អ៊ឺរ៉ូ២០១៦៖ តារាង​ក្រុម​និង​កាល​វិភាគ​ទាំង​ស្រុង នៃ​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ

ជុំទីបី នៃវគ្គជម្រុះ បានបញ្ចប់ទៅហើយ កាលពីយប់ម៉ិញ បន្ទាប់ពីការប្រកួតទាំងពីរ នៅក្នុងពូល E (អ៊ីតាលី-អៀរឡង់៖ ០-១ និង​ស៊ុយអែដ-ប៊ែលហ្សិក៖ ០-១)។ ហើយខាងក្រោមនេះ ជាតារាងនៃ​ក្រុមដែលបានឡើង និង​ការ​ជួប​​ប្រកួត នៅ​ក្នុង​វគ្គ​១ភាគ៨​ផ្ដាច់​ព្រ័ត្រ។
អ៊ឺរ៉ូ២០១៦៖ តារាង​ក្រុម​និង​កាល​វិភាគ​ទាំង​ស្រុង នៃ​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ

ពានរង្វាន់បាល់ទាត់ នៃព្រឹត្តិការណ៍«អ៊ឺរ៉ូ២០១៦» សម្រាប់ក្រុមជម្រើសជាតិណា ដែលមានសមត្ថភាព​​ខ្ពស់ជាងគេ។ (រូបថត UEFA)

ក្រុមជម្រើសជាតិ ដែលធ្លាក់ដល់ចំណាត់ថ្នាក់លេខបួន នៅក្នុងវគ្គជម្រុះ បានវេចខ្ចប់ខោអាវរបស់ខ្លួន ​ត្រឡប់​ទៅ​ស្រុក​វិញ។ ក្រុមបាល់ទាត់ដ៏អភ័ពនោះ មានក្រុមជម្រើសជាតិ​មកពីប្រទេស រ៉ូម៉ានី រ៉ូស្ស៊ី អ៊ុយក្រែន ឆេក ស៊ុយអែដ និងប្រទេសអូទ្រីស៍។ ចំណែក្រុមជម្រើសជាតិ នៅជាប់លេខបីនៅក្នុងពូល សុទ្ធតែបានឡើង​ទៅ​ទាត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រទាំងអស់ លើកលែងតែក្រុមអាល់បានីមួយប៉ុណ្ណោះ ដែលទទួលពិន្ទុ និងរក​គ្រាប់​បាល់ បាន​តិច​ជាង​គេ (រកបានបីពិន្ទុ ដូច ទួរគី និងអៀរឡង់ខាងជើង តែរកគ្រាប់បាល់ បានតិចជាងក្រុមទាំងពីរ)។

ចំណែកឯក្រុមដែលជាប់ឡើងមកទាត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ មានដូចតទៅ៖

អ៊ឺរ៉ូ២០១៦៖ តារាង​ក្រុម​និង​កាល​វិភាគ​ទាំង​ស្រុង នៃ​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ

ហើយខាងក្រោមនេះ ជាកាលវិភាគនៃការជួប្រកួត រវាងក្រុមទាំង១៦ (ថ្ងៃព្រហស្បត្តិ៍ទី២៣ ថ្ងៃសុក្រទី២៤ ខែ​មិថុនា ឆ្នាំ២០១៦ ជាថ្ងៃសម្រាក ដើម្បីអនុញ្ញាតឲ្យក្រុមមួយចំនួន ដែលទើបនឹងប្រកួតចប់ អាចរកកម្លាំង​មក​វិញ និង​ត្រៀម​ការ​ប្រកួត​ នៅក្នុង​វគ្គ​ក្រោយនេះ)៖

ថ្ងៃសៅរ៍ទី២៥ ខែមិថុនា ឆ្នាំ២០១៦៖

+ ម៉ោង១៥ (ម៉ោងនៅបារាំង)៖ ស្វីស - ប៉ូឡូញ នៅកីឡាដ្ឋាន នៃក្រុង «Saint-Etienne» ស្ថិតនៅភាគ​ខាង​ត្បូង។

+ ម៉ោង១៨ (ម៉ោងនៅបារាំង)៖ វៀល្ស៍ - អៀឡង់ខាងជើង នៅកីឡាដ្ឋាន នៃរដ្ឋធានីប៉ារីស។

+ ម៉ោង២១ (ម៉ោងនៅបារាំង)៖ ក្រូអាស៊ី - ព័រទុយហ្គាល់ នៅកីឡាដ្ឋាន នៃក្រុង «Lens» ស្ថិតនៅភាគ​ខាង​ជើង។

ថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០១៦៖

+ ម៉ោង១៥ (ម៉ោងនៅបារាំង)៖ បារាំង - អៀរឡង់ នៅកីឡាដ្ឋាន​នៃក្រុង «Lyon» ស្ថិតនៅភាគខាងត្បូង។

+ ម៉ោង១៨ (ម៉ោងនៅបារាំង)៖ អាល្លឺម៉ង់ - ស្លូវាគី នៅកីឡាដ្ឋាន​នៃក្រុង «Lille» ស្ថិតនៅភាគខាងជើង។

+ ម៉ោង២១ (ម៉ោងនៅបារាំង)៖ ហុងគ្រី - ប៊ែលហ្សិក នៅកីឡាដ្ឋាន​នៃក្រុង «Toulouse» ស្ថិតនៅភាគ​ខាង​ត្បូង។

ថ្ងៃចន្ទទី២៧ ខែមិថុនា ឆ្នាំ២០១៦៖

+ ម៉ោង១៨ (ម៉ោងនៅបារាំង)៖ អ៊ីតាលី - អេស្ប៉ាញ នៅកីឡាដ្ឋាន​នៃក្រុង «Saint-Denis» ស្ថិតនៅភាគខាង​ជើង ជាប់​រដ្ឋធានីប៉ារីស។

+ ម៉ោង២១ (ម៉ោងនៅបារាំង)៖ អង់គ្លេស - អ៊ីស្លង់ (អាយឡេន) នៅកីឡាដ្ឋាន​នៃក្រុង «Nice» ស្ថិតនៅភាគ​ខាង​ត្បូង។

» ខាងក្រោមនេះ ជារូបភាព​នៃតារាងសង្ខេប​ បង្ហាញពីការប្រកួត នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ៖

អ៊ឺរ៉ូ២០១៦៖ តារាង​ក្រុម​និង​កាល​វិភាគ​ទាំង​ស្រុង នៃ​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ

គួរកត់សម្គាល់ដែរថា ក្រុមដែលល្បីឈ្មោះ ថាជាក្រុមខ្លាំង ទាំងនៅក្នុងទ្វីបអ៊ឺរ៉ុប និងនៅលើ​ពិភពលោក នៅផ្នែក​ខាង​ឆ្វេង មានក្រុមជម្រើសជាតិ ក្រូអាស៊ី ព័រទុយហ្គាល់ និងក្រុមប៊ែលហ្សិក ខណៈនៅខាងស្ដាំ មាន​ក្រុម​ជម្រើស​​ជាតិ អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ បារាំង និងក្រុមអង់គ្លេស។ ដូច្នេះក្រុមខ្លាំងៗ​ទាំងសងខាងនេះ នឹង​ត្រូវ​ជួបគ្នា ហើយនឹងត្រូវជម្រុះចេញ ជាបន្តបន្ទាប់ ដោយហេតុថា ចាប់ពីវគ្គ១ភាគ៨នេះតទៅ ក្រុមដែលចាញ់ នឹង​ត្រូវ​វេចបង្វេចត្រឡប់ទៅផ្ទះ លើកលែងតែក្រុមបារាំងមួយប៉ុណ្ណោះ។ នៅពេលដែលក្រុមបារាំងចាញ់ នោះ​ប្រទេស​បារាំង​ទាំងមូល ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត នឹងត្រូវអង្គុយសម្លឹងមើល​ទាំងយំមិនចេញ នូវ​រាល់​ការ​ប្រកួត របស់​ក្រុម​ផ្សេង​ទាត់នៅលើផ្ទះខ្លួន រហូតដល់ចប់«អ៊ឺរ៉ូ២០១៦»។

វាត្រូវតែអញ្ចឹង ព្រោះវាជាលក្ខន្តិកៈ​នៃបាល់ទាត់ ជាពិសេសសម្រាប់ការប្រកួតដ៏ធំដូច្នេះ៕