ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា​ បាញ់​សម្លាប់​ខ្លួន​នៅ​លើ​ខ្នងភ្នំ​សំពៅ ​ដោយ​បន្សល់​ទុក​លិខិត​​បណ្ដាំ​១​ច្បាប់

ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា​ បាញ់​សម្លាប់​ខ្លួន​នៅ​លើ​ខ្នងភ្នំ​សំពៅ ​ដោយ​បន្សល់​ទុក​លិខិត​​បណ្ដាំ​១​ច្បាប់



បាត់ដំបង ​៖ ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ម្នាក់​ ដែល​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​បើក​រថយន្ត​មក​បាញ់សម្លាប់​ខ្លួន​នៅ​លើ​ខ្នងភ្នំ​សំពៅ ក្នុង​ខេត្ត​បាត់ដំបង ​​ហើយ​​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះឃើញ​សព កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦ ដោយ​សព​ជនរងគ្រោះ​បាន​បន្សល់ទុក​នូវ​លិខិត​បណ្ដាំ​ផ្ញើ​មួយ​សន្លឹក​ទុក​ឲ្យ​ក្រុម​គ្រួសារ​ផង​ដែរ មុននឹង​គេ​ធ្វើ​អត្តឃាត​ដោយ​បាញ់​ប្រហារ​ខ្លួនឯង។

ការ​ភ្ញាក់ផ្អើល​នេះ​គឺ​ស្ថិតនៅ​ចំណុច​លើ​ខ្នងភ្នំ​សំពៅ ខាងកើត​វត្ត​គីរីរម្យ ក្នុង​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដោយសារតែ​គេ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ គឺ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ហើយ​នៅក្បែរ​សព​មាន​បន្សល់​នូវ​អាវុធ​ធុន​អាកា​ស្វ័យ​បត់​មួយ​ដើម​ផង​ដែរ។

លោក​ម៉ី ឆេង​លី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំ​សំពៅ បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ កាលពី​រសៀល​ថ្ងៃទី​២៣​នេះ​ថា ក្រោយពី​កម្លាំង​ជំនាញ​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ និង​បាន​ពិនិត្យ​ទៅលើ​សព ​គឺ​សង្កេត​ឃើញ​ថា ជនរងគ្រោះ​បាន​ប្រើប្រាស់​អាវុធ​ធុន ​អាកា​​​បាញ់​ទៅលើ​ដើមទ្រូង​ខ្លួនឯង​ចំនួន​៤​គ្រាប់ ដោយ​ក្នុង​បង់​អាកា​នោះ​ គឺ​មាន​គ្រាប់​ចំនួន​៣០​គ្រាប់​ពេញ ហើយ​ក្រោយពេល​បាញ់​ គឺ​គ្រាប់​នៅសល់​ចំនួន​២៦​គ្រាប់។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា ក្រោយមក​ទើប​ដឹង​ថា​ ជនរងគ្រោះ​បាន​បើក​រថយន្ត​ម៉ាក​កាមរី កាលីហ្វ័រ​ញ៉ា ពណ៌ស ពាក់​ស្លាក​លេខ ត​០៩២៨ ភព​២ ដោយ​នៅ​ក្នុង​រថយន្ត​មាន​បន្សល់​នូវ​លិខិត​បណ្ដាំ​ផ្ញើ​មួយ​សន្លឹក​ផង ដោយ​ជនរងគ្រោះ​បាន​បើក​រថយន្ត​ឡើង​ទៅដល់​ខាងលើ​កំពូលភ្នំ រួច​ដើរចូល​ព្រៃ​ដើម្បី​ធ្វើ​អត្តឃាត​ខ្លួនឯង។

យោង​តាម​ឯកសារ​ដែល​មាន​នៅ​ក្នុង​រថយន្ត​បាន​បញ្ជាក់​ថា ជនរងគ្រោះ​មានឈ្មោះ​ ឆាន់ ចាំង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មានមុខ​នាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា​រស់នៅ​ក្នុង ភូមិ​អូរ​អ៊ា​ម ឃុំ​ស្រែ​ខ្ញុង ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី បាន​ធ្វើ​អត្តឃាត ដោយ​យក​កាំភ្លើង​មួយ​ដើម​ធុន​AK​ស្វាយ​បត់ មក​បាញ់សម្លាប់​ខ្លួនឯង​ចំនួន​៤​គ្រាប់ ចំ​ដើមទ្រូង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ជនរងគ្រោះ​បាន​ចេញ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦​មក​ម្ល៉េះ។

តាម​ការ​អះអាង​ពី​ប្រភព​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ផ្ទុះអាវុធ​នេះ​ គឺ​ពួកគាត់​បានឮ​តាំងពី​ល្ងាច​ថ្ងៃទី​២២ មក​ម្ល៉េះ​ ប៉ុន្តែ​គ្មាន​អ្នក​គេ​ចាប់អារម្មណ៍ ​​ចំណែក​រថយន្ត​ដែល​ចត​ចោល​មួយ​យប់​ក៏​ដូចគ្នា​ដែរ ព្រោះ​នៅ​ក្នុង​តំបន់​នេះ ​គឺ​មាន​រថយន្ត​ជាច្រើន​ ដែល​ភ្ញៀវ​ទេសចរ​​ឡើង​ទៅ​កម្សាន្ត ​ហើយ​ចត​ចោល​បែបនេះ លុះដល់​ថ្ងៃទី​២៣​ ទើប​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​គេ​បាន​ប្រទះឃើញ​សព។

នៅ​ក្នុង​លិខិត​បណ្ដាំ​ផ្ញើ​បាន​សរសេរ​យ៉ាង​ខ្លី​ថា « ឲ្យ​ខ្ញុំ​សុំទោស​បងៗ ប្អូនៗ ខ្ញុំ​លា​ហើយ​ដោយសារតែ​ក្នុង​ខ្លួន​របស់ខ្ញុំ​មាន​រោគ​ប្រចាំ​កាយ​ច្រើនពេក ​ទើប​ខ្ញុំ​សម្រេចចិត្ត​បែបនេះ​ ហើយ​សូម​យក​សព​ខ្ញុំ​បូជា​នៅ​ក្នុង​វត្ត​ក្បែៗ​នេះ​ចុះ » ។

ភ្លាមៗ​នោះ​ដែរ ក្រោយពី​កម្លាំង​ជំនាញ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួចមក ក៏បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារឲ្យ​ឡើង​មក​ទទួលយក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ហើយ​ដោយ​គេ​បាន​ដឹក​សព​យក​ទៅ​បូជា​នៅ​វត្ត​ព្រៃ​ទទឹម ដើម្បី​នាំ​យក​ធាតុ​ទៅ​ធ្វើ​បុណ្យ ៕
ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា​ បាញ់​សម្លាប់​ខ្លួន​នៅ​លើ​ខ្នងភ្នំ​សំពៅ ​ដោយ​បន្សល់​ទុក​លិខិត​​បណ្ដាំ​១​ច្បាប់

ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា​ បាញ់​សម្លាប់​ខ្លួន​នៅ​លើ​ខ្នងភ្នំ​សំពៅ ​ដោយ​បន្សល់​ទុក​លិខិត​​បណ្ដាំ​១​ច្បាប់