ថ្ងៃ​ទី 23 មិថុនា ចក្រភព​អង់គ្លេស​បោះ​ប្រជាមតិ​លើ​ការ​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប ឬ​អត់

ថ្ងៃ​ទី​២៣ មិថុនា ចក្រភព​អង់គ្លេស​ធ្វើការ​បោះ​ប្រជាមតិ​ដើម្បី​កំណត់​ថា តើ​ប្រទេស​នេះ​ស្ថិត​នៅ​ឬ​ក៏​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

ប្រទេស​ត្រូវ​ចាកចេញ ឬ​អត់​ពី​សមាជិក​សហភាព​អឺរ៉ុប?នេះ​ជា​សំណួរ​ប្រវត្តិសាស្ត្រ​ចំពោះ​ប្រជាជន​អង់គ្លេស​៤៨​លាន​នាក់ ។ លទ្ធផល​ដំបូង​ៗ​នៃ​ការ​បោះ​ប្រជាមតិ​នេះ​អាច​ដឹង​រហូត​ដល់​យប់​ថ្ងៃ​ទី​២៣​មក​២៤ មិថុនា ។

រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៣ មិថុនា មុន​ចាប់ផ្តើម​បោះ​ប្រជាមតិ​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ​របស់​វិទ្យាស្ថាន YOUGOV ផ្តល់​ឱ្យ​ក្រុម​អ្នកគាំទ្រ​ឱ្យ​អង់គ្លេស​បន្ត​ស្ថិត​ក្នុង​សហ​ភាព​អឺរ៉ុប​ឈ្នះ​៥១% ទល់​៤៩% ។ រួច​កាលពី​ថ្ងៃ​ទី​២២ មិថុនា វិទ្យាស្ថាន​ដដែល​នេះ​ឱ្យ​ក្រុម​អ្នកគាំទ្រ BREXIT គឺ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ឈ្នះ​៤៤%។

រហូត​ដល់​យប់​ថ្ងៃ​ទី​២២ មិថុនា តាម​បណ្តាញ​សង្គម នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ដា​វី​ដ កា​មី​រ៉ូ​ន នៅ​តែ​អះអាង​ថា «​យើង​ខ្លាំង​បំផុត​នៅ​ក្នុង​សហភាព​អឺរ៉ុប​» ។

ចំណែក​អ្នកប្រឆាំង​ម្នាក់​គាំទ្រ​ដល់ BREXIT គឺ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប លោក NIGEL FARAGE មេដឹកនាំ​ចលនា​ប្រឆាំង​មិន​ចង់​នៅ​ក្នុង​សហភាព​អឺរ៉ុប ដើម្បី​ឯករាជ្យ​ភាព​របស់​ចក្រភព​អង់គ្លេស UKIP នៅ​អំពាវនាវ​រហូត​ដល់​យប់​ថ្ងៃ​ទី​២២ មិថុនា ដល់​ប្រជាជន​អង់គ្លេស​ឱ្យធ្វើ​ការ​ជ្រើសរើស​យក​ឯករាជ្យ​ភាព​ជា​ប្រវត្តិសាស្ត្រ ។

ក្រោយ​យុទ្ធនាការ​ឃោសនា​ក្តៅ​គគុក​ផ្តោត​លើ​អន្តោប្រវេសន៍ និង​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច​ពលរដ្ឋ​អង់គ្លេស​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលុប​ដល់​៤៦,៥​លាន​នាក់​ចុះ​ឈ្មោះ​បោះ​ប្រជាមតិ​នេះ​ដែល​ចាប់ផ្តើម​ពី​ម៉ោង​៦​ព្រឹក​ម៉ោង​សាកល​ទៅ​។ លទ្ធផល​ចុង​ក្រោយ​អាច​ប្រកាស​នា​បណ្តា​ម៉ោង​ដំបូង​ថ្ងៃ​ទី​២៤ មិថុនា ។ ការ​ស្ទាបស្ទង់​មតិ​២​ចេញផ្សាយ​នា​ពេល​មុន​នេះ​ឱ្យ​ការ​នាំមុខ​បន្តិច​ដល់​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប តែ​ការ​បោះ​ប្រជាមតិ​ទី​៣​មួយ​ឱ្យ​ការ​រក្សា​ទុក​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​នាំមុខ​វិញ​គឺ​៧៦% ទល់​២៤% ។

ចំពោះ​រឿង​នេះ​មេដឹកនាំ​អឺរ៉ុប​ទាំងអស់​សុទ្ធតែ​ធ្វើ​អន្តរាគមន៍ ដើម្បី​ឱ្យ​អង់គ្លេស​បន្ត​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប ព្រោះតែ​យល់​ថា ការ​ចាកចេញ​របស់​អង់គ្លេស​នឹង​ជា​ការ​គំរាមកំហែង​មួយ​ដល់​សមាហរណកម្ម​នៃ​ប្លុក​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ។

ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ដូច​ជា IMF រហូត​ដល់ OCDE ព្យាករណ៍​ថា ក្រៅពី​ផលវិបាក​នានា​ខាង​សេដ្ឋកិច្ច​ភ្លាម​ៗ​សម្រាប់​អង់គ្លេស នោះ​នឹង​មាន​ភាព​ច្របូកច្របល់​ខ្លាំង​នៅ​លើ​ទីផ្សារ ហើយ​តម្លៃ​ប្រាក់​អង់គ្លេស​លី​ហ្វ្រ​ស្ទ័​រលី​ញ​អាច​ធ្លាក់​ចុះ ។ BREXIT នឹង​ផ្តល់​ការ​ខូចខាត​រយៈពេល​យូរ​ទៀត ។

BREXIT ក៏​នឹង​បើក​ផង​ដែរ​នូវ​ដំណាក់កាល​ច្របូកច្របល់​ខាង​នយោបាយ​នានា ជាមួយ​លទ្ធភាព​នៃ​ការ​ចាកចេញ​របស់​នាយក​រដ្ឋមន្ត្រី លោក​ដា​វី​ដ កា​មឺ​រ៉ូ​ន ដែល​ជា​អ្នក​បើក​ឱ្យ​មានការ​បោះ​ប្រជាមតិ​នេះ ហើយ​ធ្វើ​យុទ្ធនាការ​ឱ្យ​អង់គ្លេស​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប ។ ម្យ៉ាងទៀត​វា​អាច​ញ៉ាំង​ឱ្យ​មានការ​ផ្ទុះ​បែក​ចក្រភព​អង់គ្លេស ប្រសិនបើ​តំបន់​អេកូ​ស​ជា​អ្នកគាំទ្រ​ការ​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​អនុវត្ត​គម្រោង​រៀបចំ​ការ​បោះ​ប្រជាមតិ​ថ្មី​ស្តី​ពី​ឯករាជ្យ​ភាព ។

ខាង​គណបក្ស​ការងារ​ជា​គណបក្សប្រឆាំង​អង់គ្លេស និង​ពួក​ជាតិនិយម​អេកូ​ស​នៃ​គណបក្ស SNP គាំទ្រ​ការ​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​រួម​ជាមួយ​ក្រុង​ឡុ​ង​ដ៍ ។

ខាង​ពួក BREXIT វិញ អតីត​អភិបាលក្រុង​ឡុ​ង​ដ៍ លោក BORIS JOHNSON ជា​មេខ្លោង​នៃ​ពួក​អភិរក្សនិយម​ប្រឆាំង​ការ​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប ហើយ​ព្យាករណ៍​ពី​ភាព​រុងរឿង​របស់​អង់គ្លេស ប្រសិនបើ​រក​ឃើញ​ឯករាជ្យ​ភាព ។ លោក​អះអាង​ថា រំដោះខ្លួន​ចេញពី​ការ​ណែនាំ​របស់​សហភាព​អឺរ៉ុប នោះ​ពលរដ្ឋ​អង់គ្លេស​វិល​មក​ត្រួតត្រា​លើ​បណ្តា​ច្បាប់​របស់​ខ្លួន ហិរញ្ញវត្ថុ​របស់​ខ្លួន និង​ព្រំដែន​របស់​ខ្លួន ហើយ​អាច​គ្រប់គ្រង​លើ​អន្តោប្រវេសន៍ ៕