តូបលក់​​​ម្ហូបអាហារ​​​ជះ​​​ក្លិន​​​​ស្អុយ​​​​​​​នៅឧទ្យាន​​​អង្គរ​ត្រូវរុះរើចេញ​

ម្ចាស់តូបលក់ម្ហូបអាហារគ្មានច្បាប់អនុញ្ញាតបណ្តាលឲ្យជះ “ក្លិនស្អុយដល់ទេសចរ” នៅជិតស្រះស្រង់ក្នុងឧទ្យានបុរាណវត្ថុវិទ្យាអង្គរត្រូវបញ្ជាឲ្យរុះរើចេញនៅខែនេះ បើមិនដូច្នេះទេត្រូវប្រឈមនឹងការរើចេញដោយបង្ខំ។ អ្នកតំណាងអាជ្ញាធរអប្សារា ជាស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យានបានជួបជាមួយអាជីវករកាលពីថ្ងៃពុធ ដើម្បីចែកសេចក្តីជូនដំណឹងឲ្យរុះរើតូប។ ចុះនៅថ្ងៃសុក្រ និងចុះហត្ថលេខាដោយលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សារា លិខិតនេះប្រាប់ឲ្យអ្នកលក់ដូរស្ថិតនៅជិតស្រះឱ្យរុះរើតូបរបស់គេត្រឹមថ្ងៃទី៣០ ខែមិថុនា។ សេចក្តីជូនដំណឹងសរសេរថា “ក្នុងករណីបងប្អូនពុំព្រមអនុវត្តតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សារាសហការជាមួយស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានរដ្ឋបាលទៅតាមស្ថានភាពជាក់ស្តែង និងពុំទទួលខុសចំពោះការខាតបង់ផ្សេងៗឡើយ”។ អ្នកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សារាបាននិយាយកាលពីថ្ងៃពុធថា អ្នកលក់ដូរដែលលក់របស់របរ រួមទាំងបាយ សាច់មាន់អាំង សាច់ជ្រូក និងស៊ុប បានទទួលដំណឹងផ្ទាល់មាត់អំពីថ្ងៃផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនានៅចុងសប្តាហ៍កន្លងមកនេះ។ អ្នកនាំពាក្យរូបនេះបាននិយថា”អាជីវកម្មពួកគេបង្កើតឱ្យមានក្លិនស្អុយដល់អ្នកទេសចរណ៍ និងប៉ះពាល់សម្រស់បរិស្ថាននៅទីនោះ”។ អ្នកស្រី ស៊ុនកិរិយា បានការពារសេចក្តីជូនដំណឹងពេលខ្លីនេះ ដោយលើកឡើងថាអ្នកលក់ដូរនៅជិតស្រះស្រង់ដែលនៅទល់មុខប្រាសាទបន្ទាយក្តីក្នុងសង្កាត់នគរធំ ក្រុងសៀមរាបត្រូវបានហាមមិនឲ្យសង់តូបលក់ដូរនៅទីនោះជាច្រើនឆ្នាំមកហើយ។ លោក ង៉ា ចុង មេឃុំបាននិយាយថា សេចក្តីជូនដំណឹងបណ្តេញចេញនឹងប៉ះពាល់តូបប្រហែល១០របស់អ្នកភូមិបីគ្រូសារ។ អ្នកស្រី ភុន មុំ វ័យ៥០ឆ្នាំ ដែលលក់បាយ សាច់មាន់ សាច់ជ្រូកបាននិយាយថា អ្នកស្រីសុខចិត្តធ្វើកែកុនហាងឲ្យទំនើបជាងនេះ ដើម្បីកាត់បន្ថយការភាយក្លិនស្អុយចេញពីហាង ប៉ុន្តែ មិនរុះរើចេញទេ ព្រោះអាជ្ញារអប្សារាមិនដែលបានប្រាប់អ្នកស្រីឱ្យរើទៅកន្លែងថ្មីម្តងណាឡើយក្នុងរយៈពេលបួនឆ្នាំមកនេះ ដែលអ្នកស្រីកំពុងតែលក់ដូរនៅតំបន់នេះ។ លោក មែន ចាន់ណា អាយុ២៦ឆ្នាំ បាននិយាយថា លោកមានសង្ឃឹមក្នុងចិត្តថា អាជ្ញាធរគួរពិចារណាលើការសម្រចចិត្តរបស់ខ្លួន ដោយពន្យល់ថាគាត់បានខ្ចីប្រាក់ ដើម្បីសាងសង់ភោជនីយដ្ឋានតូចមួយ និងតូបប្រាំកន្លែងនៅជាប់មាត់ស្រះ។ លោក ចាន់ណា បាននិយាយថា “បើគេបង្ខំឲ្យខ្ញុំរុះរើហាងពេលនេះ ពួកគេនឹងសម្លាប់គ្រូសារទាំងមូលរបស់ខ្ញុំហើយ”៕មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post តូបលក់​​​ម្ហូបអាហារ​​​ជះ​​​ក្លិន​​​​ស្អុយ​​​​​​​នៅឧទ្យាន​​​អង្គរ​ត្រូវរុះរើចេញ​ appeared first on The Cambodia Daily.