ចង់​ដឹង​អត់ ! ម្ចាស់ផ្ទះ​ស្រុត​នៅ​ព្រែក​លៀប​ប្តឹង​ទាមទារ​សំណង​ប៉ុន្មាន?

រាជធានី​ភ្នំពេញ ៖ លោក មាស ឆុ​ន ជា​ម្ចាស់ផ្ទះ​ស្រុត​ចូល​ទៅ​ក្នុង​ទឹក​បឹង កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទាមទារ​សំណង​ការ​ខូចខាត​ចំនួន​២៥​ម៉ឺន​ដុល្លារ​ ខណៈ​អ្នកម៉ៅការ​ចាក់​ដី​បាន​រត់គេច​ខ្លួន​បាត់ ។

សូម​បញ្ជាក់​ថា ផ្ទះ​បើក​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ «​បឹង​សំរោង​» ដែល​មាន​ម្ចាស់​ឈ្មោះ មាស ឆុ​ន ជា​មន្ត្រី​យោធា បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹក​បឹង ដោយសារ​អ្នក​ជិតខាង​ដឹក​ខ្សាច់​ចាក់​បំពេញ​ដី​ក្បែរ​នោះ​បណ្តាល​ឱ្យ​កាច់​ជើង​សរសរ​បាក់​ចូល​ទៅ​ក្នុង​ទឹក​លិច​ជិត​ដល់​ដំបូល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចោមរោម​មើល​យ៉ាងច្រើន​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មិថុនា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ព្រែក​លៀប ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា លោក​មិន​បាន​ប្តឹង​ទាម​ទារជំងឺចិត្ត​អ្វី​នោះ​ទេ គឺ​លោក​ប្តឹង​ទាមទារ​ថ្លៃ​សំណង់ និង​សម្ភារ​ខូចខាត​ប៉ុណ្ណោះ ។ តាម​ការ​វាយតម្លៃ​របស់​អ្នកជំនាញ​ខាង​សំណង់​បាន​ឲ្យ​ដឹង​ថា សំណង់​របស់​លោក​អាច​មាន​តម្លៃ​ប្រមាណ​ជា​៧​ម៉ឺន​ដុល្លារ រួម​ជាមួយ​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត សរុប​ទាំងអស់​២៥​ម៉ឺន​ដុល្លារ លោក​ទាមទារ​ឲ្យ​គេ​សង​តែ​ប៉ុន្នឹង​ទេ ។

លោក​លោក មាស ឆុ​ន បាន​បញ្ជាក់​ថា អ្នក​ចាក់​ដី​ឈ្មោះ សែ មាន​ទីលំនៅ​នៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ចំណែក​ម្ចាស់​ដី​ឈ្មោះ អៀង ម៉ា​លី ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​មាន​ហេតុការណ៍​បាក់​ស្រុត​ផ្ទះ​នេះ​កើតឡើង អ្នកម៉ៅការ​ចាក់​ដី​បាន​រត់គេច​ខ្លួន​បាត់ មិន​ព្រម​ចូល​មក​ទទួល​ការ​ខុស​ត្រូវ​ឡើយ ហើយ​អាជ្ញាធរ​ខណ្ឌ លោក ឃ្លាំង ហួត ក៏​បាន​បញ្ជា​ឱ្យ​យក​គ្រឿងចក្រ​របស់​អ្នក​បង្ក​មក​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ៕