ចៅក្រម​តុលាការ​ដោះលែង​លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា​ឲ្យ​នៅ​ក្រៅ​ឃុំ​

ចៅក្រម​តុលាការ​ដោះលែង​លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា​ឲ្យ​នៅ​ក្រៅ​ឃុំ​



ភ្នំពេញ ៖ លោក​ឡុង កេស ភិរម្យ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៦​នេះ​ បាន​សម្រេច​ដោះលែង​លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ​ក្រោយ​ពី​ឃុំខ្លួន​បាន​២​សប្ដាហ៍។

សូម​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៦ បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក ឧកញ៉ា ស៊ឹង ប៊ុណ្ណា មកកាន់​តុលាការ​ដើម្បី​សាកសួរ​បន្ថែម​ក្នុង​សំណុំរឿង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ ដែល​អាច​ជួញដូរ​បាន ( ចេញ​សែក​អត់​ប្រាក់ )។

លោក ឧកញ៉ា ស៊ឹង ប៊ុណ្ណា​បាន​បដិសេធ​មិន​ឆ្លើយតប​ជាមួយ​អ្នក​សារព័ត៌មាន ​ដែល​សាកសួរ​លោក​ទេ ខណៈ​អនុរក្ស​នាំ​ខ្លួន​លោក​ទៅ​មន្ទីរឃុំឃាំង​វិញ ដោយ​លោក​បាន​ប្រាប់​ឲ្យ​ទៅ​សាកសួរ​មេធាវី​របស់​លោក​វិញ។

លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រម​ហ៊ុន​វាយ​តម្លៃ​ចលនទ្រព្យ​ប៊ុណ្ណា​ធី​រៀល​គ្រុប​ ត្រូវ​បាន​សមត្ថកិច្ច​ក្រ​សួង​មហាផ្ទៃ ចាប់ខ្លួន​កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៦ ពាក់ព័ន្ធ​ករណី​ចេញ​សែក​ឲ្យ​ទៅ​ម្ចាស់បំណុល​ចំនួន ៤០​ម៉ឺន​ដុល្លារ តែ​សែក​នោះ​អត់​លុយ​ម៉ា​រៀល​សោះ។ ដើមបណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ គឺ​លោក កែវ ហ៊ុន ដែល​បាន​ឲ្យ​ប្រាក់​ទៅ​លោក ស៊ឹង ប៊ុណ្ណា​ខ្ចី​រក​ស៊ី។ លុះដល់​ថ្ងៃ​កំណត់​សង​លោក​ ស៊ឹង ប៊ុណ្ណា បែរ​ជា​ចេញ​សែក​ឲ្យ​ម្ចាស់បំណុល ហើយ​សែក​នោះ​អត់​លុយ​ទៀត​ទើប​មាន​បញ្ហា​ធំ​បែបនេះ។

លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​តុលាការ​ចោទ​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន តាម​មាត្រា ២៣១ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​នៅ​ល្ងាច​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦​នោះ លោក​ចៅក្រម ឡុង កេស​ភិរម្យ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី ​ធ្វើការ​ស៊ើប​អង្កេត​នៅ​ពេល​ក្រោយ​ទៀត៕