកឡើយ។ លោកថា លោកមិនបានប្រព្រឹត្តិអំពើពុករលួយ មិនបានទៅឆក់ប្លន់ដីធ្លី ស្រែចំការ របស់ប្រជាពលរដ្ឋណាម្នាក់ មិនបានកាប់បំផ្លាញព្រៃឈើ ឬធនធានធម្មជាតិ ហើយក៏មិនបានចុះ​ហត្ថលេខា​លើករណីព្រំដែន ធ្វើឲ្យប្រទេសកម្ពុជាបាត់ទឹក បាត់កោះ បាត់ដី ទៅឲ្យបរទេសជិតខាងនោះដែរ៕