វិធីសាស្ត្រ ចាយលុយឱ្យដល់ចុងខែ សម្រាប់អ្នកធ្វើការ!

បទពិសោធន៍ចាយប្រាក់ខែ គឺមិនមែនជារឿងចម្លែកទេសម្រាប់អ្នកដែលកំពុងមានការងារធ្វើ។ប៉ុន្តែបើចង់គ្រប់គ្រងការចំណាយប្រាក់ខែបានល្អ និងត្រឹមត្រូវ គឺវាមិនមែនជារឿងងាយស្រួលនោះដែរ។ មានមនុស្សច្រើនណាស់ ភាគច្រើនមិនអាចចាយលុយប្រាក់ខែរបស់ខ្លួនឱ្យដល់ចុងខែបានទេ  ពីព្រោះតែពួកគេយល់ថា «អស់មួយខែនៅមួយខែ»។

ទម្លាប់អាក្រក់ដែលមនុស្សទូទៅ តែងតែធ្វើនោះ គឺឱ្យតែមានលុយនៅក្នុងកាបូប ចេះតែចង់ទិញនេះទិញនោះឥតឈប់ ដោយគ្មានទិសដៅអ្វីទាំងអស់ដូចជា៖ ទិញកាហ្វេជាប្រចាំ  ដើរលេងខ្ជះខ្ជាយ  ដើរផ្សារដោយមិនដឹងថា នឹងត្រូវទិញរបស់អ្វីខ្លះ ជាដើម...។

តាមការពិតដំណោះស្រាយ រឿងប្រើប្រាស់ប្រាក់បៀវត្សរ៍ប្រចាំខែ ដើម្បីឱ្យមានប្រសិទ្ធភាពមិនពិបាក ដូចជាការកែប្រែជោគជតារាសីនោះទេ។  ចំណុចសំខាន់បំផុតត្រូវតែចាប់ផ្តើមពីអាកប្បកិរិយាខ្លួនឯងជាមុនសិន។  អ្នកត្រូវមានការប្តេជ្ញាចិត្តខ្ពស់ថា នឹងត្រូវកែប្រែបញ្ហាដែលកើតឡើងឱ្យបាន ទោះតាមវិធីណាក៏ដោយ  ពេលដែលអ្នកត្រៀមខ្លួនរួចហើយ  ក៏សាកអនុវត្តន៍តាមការណែនាំដូចខាងក្រោម៖

១.សន្សំប្រាក់គ្រប់ពេលវេលា៖ មិនថាអ្នកមានប្រាក់ចំណូលដែលបានមកពីប្រាក់ខែ ឬចំណូលប្រចាំថ្ងៃមកពីការលក់ដូរផ្សេងៗនោះទេ  អ្នកត្រូវដកប្រាក់ ១០% នៃចំនួនប្រាក់សរុប ទុកជាលុយសន្សំ។  វិធីសាស្រ្តនេះត្រូវបានផ្ដល់ដោយមនុស្សដែលជោគជ័យផ្នែកហិរញ្ញវត្ថុជាច្រើននាក់។  គន្លឹះនេះទទួលបានផលពីរយ៉ាងពិតៗគឺ៖ ទីមួយ អ្នកនឹងចាប់ផ្តើមក្លាយជាមនុស្សចេះសន្សំប្រាក់  និងមានទម្លាប់សន្សំប្រាក់ជាប់ខ្លួនរហូតទៅ។ ទី២  អស់បារម្មណ៍ថានឹងចាយលុយ មិនដល់ចុងខែទៀតហើយ ព្រោះអ្នកមានប្រាក់សន្សំផ្ទាល់ខ្លួន។

២.ធ្វើបញ្ជីកត់ត្រាការចំណាយជារៀងរាល់ថ្ងៃ៖ មនុស្សជាច្រើនតែងមើលរំលងពីសារៈសំខាន់នៃការធ្វើបញ្ជីចេញចូល  ប៉ុន្តែវាមានប្រយោជន៍ខ្លាំងណាស់ ក្នុងការពិនិត្យតម្លៃអំពីរបៀបនៃការប្រើប្រាស់លុយរបស់ខ្លួន។ ជាការពិតណាស់ អ្នកមិនអាចចងចាំបានគ្រប់រាល់ការចំណាយជាប្រចាំថ្ងៃរបស់អ្នក បានគ្រប់រឿងនោះទេ ដូច្នេះប្រសិនបើអ្នកបានកត់ត្រានូវអ្វីដែលបានចំណាយ  នោះគឺអាចជួយឱ្យអ្នកបកស្រាយប្រាប់សមាជិកគ្រួសារបានយ៉ាងងាយ  និងមិនចាំបាច់ឆ្ងល់ថាតើ ប្រាក់បាត់ទៅណាអស់?  ម្យ៉ាងទៀតវានឹងអាចជួយ ឱ្យអ្នកចេះធ្វើការប្រៀបធៀប  និងកាត់ការចាយវាយណាដែលមិនចាំបាច់ចេញ។  បច្ចុប្បន្នអ្នកក៏អាចប្រើសៀវភៅកត់បញ្ជី នៅលើបណ្ដាញអេឡិចត្រូនិកបានដែរតាមរយៈស្មាតហ្វូន  វាចំនេញពេលវេលា  និងឆាប់រហ័សជាងការកត់ត្រានៅក្នុងសៀវភៅសរសេដៃផងដែរ។

៣.រៀបចំគម្រោង សម្រាប់ការចំណាយទុកជាមុន៖ បន្ថែមពីលើការសន្សំប្រាក់ចំណូល និងការធ្វើបញ្ជីប្រាក់ចំណាយ យើងពិតជាអាចដឹងពីចំនួនទឹកប្រាក់ប្រចាំខែគិតជាមធ្យមមិនខាន។ នៅពេលដែលប្រាក់ចំនាយតិចជាងប្រាក់ចំណូល នោះបញ្ជាក់ថាអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុក្នុងគ្រួសារបានហើយ។  អ្នកត្រូវចេះរៀបចំគ្រោងការបម្រុងទុកជាមុន សម្រាប់ការចំណាយដូចជា៖ ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃអាហារផ្សេងៗជាដើមឱ្យបានត្រឹមត្រូវច្បាស់លាស់។ កាត់បន្ថយការចំណាយឥតប្រយោជន៍ដូចជា៖ ទិញសម្លៀកបំពាក់ថ្លៃៗ ចូលហាងទំនើបៗ មើលកុន ឬធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយៗច្រើនហួសហេតុពេក។ ត្រូវចងចាំថាអ្នកគួរចៀសវាងការចំណាយណា ដែលពុំបានរៀបចំទុកជាមុនដូចជា៖ ឧស្សាហ៍ចេញទៅញ៉ាំអាហារនៅក្រៅផ្ទះ  ងប់នឹងការដើរផ្សារ  ឬងប់នឹងការមើលកុន...ជាដើម។  អ្នកអាចកំណត់នៅក្នុងចិត្ត ឱ្យច្បាស់ថាត្រូវប្រើលុយ ៥០% សម្រាប់ការចំណាយជាប្រចាំ   ២៥%សម្រាប់ការទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និង២៥%ទៀត ទុកជាប្រាក់សន្សំ។ 

៤.កត់ត្រារបស់ដែលត្រូវទិញ៖ មនុស្សមួយចំនួនធំ មិនបានកត់ត្រានូវអ្វីដែលពួកគេត្រូវទិញឡើយ​ពេលទៅផ្សារម្តងៗ  ចំណុចនេះអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែន  ព្រោះការដើរផ្សារចៀសមិនផុត ពីការប្រទះឃើញរបស់ដែលស្រឡាញ់ពេញចិត្តនោះទេ។ ពេលនោះអ្នកនឹងពិបាកធ្វើការសម្រេចចិត្តថា  តើគួរទិញរបស់ត្រូវការជាចាំបាច់ ឬរបស់ដែលអ្នកចង់បាន?  វិធីល្អតែមួយគត់ ដែលអាចជួយអ្នកឱ្យចំណាយបានល្អប្រសើរ គឺត្រូវសរសេរកំណត់ត្រាវត្ថុ ដែលត្រូវទិញទុកជាមុន ឱ្យបានរៀបរយសិន រាល់ពេលចេញទៅទិញឥវ៉ាន់នៅផ្សារ។  ដូច្នេះនឹងធ្វើឱ្យខ្លួនអ្នកផ្ទាល់​ ដឹងយ៉ាងច្បាស់ថា គួរទិញអ្វីជាមុន និងទិញអ្វីក្រោយ។

៥.វាយតម្លៃការចំណាយនៅចុងខែនីមួយៗ៖ ធ្វើការបូកសរុបថវិកាដែលនៅសេសសល់ជារៀងរាល់ចុងខែ  ហើយបន្ទាប់មកគូសក្រាហ្វនៅលើកុំព្យូទ័រ ឬក្នុងសៀវភៅបញ្ជីតាមខែនីមួយៗ  មើលថាប្រាក់សន្សំអ្នកកើនដល់កម្រិតណាហើយ បើបូកបញ្ចូលទាំងប្រាក់ ដែលនៅសល់ពីការចំណាយផងនោះមានចំនួនប៉ុន្មាន? បើសិនជាក្រាហ្វដែលអ្នកបានគូស មានការកើនឡើងបន្តិចម្តងៗនោះ វានឹងធ្វើឱ្យអ្នកមានកម្លាំងចិត្តតស៊ូធ្វើវាបន្តទៀត។ បុគ្គលជោគជ័យតែងនិយាយថា ពេលឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងនៅនឹងមុខច្បាស់ៗបែបនេះ វាគឺជារឿងមួយដែលផ្ដល់នូវការលើកទឹកចិត្តចំពោះខ្លួនឯង។  ចុងបញ្ចប់អ្នកនឹងរីករាយជាមួយការប្រើលុយប្រកបទៅដោយទំនុកចិត្តជានិច្ច  មិនថាជួបស្ថានការណ៍ពិបាកយ៉ាងណាក្តី។

ឃើញទេគ្រាន់តែវិធីសាស្រ្តងាយៗទាំងនេះ ក៏អាចធ្វើឱ្យអ្នកមានលុយកាក់ចាយវាយបរិបូរណ៍ជារៀងរាល់ខែបានដែរ។  ដូចនេះអ្នកមានជាច្រើននាក់ ដែលទទួលបានជោគជ័យ គឺមិនមែនដោយសារតែជោគវាសនា ឬព្រហ្មលិខិតកំណត់នោះទេតែវាបានមកពីការដាក់វិន័យហិរញ្ញវត្ថុឱ្យខ្លួនឯងបានត្រឹមត្រូវ។ នៅពេលណាដែលអាចធ្វើវាឱ្យកើតទៅជាទម្លាប់បាន  នោះអ្នកនឹងរីករាយជាមួយនឹងជីវិតកាន់តែច្រើនឡើងៗ  ហើយអ្នកនឹងគ្មានបញ្ហាចាយលុយមិនដល់ចុងខែទៀតនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីសាស្ត្រ ចាយលុយឱ្យដល់ចុងខែ សម្រាប់អ្នកធ្វើការ!

វិធីសាស្ត្រ ចាយលុយឱ្យដល់ចុងខែ សម្រាប់អ្នកធ្វើការ!

វិធីសាស្ត្រ ចាយលុយឱ្យដល់ចុងខែ សម្រាប់អ្នកធ្វើការ!