អ្នកដឹង! នាំគ្នា​ភ្លូកទៅទន្លេវ៉ៃគោ​

ខេត្ត​ស្វាយ​រៀង ​៖ កាល​ពី​​វេលា​​ម៉ោង០៧​ព្រឹក​​ថ្ងៃ​ទី​២៣ ​មិថុនា ​២០១៦ ​នេះ​ ប្រជាពលរដ្ឋ​​នាំ​គ្នា​​ផ្អើល​​​ចុះ​ចាប់​ត្រី​ពុល ​ក្នុង​ទន្លេ​វ៉ៃ​គោ​ត្រង់​​​ចំណុច​គល់​ស្ពាន​ហ៊ុន ​សែន ​គយ​ត្របែក ក្នុង​​ភូមិ​គយ​ត្របែក​ សង្កាត់​គយ​ត្របែក ​ក្រុង​ស្វាយ​រៀង ​។ ដោយគេ​ដឹង​ពី​មូល​ហេតុ​គឺបណ្តាល​​បង្ហូរ​​​ទឹក​​ស្អុយក្នុង​ក្រុង​ស្វាយ​រៀង ​ចូល​ក្នុង​ទន្លេ​វ៉ៃ​គោ​ ទើប​ធ្វើ​​ឱ្យ​ត្រី​ក្នុង​ទន្លេ​ពុលងើប​​​រក​ផ្លូវ​ចេញ​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ក៏​នាំ​គ្នា​ចុះ​ចាប់ ដោយ​​ក្នុង​ម្នាក់ៗ​​រាប់​​គីឡូ​ឯណោះ ។

បើ​តាម​​​ពលរដ្ឋ​ម្នាក់​ ដែល​កំពុង​ចុះ​ចាប់​ត្រី​នោះ​​និយាយ​​ថា កន្លង​មក ​ដោយ​មាន​ភាពរាំងស្ងួត​ និង​អាជ្ញាធរ​ធ្វើ​ទំនប់​បង្ហៀ​រ​ទឹក​ នៅ​ប៉ែក​ខាងលើ​​នៃ​ទន្លេ​វ៉ៃ​គោនោះ ធ្វើ​ឱ្យ​​ទន្លេ​​ប៉ែក​ខាងក្រោម​រីង​​គោក​​ទឹក​​រាក់ ហើយ​នៅ​​យប់​ថ្ងៃ​ទី​២២ ​មិថុនា​ នេះ​ ក៏​មាន​ភ្លៀង​ធ្លាក់​​មួយ​មេ​​ធំ ​និង​មាន​ទឹក​ស្អុយ​​​ហូ​រ​ចេញ​តាម​​លូ​​បង្ហូរ​​ទឹក​ពី​ក្រុង​ស្វាយ​រៀង ហូ​រ​ចូល​ក្នុង​ទន្លេ​វ៉ៃ​គោ ។

កត្តា​នេះហើយ ទើប​​ធ្វើ​ឱ្យ​ត្រី​គ្រប់ប្រភេទ​ពុល​ រក​ផ្លូវ​ចេញ​នៅ​ចំណុច​គល់​ស្ពាន​ហ៊ុន​ សែន​គយ​​ត្របែក​នេះ ហើយ​ត្រី​មួយ​ចំនួន​ រុក​ក្នុង​គុម្ព​កក់ ​និង​កំប្លោក​ ទើប​អ្នកស្រុក​ឃើញ​នាំ​គ្នា​ចុះ​ចាប់​តែ​ម្តង ​។ ហើយ​អាជ្ញាធរ​និយាយ​ថា​ រដូវ​នេះ​ ជា​រដូវ​ត្រី​ពង ហើយ​បើ​ថា​ ត្រី​ពុល​ទឹក​ស្អុយ​ ដែល​ហូ​ចេញពី​ក្រុង​ចូល​ទន្លេ​វ៉ៃ​គោ​នោះ​ អាជ្ញាធរ​ក៏​មិន​អាច​ទប់​ស្តា​ត់​យ៉ាងណា​ដែរ ។

អា​ជ្ញា​ធរ​បាន​សាងសង់​​លូ​មេ​បង្ហូ​រ​ទឹក​ស្អុយ​ចេញពី​ក្រុង​​ ទៅ​កាន់​អូ​ស្មាច់​រួច​ហើយ​ នៅ​​តែ​លូ​តូច​ៗ​មួយ​ចំនួន​​ក្បែ​រ​ទន្លេ​ ដែល​ហូ​រ​ចូល​ក្នុង​ទន្លេ​វ៉ៃ​គោ​ ដូច​ច្នេះ ​បើ​តាម​ការ​សន្និដ្ឋាន​​របស់​អាជ្ញាធរ​​វិញ ​គឺ​ត្រី​ទន្លេ​នៅ​ក្នុង​កន្លែង​ទឹក​រាក់ ​ពេល​មាន​ភ្លៀង​​មក ​មានទឹក​ហូ​រ​ធុំក្លិន​ទឹក​ថ្មី​ ក៏​ឡើង​ស្រង់​តាម​ទឹក​ហូ​រ និង​រក​កន្លែង​ពង​កូន ។