សុន ស្រីពេជ្រ រំលឹកពីទឹកចិត្តឪពុកស្តាប់ ហើយរំភើបចិត្ត ស្ទើរស្រក់ទឹកភ្នែក

ភ្នំពេញ៖ តារាចម្រៀងមានទឹកដមសំឡេង ក្រអួនក្រអៅ និងអត្តចរឹតរួសរាយ កញ្ញា សុន ស្រីពេជ្រ ពេលនេះកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង ទៅលើរូបថត ដែលនាងទូលផ្លែព្រីងលក់ នៅមុននេះបន្តិច បានរំលេចសារ រំលឹកពីទឹកចិត្តឪពុក ដែលទស្សនិកជនស្គាល់ច្បាស់ថា ជាតារាកំប្លែង នាយ សង់ស៊ីស បានស្រលាញ់និងជួយជីវិតនាង ឲ្យបានរស់រាន មានជីវិតដល់ពេលនេះ ក្រោយពីបានអានសារនេះ ហើយពិតជារំភើបចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនជាប់។

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ បានសរសេរសារបង្ហោះ ពីអារម្មណ៍របស់នាងថា «នេះហើយទឹកចិត្តលោកពុក នឹកឃើញកាល ខ្ញុំនៅស្រុកអាយុបាន ៧ឆ្នាំ ខ្ញុំគ្រុនពោះវៀនធ្ងន់ធ្ងរ រហូតដល់ពេទ្យស្រុកប្រាប់ថា អស់សង្ឃឹម ពុកខ្ញុំបានបីខ្ញុំរត់ទៅពេទ្យ គ្រប់កន្លែង តែពេទ្យអត់ហ៊ានទទួលមើលទេ ព្រោះខ្ញុំមិនសង្ឃឹមទេ ពេលនោះពុកម៉ែខ្ញុំអស់សង្ឃឹមខ្លាំង គ្មានអ្វីក្រៅពីទឹកភ្នែកអាណិតកូននោះទេ បន្ទាប់មកពុកបានសម្រេចចិត្ត យកខ្ញុំទៅពេទ្យខេត្តបាត់ដំបង ដោយអង្វរលោកគ្រូពេទ្យ អោយព្យាបាលខ្ញុំ បើទោះខ្ញុំស្លាប់ក៏គាត់អស់ចិត្តដែរ ឲ្យតែពេទ្យព្រមទទួលមើល» ។

តារាចម្រៀងរូបនេះ បានរៀបរាប់ទៀតថា « ពេលនោះពេទ្យក៏គាត់យល់ព្រម ពុកឃើញកូនបាត់មាត់បាត់ករ ពុកសែនភ័យខ្លាចបាត់បង់កូន ពុកនិយាយរឿងព្រេង អោយកូនស្តាប់ អោយតែកូនប្រើ ពុកសុខចិត្តអត់ទៅភ្នំពេញធ្វើការ សុខចិត្តអោយគេដកឈ្មោះពុក ចេញពីកន្លែងការងារ ព្រោះតែចង់នៅមើលថែកូន ពុកសុខចិត្តរាំច្រៀងក្នុងពេទ្យ ដោយមិនខ្មាស់អ្នកជំងឺ ដទៃគេសើចចំអក ព្រោះចង់ឃើញកូនស្រីញញឹម ដោយទឹកដោះម៉ែថ្លៃនិស្ស័យ កើតមកជាកូនស្រីពុក ស៊ីស ទើបខ្ញុំមានជីវិតមកដល់ថ្ងៃនេះ អរគុណពុក កូនស្រលាញ់ពុកណាស់ កូនលំបាកប៉ុណ្ណា តែមិនស្មើរគុណ ដែលពុកផ្តល់កំណើត និងមើលថែកូនឡើយ »៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា តើគួរឲ្យជឿទេ តារាចម្រៀងល្បីម្នាក់ ក្នុងប្រទេសកម្ពុជា ស្រាប់តែមកធ្លាក់ខ្លួនដើរទូលផ្លែព្រីងលក់ ដើម្បីយកប្រាក់ព្យាបាលឪពុកឈឺ? តារាចម្រៀងស្រីដ៏ល្បីល្បាញ កញ្ញា សុន ស្រីពេជ្រ ​​ត្រូវបានមហាជនស្គាល់ជាទូទៅថា ជាតារាចម្រៀងមានទឹកដម​សំឡេងក្រអួនក្រអៅ និងអត្តចរឹតរួសរាយ ហើយជាកូនស្រីម្នាក់ ដែលបានជួយយិតយោងគ្រួសារ​ ឲ្យងើបផុតពីភាពលំបាក។ ប៉ុន្តែអ្វីដែលបានកើតឡើង ស្ទើរតែខ្លោចចិត្តសម្រាប់​តារាចម្រៀងល្បីរូបនេះ គឺទស្សនិកជនបែរជាប្រទះ ឃើញនាងកំពុងតែដើរទូលផ្លែព្រីងលក់ តាមផ្សារ និងច្រកល្ហកនានា ដើម្បីបានប្រាក់ចំណេញខ្លះ មកជួយផ្គត់ផ្គង់គ្រួសារ ខណៈដែលឪពុករបស់នាងកំពុងតែធ្លាក់ខ្លួនឈឺ ត្រូវការប្រាក់ព្យាបាលជាបន្ទាន់ និងប្អូនប្រុសត្រូវបញ្ជូនទៅព្យាបាលនៅវៀតណាម។

រំឭកពីប្រវត្តិបន្តិច តារាចម្រៀងជួប​តែ​បញ្ហាមិនចេះចប់ ជាពិសេសវិបត្តិគ្រួសារ កញ្ញា សុន ស្រីពេជ្រ ​ត្រូវបានគេដឹងថា មុននឹងនាងចូលប្រឡូក​ក្នុងសិល្បៈ គ្រួសាររបស់នាង បាន​ជួលផ្ទះគេនៅម្ដុំ មុខពេទ្យរុស្សី ប៉ុន្តែក្រោយមកនាងក៏​បានសាងសង់ផ្ទះខ្លួនឯង និងទិញរថយន្តឲ្យគ្រួសារបាន​ប្រើប្រាស់​ មានភាពល្អប្រសើរ នៃកម្រិតជីវភាព ប្រចាំថ្ងៃ ដោយ​នាងរកលុយ ដោយញើសឈាម​សុទ្ធសាទ និងសុចរិតថ្លៃថ្នូរ ។

តារាចម្រៀង សុន ស្រីពេជ្រ ថ្វីត្បិតតែជីវភាពគ្រួសារ បានល្អ​ជាងមុនបន្តិចក្ដី តែជំងឺដំកាត់ហាក់មកតាមយាយី គ្រួសារនាងមិនសូវលោះឡើយ អស់ពីមួយចូលមួយ មិនស្រាកស្រាន្ត ដោយថ្មីៗនេះ ឪពុករបស់នាង គឺលោក សង់ ស៊ីស បានចូលសម្រាកមន្ទីរ​ពេទ្យបន្ទាន់ ហើយក៏បានធូរស្បើយបន្តិចវិញ។ នៅមិនទាន់អស់ទុក្ខកង្វល់ បន្ទាប់ពីឪពុករបស់ ស្រីពេជ្រ បានស្រួលបួលបន្តិច ស្រាប់តែប្អូនប្រុសរបស់នាង​ត្រូវជំងឺធ្វើទុក្ខ បញ្ចូនទៅវៀតណាម​ជាបន្ទាន់ម្នាក់ទៀត ខណៈដែ​លបន្ទុកនេះ គឺស្ថិតនៅលើរូបនាង ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។

ជាការពិត ដោយសារតែរដូវនេះ ជារដូវវស្សា ការជួលសម្ដែង ច្រៀង និងកាត់សក់តាមមង្គលការនានា ត្រូវបានថមថយនោះ ហើយការចំណាយផ្សេងៗក្នុង​គ្រួសារ នៅតែជាបន្ទុក​ដ៏ចាំបាច់នោះ បានតម្រូវឲ្យកញ្ញា សុន ស្រីពេជ្រ ​បែរជាចេញលក់ព្រីងទៅវិញ ដើម្បីបានប្រាក់កម្រៃខ្លះជួយគ្រួសារ ខណៈដែលរដូវនេះ ជារដូវសម្បូរផ្លែព្រីងទុំ។ ​ទស្សនិកជន​ដែល​តែងតែ គាំទ្រនាងក្នុងបណ្ដាញ​សង្គម Facebook បាននិយាយថា ស្រីពេជ្រ លក់ព្រីងសមណាស់ ត្បិតអីនាងពីមុន គឺជាកុមារីម្នាក់ ធ្លាប់ទូលនំលក់ ទូលក្រូចលក់ ជីវភាពលំបាកបែបណា ក៏ធ្លាប់ឆ្លងកាត់មកអស់ដែរ ដូចនេះគ្មានអ្វីដែលនាង មិនអាចធ្វើបាននោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload