ទុក​ផ្លូវ​ឲ្យ​មេម៉ាយ ធ្វើ​ក៏​មិន​ធ្វើ ជួសជុល​ក៏​អត់

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ គឺ​ឃុំ​មេសរ​ប្រ​ចាន់ ឃុំ​កំពង់​ពពិល ឃុំ​កំពង់​ប្រាំង និង​ឃុំ​ព្រែក​តាសរ បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ​ពួក​គាត់​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ពេល​ធ្វើ​ដំណើរ​ទៅ​ណា​ម្តង​ៗ ដោយសារ​តែ​ផ្លូវ​១​ខ្សែ​ដែល​កាត់​ក្នុង​ឃុំ​របស់​ពួក​គាត់ ពេល​នេះ​កំពុង​រង​ការ​ខូចខាត​យ៉ាងដំណំ ស្ទើរតែ​ធ្វើ​ដំណើរ​ឆ្លងកាត់​លែង​បាន​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​១​ខ្សែ​នេះ​គឺជា​សរសៃឈាម​ដ៏​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួក​គាត់ ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ទៅ​រៀនសូត្រ និង​នាំ​យក​កសិផល​ផ្សេង​ៗ​ទៅ​លក់​នៅ​លើ​ទីផ្សារ ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​អាជ្ញាធរ​ណា​គិតគូរ​ជួយ​ធ្វើការ​ជួសជុល​ឡើង​វិញ​នោះ​ទេ ដោយនៅ​រដូវប្រាំង​ដី​ហុយ​ទ្រលោម ប៉ះពាល់​ទាំង​អ្នក​ធ្វើ​ដំណើរ និង​អ្នកស្រុក​ដែល​នៅ​សងខាង​ផ្លូវ ដល់​ខែវស្សា​តួ​ផ្លូវ​ទាំងមូល​បែក​ភក់ល្បាប់​ខ្លាំង ទាំង​សិស្សសាលា អ្នកធ្វើការ និង​អ្នកដំណើរ​រអិល​ដួល​របួស​ស្ទើរ​រៀងរាល់ថ្ងៃ គឺ​ពិបាក​ខ្លាំង​ណាស់ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ផ្លូវ​១​ខ្សែ​នេះ​កាលពី​ឆ្នាំ​២០១៣ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា នឹង​ធ្វើ​ផ្លូវ​នេះ​ឲ្យ​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ និង​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​២០១៥ សម្រាប់​ជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​៤​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ពាក់កណ្តាល​ឆ្នាំ​២០១៦​ទៅ​ហើយ តែ​ផ្លូវ​នេះ​នៅ​តែ​ដដែល មិនឃើញ​មាន​អ្នក​ណា​គិតគូរ​ជួសជុល​នោះ​ទេ ។

ដោយឡែក​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ឲ្យ​ដឹង​ថា ផ្លូវ​១​ខ្សែ​នេះ​គឺ​គេ​ធ្វើ​បាន​មួយ​កំណាត់​ហើយ គឺ​ពី​ឃុំ​មេសរ​ប្រ​ចាន់​មក​ដល់​ឃុំ​កំពង់​ពពិល ប៉ុន្តែ​គឺ​ក្រាល​គ្រួ​ស​ក្រហម​មិនមែន​ក្រាល​កៅស៊ូ​ឡើយ ដោយឡែក​ពី​ឃុំ​កំពង់​ពពិល​ទៅ ឃុំ​ព្រែក​តាសរ​នោះ​នៅ​មិន​ទាន់​បាន​ធ្វើ​ទេ ដោយសារ​មិន​ទាន់​មាន​កញ្ចប់​ថវិកា ៕