វិចិត្រ ធ្វើ​ការ​តាម​វត្ត ១ខែ​រក​បាន ១៥០០-២០០០ ដុល្លារ

បើ​មើល​តាម​ជញ្ជាំង​ព្រះវិហារ អ្នក​​ប្រាកដ​ជា​ឃើញ​គំនូរ​ប្លែកៗ បែប​ពុទ្ធសាសនា​ជាច្រើន ដែល​គំនូរ​ទាំង​នោះ​សុទ្ធតែ​ចេញ​ពី​ស្នាដៃ ដ៏​ឆ្នើម​របស់​សិល្បករ​ចំណានៗ។ យ៉ាងណាមិញ វិចិត្រករ​មួយ​រូប​លោក ឈុន វិចិត្រ បាន​ប្រាប់ Sabay ថា ​របរនេះ អាច​ឱ្យ​លោក​​រក​ចំណូល​បាន​ចន្លោះពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ​ក្នុង​មួយ​ខែ​។

 

វិចិត្រ ធ្វើ​ការ​តាម​វត្ត ១ខែ​រក​បាន ១៥០០-២០០០ ដុល្លារ

 

ជាងគំនូរ​រស់​នៅ​ភូមិ​​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​រូប​នេះ បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ លោក​អាច​គូរ​បាន ៥ ការ៉េ ហើយក្នុង​​មួយ​ការ៉េ​ លោក​ស៊ីថ្លៃ​ ២០ ដុល្លារ​អាមេរិក​។

 

បុរស​វ័យ​ ៣៦ ​ឆ្នាំ​បន្ត​​ថា ព្រះវិហារ​មួយ​​លោក​ត្រូវ​ចំណាយ​ពេល​គូរ​​យ៉ាង​យូរ​​​ពី ៦ ខែ​ឬ​លើស​នេះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​ថា​ប្រាក់​ដែល​រក​បាន​ មិន​ធ្វើ​​ឱ្យ​ជីវភាព​គ្រួសារ​របស់​លោក​ មាន​ខ្លាំង​​ឡើយ ពោល​គឺ​​បាន​ត្រឹម​តែ​សមរម្យ​ប៉ុណ្ណោះ ព្រោះ​មិន​មែន​​​​គេ​ចេះ​តែមាន​ការងារ​ឱ្យ​​លោក​ធ្វើ​​រាល់ថ្ងៃ រាល់​ខែ និង​រាល់​ឆ្នាំ​នោះ​ទេ។

 

ឈុន វិចិត្រ បញ្ជាក់​ថា៖ “មួយ​ខែ ១៥០០០ ទៅ ២០០០ ដុល្លារ​ហ្នឹង យើង​រក​ (ម៉ូយ) ខ្លួន​ឯង តែ​បើ​គេ​ខ្វះ​អ្នក​គូរ ហើយ​ហៅ​យើង​ទៅ​ជួយ យើង​បាន​តែ ១ ពាន់ ឬ​ក្រោម​ ១ ពាន់ តាម​ភាគរយដែល​​គេ​ឱ្យ។ ប៉ុន្តែ​​ពេល​អត់​អី​​ធ្វើ ខ្ញុំ​យក​លុយ​​ហ្នឹង មក​ចាយ​វិញ គិតៗ​ទៅ​បាន​តែ​ម៉ាសមរម្យ ឱ្យ​ធូរធារនោះ​មិន​ធូរធារទេ”។

 

ចំពោះ​ការ​គូរ​វិញ បុរស​កូន​ពីរ​ដដែល​ថា មិន​មាន​រូបភាព​មើល​ទេ គឺ​អាន​សាច់រឿង​ឱ្យ​ចាំ បិទ​ភ្នែក​ស្រមៃ​គូរ​តែ​ម្ដង។ ពេល Sabay សួរ​ថា លោក​ពិបាក​ទេ ពេល​គូរ​គំនូរ​បែប​ពុទ្ធសាសនា​នេះ លោក​វិចិត្រ ប្រាប់​ថា គ្មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ ព្រោះ​វា​ជា​អាជីព​របស់​លោក​ទៅ​ហើយ ប៉ុន្តែ​គ្រាន់​ថា ការងារ​នេះ​ស្ងប់ស្ងាត់​បន្តិច មិន​សូវ​បាន​ដើរហើរ និង​ឃើញ​មនុស្ស​ម្នា​ខាងក្រៅ​ដូច​គេ​ឡើយ។

 

“ខ្ញុំ​ចង់​ធ្វើការ​ដូច​ពួក​បង​វិញ ព្រោះ​បាន​ដើរលេង​ជួប​មនុស្ស​ច្រើន តែ​ធ្វើ​មិច​​វា​ជា​អាជីព​របស់​ខ្ញុំ បើ​អត់​ធ្វើ អត់​កើត។ តែ​គ្រាន់​ស្រួល​ត្រង់​ថា យើង​ចង់​ឈប់ យើង​អាច​សុំ​គេ​បាន”។ លោក វិចិត្រ បន្ថែម។

 

វិចិត្រ ធ្វើ​ការ​តាម​វត្ត ១ខែ​រក​បាន ១៥០០-២០០០ ដុល្លារវិចិត្រករ​ ឈុន វិចិត្រ

កាល​នៅ​បឋម​សិក្សា លោក​​ចូល​ចិត្ត​ឆ្លាក់​អក្សរ រហូត​​នាយក​សាលា ឱ្យ​លោក​ឆ្លាក់​​ក្បាល​បញ្ជី​ឈ្មោះ​សិស្ស កាលវិភាគ និង​ថ្នាក់​ជាដើម ប៉ុន្តែ​លោក​មិន​ទាន់​ចេះ​គូរ​ទេកាលនោះ…។ ឆ្នាំ ​១៩៩៨ លោក​បាន​ទៅ​បាត់ដំបង ធ្វើ​ការ​បុគ្គលិក​រោងពុម្ព​មួយ។ ពេល​ធ្វើ​ការ​លោក​បាន​ស្គាល់​​មិត្តភ័ក្ដិ​ម្នាក់ រៀន​នៅ​សាលា​បារាំង (អត់​ចាំ​ឈ្មោះ) និង​បានណែនាំ​លោក​ឱ្យ​​រៀន​គូរ​ជាមួយ​អ្នកឯកទេស​ខ្មៅដៃ (គូរ​ប្រើ​ខ្មៅ​ដៃ)។ យ៉ាងណាលោក វិចិត្រ បាន​ប្រាប់​ថា លោក​រៀន​បាន​​បន្តិច​បន្តួច​ប៉ុណ្ណោះ។
 
ពេល​ធ្វើ​ការ​ក្នុង​រោងពុម្ព​​បាន​មួយ​ឆ្នាំ លោក​បានលា​​ឈប់ ហើយ​ក៏​បើក​រោងពុម្ព​ និង​​ហាង​គំនូរ​មួយ ជាមួយ​​​ឪពុកមា​របស់​ខ្លួន ប៉ុន្តែ​ដោយ​មើល​ថា​មិន​ជោគជ័យ លោក​ក៏បាន​សុំ​​ឈប់ ហើយ​ដើរ​គូរ​គំនូរ​តាម​គម្រោង របស់​មជ្ឈមណ្ឌល​កម្ចាត់​មីន ស៊ីម៉ាក់ ក្នុង​ឆ្នាំ ២០០១-២០០២។ ចាប់​ពី ​២០០២ លោក​ក៏​បាន​ដើរ​គូរ​គំនូរ តាម​​បែប​ពុទ្ធសាសនា នៅ​តាម​ព្រះវិហារ រហូត​ដល់​សព្វថ្ងៃ​៕

 

របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់

ចូលចិត្ត​គូរ​គំនូរ​តាំង​ពី​អាយុ​៨​ឆ្នាំ​ រហូត​បើក​ហាង​លក់​គំនូរ​មួយ​​នៅ​សៀមរាប

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ