ក្រុម​អ្នក​ថែ​សួន​​របស់​​​សាលារាជធានី​​​តវ៉ា​ពី​ផែនការ​ផ្ទេរពួក​​​គាត់​​​​ឱ្យ​ទៅ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឯក​ជន​

អ្នកថែសួនជាច្រើននាក់ដែលសាលារាជធានីភ្នំពេញបានជួលមកបម្រើការងារបានធ្វើកូដកម្មកាលពីម្សិលមិញ ដោយឈប់កាត់មែកឈើ និងកាត់ស្មៅរយៈពេលខ្លីដើម្បីតវ៉ាចំពោះផែនការដែលនឹងផ្ទេរការគ្រប់គ្រងពួកគាត់ទៅឲ្យក្រុមហ៊ុនឯកជន។ បើទោះជាអាជ្ញាធររាជធានីអះអាងប្រាប់អ្នកថែសួនចំនួន២០០នាក់ក្នុងរាជធានីថា ប្រាក់ខែរបស់ពួកគាត់នឹងនៅតែដដែលក៏ដោយ ក៏អ្នកតវ៉ាប្រមាណ៥០នាក់បារម្ភថាពួកគាត់នឹងត្រូវធ្វើការតាមម៉ោងការងារតឹងរ៉ឹងក្រោមការគ្រប់គ្រងរបស់ឯកជនដែរ។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធររាជធានីនឹងនៅតែឆ្លើយតបតាមសំណើពីក្រុមហ៊ុនក្នុងស្រុកនានាដដែលដែលសង្ឃឹមថា នឹងមើលការខុសត្រូវអ្នកថែសួនទាំងនេះ ដោយលោកបដិសេធមិនចេញឈ្មោះពួកគាត់ ឬនិយាយថា សេចក្តីសម្រេចនឹងធ្វើនៅពេលណានោះឡើយ។ លោកបានលើកឡើងកាលពីម្សិលមិញថា “យើងកំពុងពិភាក្សានៅឡើយ ប៉ុន្តែ យើងចង់បាននិងត្រូវការផែនការនេះដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសួនច្បារក្នុងរាជធានី”។ លោកបានបន្ថែមថា សាលារាជធានីនឹងទទួលបានអំណាចក្នុងការធ្វើការសម្រេចចិត្តចុងក្រោយអំពីផែនការកែលម្អ ឬកសាងសួនច្បារបន្ថែមក្នុងរាជធានី។ យោងតាមលោក មាន ចាន់យ៉ាដា បានឲ្យដឹងថា អ្នកបោសសម្អាតក្នុងរាជធានីទទួលបានប្រាក់ខែ១២៥ដុល្លារក្នុងមួយខែពីសាលារាជធានីបូកបន្ថែមប្រាក់ឧបត្ថម្ភ២៥ដុល្លារទៀតពីក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន “ប្រាក់ខែរបស់ពួកគាត់នឹងនៅតែ១៥០ដុល្លារដដែល…។ ពួកគាត់អាចបន្តធ្វើការដូចធម្មតា”។ ប៉ុន្តែ ក្រុមអ្នកថែសួនដែលបានប្រមូលផ្តុំគ្នានៅលើសួនជាប់វិមានឯករាជ្យនៅម៉ោង៧ព្រឹកថ្ងៃម្សិលមិញ ដោយបន្តធ្វើការ២ម៉ោងទៀតនោះ មិនប្រាកដប៉ុន្មានទេ។ អ្នកស្រី ប៊ូ ស៊ីនួន អាយុ៤១ឆ្នាំបាននិយាយថា គាត់មិនបារម្ភអំពីប្រាក់ខែទេ ប៉ុន្តែ គាត់បារម្ភអំពីម៉ោងធ្វើការតឹងរ៉ឹង។ អ្នកស្រីបាននិយាយថា “យើងធ្វើកូដកម្ម ពីព្រោះយើងមិនចង់ធ្វើជាបុគ្គលិកជាប់កិច្ចសន្យារបស់ក្រុមហ៊ុនឯកជនទេ។ ធ្វើការជាមួយរដ្ឋ យើងអាចសុំចេញមុនម៉ោងបាន”។ អ្នកស្រី ស៊ីនួន បានបន្ថែមថា បើទោះជាអ្នកស្រីពឹងផ្អែកតែទៅលើប្រាក់ខែថែសួនក៏ដោយ ក៏ភាគច្រើននៃសហសេវិករបស់គាត់មានការងារទី២ដែលនឹងត្រូវប៉ះពាល់ដោយម៉ោងធ្វើការយូរដែរ។ អ្នកស្រី ហ៊ុន វួចអីុម អាយុ៤០ឆ្នាំបាននិយាយថា គាត់បារម្ភអំពីលទ្ធភាពនៃការតម្រូវឲ្យមកធ្វើការទាន់ពេលវេលា។ អ្នកស្រីបានបន្តថា “ខ្ញុំមិនពេញចិត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនឯកជនទេ ពួកគេតម្រូវឲ្យយើងមកធ្វើការទាន់ពេល។ លោកអ្នកយល់ហើយ ធ្វើការឲ្យរដ្ឋ ការមកធ្វើការ ឬត្រឡប់ទៅវិញ វាស្រួលជាងធ្វើការជាមួយក្រុមហ៊ុនឯកជន”៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No […]

The post ក្រុម​អ្នក​ថែ​សួន​​របស់​​​សាលារាជធានី​​​តវ៉ា​ពី​ផែនការ​ផ្ទេរពួក​​​គាត់​​​​ឱ្យ​ទៅ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឯក​ជន​ appeared first on The Cambodia Daily.