មេទ័ព​អាមេរិក​៖ បើ​រុស្ស៊ី​វាយលុក ណា​តូ​មិនអាច​ការពារ​បាល់​ទិ​ក​បានទេ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-23-2016, 4:26 pm         2099

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេទ័ព​អាមេរិក​៖ បើ​រុស្ស៊ី​វាយលុក ណា​តូ​មិនអាច​ការពារ​បាល់​ទិ​ក​បានទេ​រូបថត៖ AFP​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ទ្វីបអឺរ៉ុប បាន​ព្រមាន​កងកម្លាំង​ណា​តូ ថា នឹង​មិនអាច​ការពារ​ប្រទេស​ក្នុង​តំបន់​បាល់​ទិ​ក​បានទេ ប្រសិន​កង​ទ័​រុស្សី​វាយលុក​នោះ​។ នៅ​សប្ដាហ៍​មុន ណា​តូ ក៏​សម្រេច​បញ្ជូន​កងទ័ព​បួន​វរ​សេនា​តូច ទៅកាន់​ប្រទេស​បួន​ក្នុង​តំបន់​នេះ ដើម្បី​ទប់ទល់​ការវាយប្រហារ​ណាមួយ ពី​សំណាក់​រុស្សី ប៉ុន្តែ​ចំនួន​នេះ​ហាក់ដូចជា​មិន​គ្រប់គ្រាន់​ឡើយ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ខណៈដែល​ណា​តូ និង​រុស្សី កំពុងតែ​ពង្រឹង​កម្លាំងយោធា​រៀងៗ​ខ្លួន មេទ័ព​អាមេរិក​នៅ​ទ្វីបអឺរ៉ុប លោក​ឧ​ត្ត​ម​សេនីយ៍ Ben Hodges បង្ហើប​ថា ពេលនេះ កងទ័ព​រុស្សី អាច​ដណ្ដើម​តំបន់​បាល់​ទិ​កបាន​លឿន​ជាង​អ្វីដែល​បក្សសម្ព័ន្ធ​ណា​តូ​អាចជួយ​បាន​ទៅទៀត​។ ពោលគឺ ណា​តូ​មិនអាច​ការពារ​រដ្ឋ​ក្នុង​តំបន់​បាល់​ទិ​ក ប្រឆាំងនឹង​កម្លាំង​ទ័ព​រុស្សី​ទេ ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់​នេះ​។

​មេបញ្ជាការ​រូបនេះ ក៏​ឯកភាព​លើ​ការវាយតម្លៃ​នានា ដោយ​អ្នកវិភាគ​យោធា ដែល​អះអាងថា កងកម្លាំង​រុស្សី អាច​ឈ្លានពាន​ដល់​រដ្ឋធានី នៃ​ប្រទេស​ឡា​ត់​វី លី​ទុយ​អា​នី និង​អេ​ស្តូ​នី តែ​ក្នុង​ចន្លោះ​៣៦​ម៉ោង ទៅ​៦០​ម៉ោង ប៉ុណ្ណោះ​។​

​លើសពីនេះទៅទៀត បើ​យោងតាម​ទីភ្នាក់ងារ AFP លោក​ឧ​ត្ត​ម​សេនីយ៍ Ben Hodges បញ្ជាក់ដែរថា កងកម្លាំង​ណា​តូ រកឃើញ​ចំណុច​អសកម្ម​ជាច្រើន ក្នុង​ពេលធ្វើ​សមយុទ្ធ​យោធា​នៅ​ប៉ូឡូញ នាពេល​ថ្មីៗ​នេះ​។ ជាក់ស្ដែង​នោះ ឧបករណ៍​យោធា​ធុន​ធ្ងន់ មិនអាច​ដឹកជញ្ជូន​បាន​លឿន ពី​តំបន់​ខាងលិច ទៅខាង​កើត​នោះទេ ដែល​នោះ​បង្ក​ជាការ​ព្រួយបារម្ភ​ចំពោះ​បច្ចេកវិទ្យា​ដឹកជញ្ជូន​របស់​សម្ព័ន្ធ​យោធា​ណា​តូ​។​

​ក្រៅពីនេះ​ផលវិបាក​នៃ​ការបញ្ជូន​យុទ្ធោបករណ៍​ទៅកាន់​សមរភូមិ លោក Ben Hodges ក៏​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ទំនាក់ទំនង​តាម​វិទ្យុ ឬ​អ៊ី​ម៉ែ​ល ក៏​មិនមាន​សុវត្ថិភាព​ដែរ​។ លោក​បន្តថា អ្វីៗ​ដែល​លោក​សរសេរ លើ​ទូរ​សព្ទ​របស់លោក ដូចជា​ត្រូវបាន​តាមដាន​ទៀតផង​។ បញ្ហា​ទាំងនេះ អាចជា​មូលហេតុ ដែល​នាំ​ឲ្យ​មេទ័ព​រូបនេះ បង្ហាញ​ការព្រួយបារម្ភ ចំពោះ​សមត្ថភាព​របស់​បក្សសម្ព័ន្ធ​ណា​តូ ប្រសិនបើ​មានការ​ប៉ះទង្គិច​មែន​នោះ​។

​បក្សសម្ព័ន្ធ​យោធា​ណា​តូ កំពុងតែ​រៀបចំ​កងកម្លាំង​របស់​ខ្លួន​នៅ​តំបន់​បាល់​ទិ​ក​នេះ តាមរយៈ​ផែនការ​ពង្រាយ​ទ័ព​នៅ​ប្រទេស​ក្នុង​តំបន់​បាល់​ទិ​ក និង​នៅ​ប៉ូឡូញ​។ ប្រទេស​ទាំងនេះ ធ្លាប់​ស្ថិតក្រោម​គ្រប់គ្រង​របស់​រុស្សី នៅមុន​ការដួលរលំ​សហភាពសូវៀត ហើយ​ពួកគេ​ខ្លាចក្រែង​ថា រុស្សី​នៅតែមាន​បំណង​ត្រួតត្រា​ពួកគេ​ឡើងវិញ​។ ដោយសារ​បញ្ហា​នេះ ទើប​ណា​តូ ពង្រឹងកម្លាំង​យោធា​ផងដែរ​។​

​ជាការ​ឆ្លើយតប រុស្សី​ក៏​បន្ថែម​កម្លាំង​របស់ខ្លួន​ចំនួន​បី​អង្គភាព ដើម្បី​ជួយ​ទប់ទល់ នឹង​ការបង្កើន​កម្លាំង​នៅតាម​ព្រំដែន​របស់ខ្លួន​។ រុស្សី នឹង​បញ្ជូន​អង្គភាព​ទ័ព ដែល​ទើប​បង្កើត​ថ្មី ទៅកាន់​តំបន់​និរតី ដែល​ជាប់​នឹង​អឺរ៉ុប​ខាងកើត ខណៈ​ស្ថានការណ៍​តំបន់​នោះ មាន​លក្ខណៈ​ផុយស្រួយ​ខ្លាំងជាងគេ​៕