វិចិត្រ ធ្វើ​ការ​តាម​វត្ត ១ខែ​រក​បាន ១៥០០-២០០០ ដុល្លារ

បើមើលតាមជញ្ជាំងព្រះវិហារ អ្នកប្រាកដជាឃើញគំនូរប្លែកៗ បែបពុទ្ធសាសនាជាច្រើន ដែលគំនូរទាំងនោះសុទ្ធតែចេញពីស្នាដៃ ដ៏ឆ្នើមរបស់សិល្បករចំណានៗ។ យ៉ាងណាមិញ វិចិត្រករមួយរូបលោក ឈុន វិចិត្រ បានប្រាប់ Sabay ថា របរនេះ អាចឱ្យលោករកចំណូលបានចន្លោះពី ១ ៥០០ ទៅ ២ ០០០ ដុល្លារក្នុងមួយខែ។

វិចិត្រ ធ្វើ​ការ​តាម​វត្ត ១ខែ​រក​បាន ១៥០០-២០០០ ដុល្លារ

ជាងគំនូររស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងរូបនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃ លោកអាចគូរបាន ៥ ការ៉េ ហើយក្នុងមួយការ៉េ លោកស៊ីថ្លៃ ២០ ដុល្លារអាមេរិក។

បុរសវ័យ ៣៦ ឆ្នាំបន្តថា ព្រះវិហារមួយលោកត្រូវចំណាយពេលគូរយ៉ាងយូរពី ៦ ខែឬលើសនេះ ប៉ុន្តែទោះបីជាយ៉ាងណា លោកថាប្រាក់ដែលរកបាន មិនធ្វើឱ្យជីវភាពគ្រួសាររបស់លោក មានខ្លាំងឡើយ ពោលគឺបានត្រឹមតែសមរម្យប៉ុណ្ណោះ ព្រោះមិនមែនគេចេះតែមានការងារឱ្យលោកធ្វើរាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំនោះទេ។

ឈុន វិចិត្រ បញ្ជាក់ថា៖ “មួយខែ ១៥០០០ ទៅ ២០០០ ដុល្លារហ្នឹង យើងរក (ម៉ូយ) ខ្លួនឯង តែបើគេខ្វះអ្នកគូរ ហើយហៅយើងទៅជួយ យើងបានតែ ១ ពាន់ ឬក្រោម ១ ពាន់ តាមភាគរយដែលគេឱ្យ។ ប៉ុន្តែពេលអត់អីធ្វើ ខ្ញុំយកលុយហ្នឹង មកចាយវិញ គិតៗទៅបានតែម៉ាសមរម្យ ឱ្យធូរធារនោះមិនធូរធារទេ”។

ចំពោះការគូរវិញ បុរសកូនពីរដដែលថា មិនមានរូបភាពមើលទេ គឺអានសាច់រឿងឱ្យចាំ បិទភ្នែកស្រមៃគូរតែម្ដង។ ពេល Sabay សួរថា លោកពិបាកទេ ពេលគូរគំនូរបែបពុទ្ធសាសនានេះ លោកវិចិត្រ ប្រាប់ថា គ្មានអ្វីចោទជាបញ្ហាទេ ព្រោះវាជាអាជីពរបស់លោកទៅហើយ ប៉ុន្តែគ្រាន់ថា ការងារនេះស្ងប់ស្ងាត់បន្តិច មិនសូវបានដើរហើរ និងឃើញមនុស្សម្នាខាងក្រៅដូចគេឡើយ។“ខ្ញុំចង់ធ្វើការដូចពួកបងវិញ ព្រោះបានដើរលេងជួបមនុស្សច្រើន តែធ្វើមិចវាជាអាជីពរបស់ខ្ញុំ បើអត់ធ្វើ អត់កើត។ តែគ្រាន់ស្រួលត្រង់ថា យើងចង់ឈប់ យើងអាចសុំគេបាន”។ លោក វិចិត្រ បន្ថែម។

វិចិត្រ ធ្វើ​ការ​តាម​វត្ត ១ខែ​រក​បាន ១៥០០-២០០០ ដុល្លារវិចិត្រករ ឈុន វិចិត្រ

កាលនៅបឋមសិក្សា លោកចូលចិត្តឆ្លាក់អក្សរ រហូតនាយកសាលា ឱ្យលោកឆ្លាក់ក្បាលបញ្ជីឈ្មោះសិស្ស កាលវិភាគ និងថ្នាក់ជាដើម ប៉ុន្តែលោកមិនទាន់ចេះគូរទេកាលនោះ…។ ឆ្នាំ ១៩៩៨ លោកបានទៅបាត់ដំបង ធ្វើការបុគ្គលិករោងពុម្ពមួយ។ ពេលធ្វើការលោកបានស្គាល់មិត្តភ័ក្ដិម្នាក់ រៀននៅសាលាបារាំង (អត់ចាំឈ្មោះ) និងបានណែនាំលោកឱ្យរៀនគូរជាមួយអ្នកឯកទេសខ្មៅដៃ (គូរប្រើខ្មៅដៃ)។ យ៉ាងណាលោក វិចិត្រ បានប្រាប់ថា លោករៀនបានបន្តិចបន្តួចប៉ុណ្ណោះ។

ពេលធ្វើការក្នុងរោងពុម្ពបានមួយឆ្នាំ លោកបានលាឈប់ ហើយក៏បើករោងពុម្ព និងហាងគំនូរមួយ ជាមួយឪពុកមារបស់ខ្លួន ប៉ុន្តែដោយមើលថាមិនជោគជ័យ លោកក៏បានសុំឈប់ ហើយដើរគូរគំនូរតាមគម្រោង របស់មជ្ឈមណ្ឌលកម្ចាត់មីន ស៊ីម៉ាក់ ក្នុងឆ្នាំ ២០០១-២០០២។ ចាប់ពី ២០០២ លោកក៏បានដើរគូរគំនូរ តាមបែបពុទ្ធសាសនា នៅតាមព្រះវិហារ រហូតដល់សព្វថ្ងៃ៕

ប្រភព៖ sabay

  • វិចិត្រ ធ្វើ​ការ​តាម​វត្ត ១ខែ​រក​បាន ១៥០០-២០០០ ដុល្លារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: