គ្រាន់តែ​រឿង​ជួប​មុខ​គ្នា​ស្ដោះ​ទឹក​មាត់​​​ និស្សិត​រៀន​ពូកែ​ម្នាក់​ក្លាយ​ខ្លួន​ជា​ឃាតក​ដ៏​ឃោរឃៅ

គ្រាន់តែ​រឿង​ជួប​មុខ​គ្នា​ស្ដោះ​ទឹក​មាត់​​​ និស្សិត​រៀន​ពូកែ​ម្នាក់​ក្លាយ​ខ្លួន​ជា​ឃាតក​ដ៏​ឃោរឃៅ



ភ្នំពេញ ​៖​ ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៣​ធ្វើ​ការ​នៅ​ក្រសួងការពារជាតិ, ឃាតក​​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ទួលគោក​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បាន​ហើយ ហើយ​មូល​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ចាក់​សម្លាប់​យ៉ាង​ឃោរឃៅ​នេះ​មិន​មាន​រឿង​អ្វី​ឲ្យ​ធ្ងន់ធ្ងរ​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ស្ត្រី​រងគ្រោះ​ស្ដោះ​ទឹកមាត់​របៀប​មើលងាយ​ឃាតក​​តែប៉ុណ្ណោះ​ ទើប​បណ្ដាល​ឲ្យ​ឃាតក​​ចង​ជា​កំហឹង​ឈាន​ដល់​ការ​ចាក់​សម្លាប់​តែ​ម្ដង។

ឃាតក​​​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​៣២E0 ក្រុម​១២ ផ្លូវ​១៦២ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក ជាប់​នឹង​ផ្ទះ​ស្ត្រី​រងគ្រោះ ហើយ​​គេ​បាន​សារភាព​កំហុស​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​​មិថុនា​នេះ។

មន្ត្រី​នគរបាល​ខណ្ឌ​ទួលគោក​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ម៉ី គឹម​ហេង ហៅ​ដំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​គណិតវិទ្យា នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្នាក់នៅ​នៅផ្ទះ​លេខ​៣២E0 ក្រុម​១២ ផ្លូវ​១៦២ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក ជាប់​នឹង​ផ្ទះ​ស្ត្រី​រងគ្រោះ។

ជុំវិញ​មូលហេតុ​នៃ​ការ​សម្លាប់​ស្ត្រី​រងគ្រោះ​នេះ​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​គឺ​ពិតជា​បាន​ចាក់​សម្លាប់​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ព្រោះតែ​ខឹង​នឹង​ស្ត្រី​រងគ្រោះ​ស្ដោះ​ទឹកមាត់​ដាក់ ​ពេល​ជួប​មុខ​គេ​ម្តងៗ ធ្វើ​ឲ្យ​រូបគេ​ចង​ជា​កំហឹង​ឈាន​ដល់​ការ​ចាក់​សម្លាប់​តែម្តង។ ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ថា ជា​និស្សិត​រៀន​ពូកែ​ម្នាក់ ដែល​ទទួល​បាន​អាហារូបករណ៍​ចំនួន​៤ ពី​សកល​វិទ្យាល័យ​​ជា​ច្រើន​ផង​ដែរ មិន​គួរ​គ្រាន់តែ​រឿង​បន្តិចបន្តួច​ទប់ចិត្ត​មិនបាន រហូត​ធ្វើ​ឲ្យ​មាន​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​បែបនេះ​សោះ។

គួរ​រំឭក​ផង​ដែរ​ថា ស្ត្រី​ម្នាក់ មាន​មុខ​ងារ​ជា​មន្ត្រី​យោធា​ ពាក់​ស័ក្ដិ​២ នៅ​ក្រសួងការពារជាតិ ត្រូវ​បាន​ជនសង្ស័យ​ចាក់​សម្លាប់​យ៉ាង​សាហាវ​នៅ​កណ្ដាល​ទី​សាធារណៈ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​ខាងជើង​ឆៀង​ខាងលិច​ផ្សារ​ដេប៉ូ ត្រង់​ផ្លូវ​លេខ​២១៩ កែង​ផ្លូវ​១៥៦ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ លី ដាវី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ឋានន្តរសក្ដិ​អនុសេនីយ៍ឯក​(​ស័ក្ដិ​៣) នៅ​ក្រសួងការពារជាតិ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​៣២​បេ ក្រុម​១២​ ផ្លូវ​១៦២​ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ថ្ងៃ​កើតហេតុ គេ​បាន​ឃើញ​ស្ត្រី​រងគ្រោះ​ ដើរ​សំដៅ​ទៅ​ផ្សារ​ដេប៉ូ​ លុះ​មកដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ ឃ្លី​ក ពណ៌​ឈាម​ជ្រូក មិន​ចាំ​ស្លាក​លេខ ​បាន​មក​ដក​កាំបិត​ចិត​បន្លែ​ចុង​ស្រួច ចាក់​លើ​ស្ត្រី​រងគ្រោះ​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​រួចហើយ ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង​។ ក្រោយពេល​កើតហេតុ ពោលគឺ​ក្រោយពី​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​ប៉ូលិស​ខណ្ឌទួលគោក​ និង​ក្រោយពី​ពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព ទើប​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

គ្រាន់តែ​រឿង​ជួប​មុខ​គ្នា​ស្ដោះ​ទឹក​មាត់​​​ និស្សិត​រៀន​ពូកែ​ម្នាក់​ក្លាយ​ខ្លួន​ជា​ឃាតក​ដ៏​ឃោរឃៅ
គ្រាន់តែ​រឿង​ជួប​មុខ​គ្នា​ស្ដោះ​ទឹក​មាត់​​​ និស្សិត​រៀន​ពូកែ​ម្នាក់​ក្លាយ​ខ្លួន​ជា​ឃាតក​ដ៏​ឃោរឃៅ