ឱ​ស្ទឹង​សែន​អើយ! ធ្វើ​ឱ្យ​គេឆ្ងល់​ហើយ​

ខេត្ត​កំពង់ធំ ៖ បន្ទាប់​ពី​​ទឹកស្ទឹង​សែន មានការ​ប្រែ​ចម្លែក​​ទៅ​ជា​ពណ៌​ស្លែ ឬ​ពណ៌​បៃតងចាស់​រយៈពេល​៥​ថ្ងៃ​មក​​នោះ នៅ​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ នេះ គេសង្កេត​ទឹកស្ទឹង​សែន​ បាន​​ផ្លាស់​ប្តូរ​​ពណ៌​មក​​សភាព​​​ធម្មតា​វិញ​​ហើយ ខណៈ​ប្រជាពលរដ្ឋ​កំពុង​​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​នៅ​ពេល​​​ប្រើប្រាស់​ទឹក​​នោះ ។

ពាក់ព័ន្ធ​នឹង​ទឹកស្ទឹង​​សែននៅ​ថ្ងៃ​ដដែល​នេះ លោក​តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​ឱ្យ​ដឹង​​​ថា លោក​បាន​យក​ទឹក​ស្ទឹង​នេះ ​ទៅ​ធ្វើការ​ពិសោធន៍​នៅ​ឡា​បូក្នុងក្រសួងបរិស្ថាន​ហើយ រយៈពេល​៣​ថ្ងៃ​ទៀត ទើប​ដឹង​លទ្ធផល ។

តែបើ​យោង​តាម​ប្រជាពលរដ្ឋ​ខ្លះ​​​និយាយ​ថា ទឹកស្ទឹងសែន​ ​មាន​ពណ៌​បៃតងចាស់​​​ គឺ​បណ្តាល​មក​ពី​ឆ្នាំ​​នេះ យើង​​ជួប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត​​យូរ​ខែ​ពេក ទើប​ធ្វើ​ឱ្យ​ប្រភព​ទឹកស្ទឹង ត្រពាំង បឹង​បួរ​​ដែល​នៅ​ប៉ែក​ខាងលើ​ក្បាល​ស្ទឹង ​ឡើង​ពណ៌​ស្លែ ដល់​ពេល​​ដែល​មាន​ភ្លៀង​ជោកជាំ​ពេញ​អូរស្ទឹង​នៅ​ខាង​ស្រុកលើ ទើប​ធ្វើ​ឱ្យ​ទឹក​ហូរ​មក​ខាងក្រោម ក៏​ក្លាយជា​ពណ៌​បៃតង​តែ​ម្តង ។

គួររំលឹកថា ដោយសារ​តែ​ទឹកស្ទឹង​សែន​ដែល​ធ្លាប់តែ​ថ្លា និង​កករ​ល្អក់ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ​នោះ ស្រាប់តែ​រយៈ​២-៣​ថ្ងៃនេះ ទឹកស្ទឹង​សែន​ប្រែ​ពណ៌​ទៅ​ជា​បៃតងចាស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តកំពង់ធំ​មួយ​ចំនួន​ដែល​ពួក​លោក​ប្រើប្រាស់​ទឹកស្ទឹង​សែន មានការ​ព្រួយបារម្ភ​ថា នៅ​ពេល​យក​ទឹក​នេះ​ទៅ​ទទួលទាន អាច​បណ្តាល​ឱ្យ​មាន​អាកា​រៈ​ជំងឺ​តម្កាត់​កើតឡើង ។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ មេត្តា​ជួយ​មាន​វិធានការ​ចុះ​ពិនិត្យ​ផង តើ​បណ្តាល​មក​ពី​អ្វី?

ពាក់ព័ន្ធ​រឿង​ទឹកស្ទឹង​សែន​ប្រែ​ពណ៌​ទៅ​ជា​បៃតងចាស់​នេះ លោក​ប្លោក ចាន់រ​ដ្ឋា ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រាប់​ថា ខាង​មន្ទីរ​របស់​លោក មាន​ជំនាញ​តែ​ខាង​សារជាតិ​គីមី​ប៉ុណ្ណោះ ។ ហើយ​បន្ទាប់​ពី​បាន​ដឹក​រឿង​នេះ ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​ដង​យក​ទឹក​នោះ​មក​ធ្វើការ​ពិសោធន៍ មើល​ក្រែង​មាន​សា​ធាតុគីមី​នៅ​ក្នុង​ទឹក បានជា​មាន​ពណ៌​បៃតងចាស់ តែ​លទ្ធផល​រក​ឃើញ​ថា ពុំ​មាន​ជាតិ​គីមី​ទេ ។