សុំ​គេ​ចូល​បន្ទប់ទឹក​ ឃើញ​គេ​ទុក​ទូរស័ព្ទ​ចោល​ ប្រុង​លួច​ គេ​ស្រែក​ថា ​ចោរ​ៗ រត់ចោល​ម៉ូតូ​ណៃហត១​គ្រឿង​

សុំ​គេ​ចូល​បន្ទប់ទឹក​ ឃើញ​គេ​ទុក​ទូរស័ព្ទ​ចោល​ ប្រុង​លួច​ គេ​ស្រែក​ថា ​ចោរ​ៗ រត់ចោល​ម៉ូតូ​ណៃហត១​គ្រឿង​



ភ្នំពេញ ​៖ ​ម៉ូតូណៃ​ហត​មួយ​គ្រឿង​ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក​ យក​រក្សាទុក​បន្ទាប់​ពី​មាន​ជនសង្ស័យ​ម្នាក់ ​​​ជិះ​ម៉ូតូ​មក​ប្រើ​ល្បិច​សុំ​ផ្ទះ​គេ​ចូល​បន្ទប់ទឹក ​ពេល​ឃើញ​គេ​ទុក​ទូរស័ព្ទ​ស៊េរី​ទំនើប​ប្រុង​លួច ត្រូវ​គេ​ឃើញ​ទាន់​ស្រែក​ថា​ ចោរៗ​ភ័យ​ពេក ​ក៏​រត់​យក​តែ​រួចខ្លួន​ចោល​ម៉ូតូ​​​នោះ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​២៣ ​ខែមិថុនា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លេខ​០១​ផ្លូវ​លេខ​០១​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​០៧​ព្រឹក​ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​កណ្ដាល​១O ៤២ ៧៦ ​​​មក​ឈប់​ នៅ​ចំណុច​ផ្ទះ​កើតហេតុ ​ជា​កន្លែង​ជួសជុល​រថយន្ត​ ដោយ​បុរស​រូប​នោះ​ ប្រាប់​គេ​ថា ​សុំ​ចូល​បន្ទប់ទឹក​ ដើម្បី​នោម​មួយ​ភ្លែត។​ លុះ​ពេល​ចេញពី​បន្ទប់ទឹក​វិញ​ ដោយ​ឃើញ​គេ​ទុក​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយ​គ្រឿង​នៅ​លើ​កៅអី​ជ័រ​ ​បុរស​​​នោះក៏​ ​បាន​លូក​យក​ប្រុង​ដាក់​ហោប៉ៅ​ តែ​ ​ត្រូវ​បាន​គេ​ឃើញ​ទាន់ ​ស្រែក​ឆោឡោ​ថា​ ចោរៗ ​ធ្វើ​ឲ្យ​បុរស​រូប​នោះ​ភ័យ​ស្លន់ស្លោ​ ​​រត់ចោល​ម៉ូតូ​របស់​ខ្លួន​តែ​ម្តង។ ចំណែកទូរស័ព្ទ​ដៃ​ដែល​ប្រុង​លួច​យក​នោះ​ក៏​យក​មិនបាន​សម្រេច​ផង​ដែរ​។​

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​បន្ទាប់​មាន​ហេតុការណ៍​កើតឡើង​រួចមក ​អ្នក​នៅ​កន្លែង​កើតហេតុ​នោះ​​ ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ទទួលយក​ម៉ូតូ​ណៃហត​មួយ​គ្រឿង​នោះ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះចក​ផ​​ ដើម្បី​ស្រាវជ្រាវ​បន្ត​ទៀត៕