ការ​បាញ់​មី​ស៊ី​ល​MUSUDAN​ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ពី​ជោគជ័យ

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មិថុនា ថា ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដី​-​ដី​រយៈ​មធ្យម ហើយ​មាន​ទំហំ​ធំ HWASONG-10 កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ទទួល​បាន​ជោគជ័យ ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កូរ៉េ​ខាងជើង​ដាក់​ឈ្មោះ​មី​ស៊ី​ល​នេះ​ថា​មី​ស៊ី​ល HWASONG-10 ជា​ឈ្មោះ​ផ្ទាល់​នៃ​មី​ស៊ី​ល MUSUDAN ។ KCNA ក៏​រាយការណ៍​ដែរ​ពី​ការ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ ។

KCNA ធ្វើការ​កត់​សម្គាល់ថា ការ​បាញ់​សាកល្បង​នេះ​មាន​អត្ថន័យ​ដ៏​ធំធេង​មួយ​ចំពោះ​ការ​ពង្រឹងសមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​ទៅ​គ្រប់​ទិស​ទាំងអស់ ។ ក្នុង​ចំណោម​មី​ស៊ី​ល​ទាំង​២​គ្រាប់ ដែល​បាញ់​ចេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា មី​ស៊ី​ល​ទី​២​អាច​ហោះ​បាន​ចម្ងាយ​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ ខណៈ​ចម្ងាយ​ទាប​បំផុត​របស់​មី​ស៊ី​ល​នេះ​មាន​ដល់​៥០០​គីឡូម៉ែត្រ ។

យោង​តាម KCNA ថា មាន​វត្ត​មាននៅ​កន្លែង​បាញ់​សាកល្បង លោក​គី​ម ជុង​អ៊ុ​ន សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ដោយ​អះអាង​ថា ពួក​សត្រូវ​របស់​យើង និង​ពិភពលោក​ទាំងមូល​អាច​ឃើញ​ពី សមត្ថភាព​របស់​យើង​ក្នុង​ការ​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម និង​រយៈ​ឆ្ងាយ ដោយ​គ្រាន់តែ​តាម​មើល​ការ​ហោះហើរ​នៃ​មី​ស៊ី​ល​យើង ។ ពេល​នេះ​យើង​មាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​ធ្វើការ​វាយប្រហារ​ទាំងស្រុង​ប្រឆាំង​ពួក​អា​េ​ម​រិ​ក ក្នុង​តំបន់​ប្រតិបត្តិការ​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

KCNA បន្ត​ថា មី​ស៊ី​ល​របស់​យើង​ពេល​បាញ់​សាក​យក​មុំ​ស្ទើរតែ​ត្រង់ ដើម្បី​កម្រិត​ចម្ងាយ​ទាប​បំផុត ហើយ​វា​អាច​ហោះហើរ​ក្នុង​កម្ពស់​រហូត​ដល់​១៤១៣,៦​គីឡូម៉ែត្រ រួច​ធ្លាក់​ក្នុង​សមុទ្រ​ចំ​គោលដៅ​ដែល​យើង​គ្រោងទុក ៕