ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យមើល​ដំណាក់​ស្ដេច ​ដែល​ជា​ស្នាព្រះហស្ត​របស់​សម្ដេច​តា

ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យមើល​ដំណាក់​ស្ដេច ​ដែល​ជា​ស្នាព្រះហស្ត​របស់​សម្ដេច​តា



ស្ទឹងត្រែង​ ៖​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​មើល បរិវេណ ​និង​ទីកន្លែង​ដំណាក់​ស្ដេច​ ដែល​នៅ​សល់​ពី​សម័យ​ដើម​ ជា​ស្នាព្រះហស្ត​របស់​សម្ដេច​តា​ ធ្វើ​ការ​អភិរក្ស​ឡើង​វិញ ហើយ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​យក​ធ្វើជា​កន្លែង​ស្នាក់នៅ​ ស៊ីផឹក បង្ក​ភាព​អសន្តិសុខ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ប្រជាពលរដ្ឋ​នាំគ្នា​លើកឡើង​ទៀតថា ​៖​ ទីកន្លែង​ដំណាក់​ស្តេច​នេះ​ពិនិត្យ​ឃើញ​ថា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មិនទាន់​បាន​ធ្វើ​ការ​កែ​លម្អ ​ឬ​អភិរក្ស ទុកជា​កេរដំណែល​ដូនតា​នោះ​ទេ ឃើញ​តែ​មានការ​បាក់បែក​ម្ដង​បន្តិចៗ​ធ្វើ​ឲ្យ​បាត់បង់​រូបភាព​ដើម។

ពលរដ្ឋ​និយាយ​ថា ​នៅ​ទី​ដំណាក់​ស្តេច​នេះ គេ​ឃើញ​ពួក​ក្រុម​មនុស្ស​នាំគ្នា​ស៊ីផឹក​ឡូឡា​នៅ​ពេល​យប់​និង​ឈ្លោះប្រកែក​គ្នា​បង្កជម្លោះ បង្កើត​ហិង្សា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ​មានការ​ព្រួយ​បារម្ភ​ទៅ​លើ​សុវត្ថិភាព​ ការ​រស់នៅ​ពេលយប់។

ពួកគាត់​លើកឡើង​ទៀត​ថា​ ៖​ ទីកន្លែង​នេះ​គួរតែ​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​អភិរក្ស​ និង​កែ​លម្អ​ធ្វើជា​ទីកន្លែង​ទេសចរណ៍​​សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​បាន​ឃើញ ​និង​បាន​ស្គាល់​ពី​សមិទ្ធផល​នៅ​សេសសល់​ពី​ដូនតា​ និង​ជា​ស្នាព្រះហស្ត​របស់​សម្ដេច​តា​យើង។

លោក​ម៉ុង​ គី​រី ​ជលសា ​ដែល​បាន​ទៅ​ស្នាក់នៅ​ស៊ីផឹក​នៅ​ទី​សំណាក់​នេះ​បាន​អះអាង​ថា​ ៖​ ពួកគាត់​គ្មាន​ផ្ទះ​ស្នាក់នៅ​ ហើយ​មក​ជ្រកកោន​នៅ​ទីនេះ និង​បាន​ជួយ​សំអាត​ទី​សំណាក់​ស្តេច​នេះ​ផង ​ពីព្រោះ​ឃើញ​អាជ្ញាធរ​ទុកចោល​មិនបាន​ថែ​រក្សា។

លោក​ថា ​ចំណែក​ការ​ស៊ី​ផឹក​ឡូឡា​នោះ​វា​មាន​មែន ​ដោយសារ​ទី​នេះ​វា​ស្ងាត់​ពេក​តែ​លោក​មិនដែល​ទៅ​រក​រឿង​គេឯង​ទេ។

លោក​ជាវ​ណ្ណ​ ចៅ​សង្កត់​ស្ទឹងត្រែង​បាន​ទទួល​ស្គាល់​ថា ​៖ ​ទង្វើ​នេះ​ពិតជា​កើតមាន​មែន​ ហើយ​លោក​បាន​ឲ្យ​ខាង​ប៉ុស្តិ៍​រដ្ឋបាល​ទៅ​ពិនិត្យ​មើល​ហើយ​ និង​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​នៅ​ទីនោះ​ទៀត​ទេពី​ព្រោះ​អ្នក​ទាំងនោះ​សុទ្ធសឹងតែ​មាន​ផ្ទះ​សម្បែង​ត្រឹមត្រូវ។

លោក​ចៅសង្កាត់​បាន​បន្ថែម​ថា​ ៖ ​ទោះ​ក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​អាជ្ញាធរ​សង្កាត់​មិន​អនុញ្ញាត​ឲ្យ​មាន​ជន​ណា​ម្នាក់​ទៅ​រស់នៅ​ទីកន្លែង​សក្ការបូជា​នេះ​ទេ ពីព្រោះ​វា​ជា​កេរដំណែល​របស់​​​ព្រះមហាក្សត្រ ​ដែល​នៅ​សេសសល់​មាន​នៅ​ក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង។

លោក​បញ្ជាក់​ថា ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ម្សិលមិញ​នេះ​​​​​​ ​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ណែនាំ​ជន​ទាំងនោះ​ ហើយ​និង​ដាក់​បទបញ្ជា​ឲ្យ​ឈប់​មក​រស់នៅ​ក្នុង​ទី​ដំណាក់​នេះ​ទៀត។

សូម​បញ្ជាក់​ថា ​៖ ​ទី​ដំណាក់​ស្ដេច​នេះ​ ជា​កន្លែង​ព្រះរាជដំណាក់​របស់​​​អតីត​​​ព្រះមហាក្សត្រ គឺ​សម្ដេច​តា ​សម្ដេច​តាទួត​កាល​ទសវត្សរ៍​ទី​៦០​ស្ថិតនៅ​ក្នុង​ភូមិ​ព្រែក​ ក្នុង​ក្រុង​ស្ទឹងត្រែង​ សង្កាក់​ស្ទឹងត្រែង​ជាប់​នឹង​ផ្លូវជាតិ​មាត់ទន្លេ​មេគង្គ៕

ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យមើល​ដំណាក់​ស្ដេច ​ដែល​ជា​ស្នាព្រះហស្ត​របស់​សម្ដេច​តា

ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យមើល​ដំណាក់​ស្ដេច ​ដែល​ជា​ស្នាព្រះហស្ត​របស់​សម្ដេច​តា