បណ្តា​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​ក្នុង​សភា​ទាមទារ​អនុម័ត​ច្បាប់​ស្តី​ពី​អាវុធ

ជា​រឿង​ដ៏​កម្រ​ដែល​បណ្តា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២២ មិថុនា ក្នុង​សភា​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​តវ៉ា​ប្រឆាំង​ការ​បដិសេធ​របស់​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ ដែល​មាន​កៅអី​ភាគច្រើន​ពុំ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​រឹតត្បិត​លើ​អាវុធ ១០​ថ្ងៃក្រោយ​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈាម​នៅ​ក្រុង ORLANDO រដ្ឋ​ផ្ល​រី​ដា ។

លោក JOHN LEWIS សមាជិក​សភា​ស្បែក​ខ្មៅ​រដ្ឋ​ច​ច​ជៀ និង​ជា​សកម្មជន​ចលនា​សិទ្ធិ​ពលរដ្ឋ​កាលពី​ទស​វត្ស​ឆ្នាំ​១៩៦០ មុន​ពេល​អង្គុយ​ផ្ទាល់​លើ​ដី​ក្នុង​សភា​ជាមួយ​សហសេវិក​ជា​ច្រើន​រូប​ទៀត​ថ្លែង​ថា យើង​ត្រូវ​នៅ​កាប់​កាប់​អង្គុយ​ធ្វើ​បាតុកម្ម​ក្នុង​សភា​រហូត​ដល់​គេ​អាច​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប ។ យើង​នឹង​ស្ថិត​នៅ​ទី​នេះ​រហូត​ទាល់តែ​គេ​សម្រេចចិត្ត​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ។

កាយវិការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ស្ថាប័ន​ដែល​ជា​ទូទៅ​គេ​គោរព​បែប​ពិធីការ​នេះ​របស់​បណ្តា​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ញ៉ាំង​ឱ្យ​ប្រធាន​សភា​អ្នក​សាធារណរដ្ឋ​ផ្អាក​សម័យប្រជុំ ។

ចាប់តាំងពី​ការ​សម្លាប់​រង្គាល​មនុស្ស​៤៩​នាក់ នៅ​ក្លិប​រាត្រី PULSE ក្រុង ORLANDO រដ្ឋ​ផ្ល​រី​ដា មក ពួ​ួ​ក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​ប្តេជ្ញា​ពុំ​នៅ​ស្ងៀម​ធ្វើ​យុទ្ធនាការ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​លើកយក​រឿង​អាវុធ​ជា​ប្រធានបទ​សំខាន់​បំផុត​នៃ​យុទ្ធនាការ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សភា​នា​ដំណាច់ឆ្នាំ​នេះ ។ ពួក​គេ​បាន​ធ្វើ​សំណើ​ច្បាប់​ជា​ច្រើន ដើម្បី​ពង្រឹង​ច្បាប់​ស្តី​ពី​អាវុធ ។ ឧទាហរណ៍​ពួក​គេ​ចង់ឱ្យ​មានការ​ត្រួតពិនិត្យ​លើ​សកម្មភាព​មុន​ៗ​មក មុន​ការ​លក់​អាវុធ​ឱ្យ ឬ​ហាមឃាត់​បណ្តា​មនុស្ស​មានឈ្មោះ​ក្នុង​បញ្ជី​ត្រួតពិនិត្យ​ភេរវកម្ម​កុំឱ្យ​ទទួល​បាន​អាវុធ ។ ទោះបី​យ៉ាងណា ពួក​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​បដិសេធ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ប្រើ​អាវុធ​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក ៕