ទឹកស្ទឹង​សែន​ប្រែពណ៌​​ប្លែក អ្នកទីរួមខេត្ត​កំពង់ធំមិន​ហ៊ាន​ប្រើ​

ទឹកស្ទឹង​សែន​ប្រែពណ៌​​ប្លែក អ្នកទីរួមខេត្ត​កំពង់ធំមិន​ហ៊ាន​ប្រើ​



ខេត្តកំពង់ធំ ៖ ដោយសារ​ទឹកស្ទឹង​សែន​ដែល​ធ្លាប់តែ​ថ្លា​ខ្មៅ​និង​កករ​ល្អក់ ខណៈ​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ​នោះ ស្រាប់តែ​រយៈពេល​ពីរ​បី​ថ្ងៃនេះ​បាន​ប្រែ​ពណ៌​ទៅ​ជា​ខៀវនិងកន្លែងខ្លះមានពណ៌​បែតងចាស់ ខុស​ប្លែក​មិន​ធ្លាប់​មាន ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ខេត្ត ដែល​ប្រើប្រាស់​ទឹកស្ទឹង​នេះ មានការ​ព្រួយបារម្ភ​ថា នៅ​ពេល​យក​ទឹក​នេះ​ទៅ​ទទួលទាន​អាច​បណ្តាល​ឱ្យ​ខូចសុខភាព ។

អ្នក​ប្រើប្រាស់​ជា​ប្រចាំ​គិត​ថា ការ​ប្រែ​ពណ៌​ទឹកស្ទឹង​នេះ ប្រហែលជា​ទឹក​មាន​បាតុភាព​អាក្រក់​អ្វី​កើតឡើង​ហើយ ។ មានការ​អះអាង​ថា ទឹកស្ទឹង​ដែល​គេ​មើលឃើញ​មាន​ពណ៌​ខៀវ​ប្លែក​នេះ មិនមែន​ខៀវ​តែ​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​ទេ គឺ​ពណ៌​ខៀវ​វា​ហូរ​ធ្លាក់​មក​ពី​ស្រុក​សណ្ដាន់​២-៣​ថ្ងៃ​មក​ហើយ ទើបតែ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ទីរួមខេត្ត​កំពង់ធំ ។ 

ពាក់ព័ន្ធ​នឹង​រឿង​ទឹកស្ទឹង​សែន​ប្រែ​ពណ៌​ទៅ​ជា​ខៀវ​ខុស​ប្រក្រតី​នេះ លោក ប្លោក ចាន់រ​ដ្ឋា ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម ថ្លែង​ថា ខាង​មន្ទីរ​របស់​លោក​មាន​ជំនាញ​តែ​ខាង​សារជាតិ​គីមី​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្ទាប់​ពី​បានដឹង​រឿង​នេះ​ក៏​ចុះ​ទៅ​ពិនិត្យ និង​ដងទឹក​នោះ​យក​មក​ធ្វើការ​ពិសោធន៍​មើល ក្រែង​មាន​សារធាតុ​គីមី​នៅ​ក្នុង​ទឹក​បានជា​មាន​ពណ៌​ខៀវ​ដូច្នេះ ដូច​ជា​ចម្លែក​ណាស់ ។ ប៉ុន្តែ​ជា​លទ្ធផល​រក​ពុំ​ឃើញ​មាន​ជាតិ​គីមី​នោះ​ទេ ។

ចំណែក លោក តុ​ប កក្កដា ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា បាន​ប្រាប់​ថា ដោយ​ខ្លាចក្រែង​ទឹកស្ទឹង​សែន​ដែល​មានការ​ប្រែប្រួល​ទៅ​ជា​ពណ៌​ខៀវ​នេះ អាច​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ និង​សត្វពាហនៈ​ដែល​ផឹក និង​ការ​ប្រើប្រាស់​ទឹក​នេះ ខាង​មន្ទី​របស់​លោក​ក៏​បាន​យក​ទឹក​នោះ​ទៅ​ធ្វើការ​ពិសោធ​នៅ​ឯ​មន្ទីរពិសោធន៍​របស់​ក្រសួងបរិស្ថាន​រួច​ហើយ ។ លោក​និយាយ​ថា បើ​បាន​លទ្ធផល​យ៉ាងណា​នោះ លោក​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ ។

បច្ចុប្បន្ន​នេះ អ្នក​រស់នៅ​ប្រើប្រាស់​ទឹកស្ទឹង​សែន កំពុង​តែ​ព្រួយបារម្ភ​គ្រប់​គ្នា ។ ខ្លះ​ថា បើ​មិន​ប្រើ​ទេ តើ​បាន​ទឹក​ឯណា​ប្រើ ។ ម្ល៉ោះហើយ អ្នកមាន​លទ្ធភាព​ចៀស​បាន គេ​អត់​ហ៊ាន​ប្រើ​ទេ លើកលែង​អ្នកខ្លះ​នៅ​ប្រើ​ដោយ​ភ័យ​ព្រួយ​បំផុត ដែល​ពេល​នេះ អាជ្ញាធរ​ខេត្ត​គួរតែ​ជួយ​ផ្សព្វផ្សាយ​ផង តើ​ប្រើ​បាន​ទៀត​ឬ​អត់ ?