គ្មាន​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល​ទេ ក្រោយ​​សាធារណ​មតិ​នានា​មាន​ប្រតិកម្ម

គ្មាន​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល​ទេ ក្រោយ​​សាធារណ​មតិ​នានា​មាន​ប្រតិកម្ម



រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ប្រកាស​ថា គ្មាន​ការ​ដូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល ទៅ​ជា​ឆ្នេរ​សម្តេច​តេ​ជោ ហ៊ុន សែន ទេ ។ លោក ជា សុ​ផា​រ៉ា សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​(Facebook) របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ថា គណៈកម្មការ​ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ សូម​ជូន​ព័ត៌មាន​ដល់​សាធារណៈជន ឱ្យ​បាន​ជ្រាប​ថា គ្មាន​ឆ្នេរ​តេ​ជោ ហ៊ុន សែន នៅ​ឆ្នេរ​អូរ​ឈើទាល​ទេ ។

កាលពី​ថ្ងៃ​ទី​១៨ មិថុនា សារព័ត៌មាន​វី​អូ​ឌី​(VOD) បាន​ស្រង់​សំ​ណេ​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រួម​នឹង​ការ​បង្ហោះ​រូបភាព​ប្លង់​ឆ្នេរ​ផង ដែល​សរសេរ​ថា «​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​១៨ មិថុនា ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​សប្បុរសជន​ក្នុង​ប្រទេស​»​។ ចំណែក​រូបភាព​ក្នុង​ប្លង់​មាន​សរសេរ​អក្សរ​ថា ខ្លោងទ្វារ​ច្រកចូល «​ឆ្នេរសមុទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន​» នៅ​ចំ​ខ្លោងទ្វារ​ច្រកចូល​ឆ្នេរ​អូរ​ឈើទាល ។

ក្រោយ​ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​មិន​មានឈ្មោះ ឆ្នេរ​អូរ​ឈើទាល​ដ៏​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ ។

រាជរដ្ឋាភិបាល​បាន​ប្រកាស​ជំហរ​ថា នឹង​រក្សា​ឈ្មោះ​អូរ​ឈើទាល​ឱ្យ​នៅ​ដដែល ដោយ​មិន​ប្តូរ​ឈ្មោះ​នៅ​ខ្លោងទ្វារ​ច្រកចូល​ថា «​ឆ្នេរសមុទ្រ​សម្តេច​តេ​ជោ​សែន​» ដូច​ការ​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា គណៈ​ក​ម្មា​ការ​ធិ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​ខេត្ត និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ពុំ​មាន​ផែនការ​កែប្រែ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល ទៅ​ឈ្មោះ «​ឆ្នេរសមុទ្រ​សម្តេច​តេ​ជោ​សែន​» ដូច​ការ​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ ដោយ​ថា​អ្នក​លើក​ឡើង​នោះ​ធ្វើ​ដោយ​មានការ​យល់​ច្រឡំ ។

កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១៥ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា សម្រេច​យក​ដី​ឆ្នេរ​សាធារណៈ​មក​គ្រប់គ្រង ខណៈ​មាន​ជន​ឆ្លៀត​ឪ​កាស​យក​ដី​តំបន់ឆ្នេរ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។

មុន​មានការ​សម្រេច​បែប​នេះ តំបន់ឆ្នេរ​មួយ​ចំនួន​នៃ​ខេត្ត​ព្រះ​សីហ​នុ​ដែល​គ្រប់គ្រង​ដោយ​ឯកជន​ពុំ​អនុញ្ញាត​ឱ្យ​សាធារណៈជន​ទូទៅ​ចូល​លំហែ​បាន​ទេ ទុក​សម្រាប់​តែ​អតិថិជន​របស់​គេ​ប៉ុណ្ណោះ ហើយ​ឆ្នេរ​ខ្លះ​ទៀត​ត្រូវ​គេ​ព័ទ្ធ​របង​ទុក​ចោល​ថែម​ទៀត ៕