Ibrahimovich បញ្ចប់​អាជីព​លេង​ក្នុង​ក្រុម​ជម្រើសជាតិ

ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត Zlatan Ibrahimovich បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា រូប​លោក​នឹង​ចូល​និវត្តន៍​ក្រោយ​ព្រឹត្តិការណ៍​យូ​រ៉ូ​២០១៦​បញ្ចប់។ យ៉ាងណាមិញ ព្រឹត្តិការណ៍​នេះ​មិន​ទាន់​ចប់​ស្រួលបួល​ផង Ibrahimovich ត្រូវ​ដល់​វេលា​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន ក្នុង​វ័យ​៣៤​ឆ្នាំ បន្ទាប់​ពី​ចាញ់​បែ​ល​ហ្ស៊ិ​ក​១-0 កាលពី​យប់​ថ្ងៃ​ទី​២២ មិថុនា ធ្វើ​ឱ្យ​ស៊ុ​យ​អែ​ត​មិន​មានឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ។

ទោះបី​យ៉ាងណា មាន​ប្រភព​ខ្លះ​ផ្សាយ​ថា កីឡាករ​ឆ្នើម​ប្រចាំ​ប្រទេស​រូប​នេះ នឹង​ចូល​លេង​ក្នុង​ក្លិប​Man Utd នៅ​រដូវ​កាល​ថ្មី​ខាង​មុខ ក្រោយ​ពី​ផ្លាស់​ចេញពី​ក្លិប​បារាំង Paris SG។

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក​Erik Hamren បាន​និយាយ​ថា​៖ «​ក្នុង​ប្រទេស​ដ៏​តូច​មួយ​ដូច​ស៊ុ​យ​អែ​ត គឺ​មិន​អាច​មាន​កីឡាករ​ណា​ដូច Ibrahimovich ទេ ។ គាត់​ពិតជា​អស្ចារ្យ​ណាស់» ។

ជាមួយ​គ្នា​នេះ​ដែរ Ibrahimovich បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ណាស់​ដែល​មិន​បាន​ជួយ​ឱ្យ​ស៊ុ​យ​អែ​ត​ឡើង​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​យើង​ក៏​ត្រេកអរ​ផង​ដែរ ព្រោះ​យើង​មានឱកាស​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល និង​បាន​លេង​ជា​តំណាង​ប្រទេស» ។​

គួរ​រំលឹក​ថា Ibrahimovich ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០០១ និង​រកបាន​៦២​គ្រាប់​ក្នុង​ចំណោម​១១៦​ប្រកួត​ច្រើន​ជាង​កីឡាករ​ផ្សេង​ទៀត​ក្នុង​ប្រទេស ៕