មាន​ជន​ក្លែងបន្លំ​ធ្វើ​ជា​មន្ត្រី​ខុទ្ទកាល័យ​ក្រសួងសុខាភិបាល​ ដើរ​បោកប្រាស់​គេ

មាន​ជន​ក្លែងបន្លំ​ធ្វើ​ជា​មន្ត្រី​ខុទ្ទកាល័យ​ក្រសួងសុខាភិបាល​ ដើរ​បោកប្រាស់​គេ



ភ្នំពេញ​ ៖ ​ខុទ្ទកាល័យ​ក្រសួងសុខាភិបាល​បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​២២ ខែ​​មិថុនា ​ឆ្នាំ​២០១៦​បដិសេធ​នឹង​ជន​ក្លែងបន្លំ​ចំនួន​ពីរ​រូប​ ដែល​បន្លំ​ជា​មន្ត្រី​ខុទ្ទកាល័យ​ក្រសួងសុខាភិបាល​ដើរ​បោកប្រាស់​គេ។
នៅ​ក្នុង​លិខិត​នោះ​បាន​សរសេរ​ថា ​ខុទ្ទកាល័យ​ក្រសួងសុខាភិបាល​បាន​ទទួល​ព័ត៌មាន​មក​ថា​មាន​ជនខិលខូច​ចំនួន​ពីរ​នាក់​ បាន​ក្លែងបន្លំ​ធ្វើជា​មន្ត្រី​ខុទ្ទកាល័យ​ក្រសួងសុខាភិបាល​ដែល​ទី​១​មានឈ្មោះ​ឡេង​លេខ​ទូរស័ព្ទ​០៩៦៩៦១៦៣០៦​ និង​ទី​២​ឈ្មោះ​ម៉េង ​ទូរស័ព្ទ​លេខ​០៨៨៥៨៥៣៧១៣​ជា​អ្នក​រត់ការ​បម្រើ​ការ​នៅ​ខុទ្ទកាល័យ​ក្រសួងសុខាភិបាល។

ខុទ្ទកាល័យ​ក្រសួងសុខាភិបាល​សូម​ធ្វើការ​បដិសេធ​ជាដាច់ខាត​ថា​ នៅ​ខុទ្ទកាល័យ​ក្រសួង​សុខាភិបាល​ពុំមាន​ឈ្មោះ​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ​ទេ។ អាស្រ័យហេតុនេះ​សូម​សាធារណជន​ជ្រាប​និង​កុំ​ជឿ​លើ​ការបោកប្រាស់​ហើយ​ បើ​ឃើញ​ជនខិលខូច​ទាំង​នេះ​ មាន​ទំនាក់ទំនង​ត្រូវ​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ផ្ដន្ទាទោស​ពី​បទ​ក្លែងបន្លំ​អត្តសញ្ញាណ។

បើ​តាម​មន្ត្រី​ខុទ្ទកាល័យ​បាន​ប្រាប់​ថា ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ពី​ការ​ក្លែងបន្លំ​រួចមក​ លេខ​ទូរស័ព្ទ​ទាំង​ពីរ​ខ្សែ​ខាង​លើ​នេះ​ មិន​អាច​ទំនាក់ទំនង​បានទេ​ពោល​គឺ​បាន​បិទ​ឈប់​ប្រើ​តែ​ម្ដង៕