BARCLAYS ៖ សេដ្ឋកិច្ច​សកល​កំពុង​ដើរ​ដល់​ផ្លូវបំបែក

នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត វា​អាច​នឹង​មានរឿង​ដ៏​សំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច​សកល ចាប់តាំងពី​ការ​ដួល​រលំ​នៃ​ធនាគារ Lehman Brothers កាលពី​ឆ្នាំ​២០០៨​កន្លង​មក ហើយ​វា​មិនមែន​គ្រាន់តែ​ការ​បោះ​ឆ្នោត​ប្រជាមតិ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ ។

យោង​តាម​ការ​វិភាគ​របស់ Barclays ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​ចម្រុះ​របស់​អង់គ្លេស មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ប្រជាមតិ​ចាកចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៣ មិថុនា នេះ វា​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​ណាស់​។ ជាមួយនឹង​លទ្ធផល «Yes​ឬ​No» នេះ នឹង​សម្រេច​ថា តើ​វា​កើនឡើង​ឬ​ធ្លាក់​ចុះ​យ៉ាងណា ។

ខណៈ​ដែល​យុទ្ធនាការ​ចាកចេញ​បាន​នាំមុខ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​កាលពី​ដើមខែ​នេះ  អ្នក​ដែល​ចង់ឱ្យ​បន្ដ​នៅ​ក្នុង​សហភាព​អឺរ៉ុប ក៏​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា និង​មាន​ប្រជាប្រិយភាព​ផង​ដែរ ចាប់តាំងពី​ការ​បាញ់​សម្លាប់​លោកស្រី Labour MP Jo Cox កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​មក ។

ក្នុង​នោះ​ក៏​មា ន​ការ​ច្របូកច្របល់​នៅ សហរដ្ឋអា​មេ​រិ​ក​ផង​ដែរ​ថា តើ​សហព័ន្ធ​ធនាគារកណ្ដាល​ចង់​បង្កើន​អត្រា​ការ​ប្រាក់ ឬ​រក្សា​វា​នៅ​កម្រិត​ទាប​នា​ថ្ងៃ​អនាគត ហើយ​និង​មាន​ក្ដី​បារម្ភ​ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន អាច​នឹង​ធ្លាក់​ចុះ​យ៉ាង​លឿន​នៅ​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​នេះ ឬ​យ៉ាងណា ។ គ្មាន​នរណា​ម្នាក់​អាច​ប៉ាន់ស្មាន​ឲ្យ​ប្រាកដ​ទេ​ថា ព្រឹត្តិ​ការណ៍​នោះ​នឹង​ទៅ​ជា​បែប​ណា ហើយ​រឿង​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​សកល ។

Barclays បានឱ្យ​ដឹង​ថា ការ​ចាកចេញ​របស់​អង់គ្លេស នឹង​មាន​ផល​អាក្រក់ ជា​ពិសេស​សម្រាប់​តំបន់​អឺរ៉ុប ដែល​បាន​រារាំង​លទ្ធផល​នៃ​ក្ដី​រំពឹង​លើ​កំណើនសេដ្ឋកិច្ច ។

សេណា​រី​យ៉ូ​ម៉ាក្រូសេដ្ឋកិច្ច​ដែល​ជា​មូលដ្ឋាន​របស់​យើង​មាន​កំណើន​តិចតួច​ដូច​ជា ការ​វិនិយោគ​មាន​កំណើនថេរ ហើយ​យើង​រំពឹង​ថា កំណើន GDP នៅ​ក្នុង​តំបន់​អឺរ៉ុប​នឹង​កើន​ឡើង​១,៧%​នៅ​ឆ្នាំ​នេះ និង​១,៨%​នៅ​ឆ្នាំ​២០១៧ ។ ទោះបី​យ៉ាងណា ក្រោម​សេណា​រី​យ៉ូ​នៃ​ការ​ចាកចេញ​នេះ ការ​ព្យាករ​កំណើន​របស់​យើង​ឃើញ​ថា នឹង​ធ្លាក់​ចុះ​បន្ដិច​វិញ គឺ​១,៤%​នៅ​ឆ្នាំ​នេះ និង​០,៤%​នៅ​ឆ្នាំ​២០១៧ ។

លោក Mohamed El-Erian អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pacific Investment Management Co. (PIMCO) និង​បច្ចុប្បន្ន​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Allianz បាន​សម្លឹង​ឃើញ​លទ្ធផល​សេដ្ឋកិច្ច​កំពុង​តែ​បែប​នេះ ។

លោក El-Erian បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ទីក្រុង​ឡុ​ង​ដ៍​កាលពីដើម​ឆ្នាំ​នេះ​ថា ៖ « ផ្លូវ​ដែល​យើង​កំពុង​ដើរ វា​នឹង​ដល់ទី​បញ្ចប់​មួយ » ៕