ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ

ពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា ៣​មករា និង​សហគមន៍​បឹងកក់ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា នេះ បាន​នាំ​គ្នា​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សួរ​នាំ​ពី​លទ្ធផល​ដីធ្លី ក្រោយ​ពី​ពួក​គាត់​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ។

ពលរដ្ឋ​នៃ​សហគមន៍​ទាំង​ពីរ​អះអាង​ថា ពួក​គាត់​នៅ​មិន​ទាន់​ទទួល​លទ្ធផល​នៅ​ឡើយ​ទេ។

ពលរដ្ឋ​សហគមន៍​បុរីកីឡា ១៨​គ្រួសារ ដែល​មិន​ទាន់​បាន​ទទួល​ដំណោះស្រាយ​ដីធ្លី ក្នុង​នោះ​សហគមន៍​បុរីកីឡា ៣​មករា ចំនួន ៣​គ្រួសារ និង​សហគមន៍​បឹងកក់​ចំនួន​ប្រាំពីរ​គ្រួសារ បាន​រង់ចាំ​នៅ​ក្រៅ​របង​សាលា​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​មួយ​ម៉ោង ទើប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​តំណាង​ទាំង​ពីរ​ចំនួន ៨​នាក់​ចូល​ជួប។

តំណាង​សមាគម​ស្ត្រី​បឹងកក់ លោកស្រី ហុង សុខខេង ដែល​បាន​ចូល​ជួប​ជាមួយ​ក្រុម​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា លោកស្រី​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ ដោយសារ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស មិន​មាន​វត្តមាន​នៅ​ទីនោះ គឺ​លោក​មាន​ភារកិច្ច​ទៅ​ក្រៅ​ប្រទេស។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោកស្រី​ទទូច​ស្នើ​ដល់​រាជ​រដ្ឋាភិបាល​ក្តី លោក ជា សុផារ៉ា ក្តី និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្តី ជួយ​ដោះស្រាយ​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​តម្លាភាព​ជូន​ពួក​គាត់​ផង៖ «»

ជុំវិញ​រឿង​នេះ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ​គួរ​តែ​ដោះស្រាយ​បញ្ចប់​ជូន​ពលរដ្ឋ​ដែល​នៅ​សល់ ព្រោះ​រឿង​នេះ​បាន​អូស​បន្លាយ​ជា​យូរ​មក​ហើយ។ លោក​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​គណបក្ស​កាន់​អំណាច បើ​មិន​មាន​ដំណោះស្រាយ​នោះ​ទេ៖ «»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា នេះ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​នៃ​សហគមន៍​ទាំង​ពីរ​នេះ អះអាង​ថា ពួក​គាត់​នឹង​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ​រហូត​ទទួល​បាន​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។